អាជ្ញាធរ​ដាក់​ផែនការ​សម្អាត​អនាម័យ​ឆ្នេរ​ខ្សាច់​កោះ​តូច សង្កាត់​កោះរ៉ុង ២​សប្តាហ៍​៣​ដង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2018 ក+ ក-

​ព្រះសីហនុ ៖ ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ជាពិសេស​ភ្ញៀវ​ជាតិ ដែល​បាន​ទៅ​កម្សាន្ត និង​ចុះ​ងូតទឹក​នៅ​ឆ្នេរ​ខ្សាច់​កោះ​តូច មាន​ទីតាំងនៅ​ភូមិ​កោះ​តូច សង្កាត់​កោះរុង ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​សំដែង​ការអបអរ​សារ​ទរ​ខណៈពេលដែល​ឃើញ​អាជ្ញាធរ​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ​តាម​ឆ្នេរ​ខ្សាច់​កោះ​តូច ប្រចាំ​សប្តាហ៍​។​

​លោក ឈឺ​ន ចន្ថា ចៅសង្កាត់ កោះរ៉ុង សន្លឹម ដឹកនាំ​ក្រុម​ការ រដ្ឋបាល​សង្កាត់ រួមសហការ ជាមួយនិង បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ ចុះ​សំអាត​អនាម័័យ​តាម ឆ្នេរ​ខ្សាច់ ក្នុង​មួយ​សប្តាហ៍​២​ដង ដើម្បីអោយ ទឹកសមុទ្រ​នៅ​ឆ្នេរ​ខ្សាច់​នេះ គ្មាន​ក្លិនស្អុយ ហើយ​គ្មាន​រមាស់​ស្បែក នៅពេល​ពួក​ចុះ​ងូតទឹក​សមុទ្រ​។​

​ភ្ញៀវទេសចរ​ជាតិ​ជាច្រើន​នាក់​មានប្រសាសន៍ថា ពួកគាត់​បាន​នាំ​ក្រុមគ្រួសារ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​សម្រាក លំហែ​នៅ​ឆ្នេរ​កោះ​តូច រៀងរាល់​មាន​ថ្ងៃ​បុណ្យទាន និង​ថ្ងៃ​ឈប់សំរាក ដើម្បី​ស្រូបយក​ខ្យល់អាកាស ដ៏​ល្អ​បរិសុទ្ធ និង​ងួ​ត ទឹក​ដ៏​ថ្លាឈ្វេង​នៅ​ទីនោះ​។​

​ប៉ុន្តែ​បើទោះបី​យ៉ាងនេះ​ក្តី​ក៏​នៅមាន ភ្ញៀវទេសចរ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​មួយក្រុម ដែល​បាន​ចូលទៅ​ទស្សនា​ឆ្នេរ​កោះ​តូច កាលពីដើម​ខែមេសា ឆ្នាំ​២០១៨​នេះ បាន​បង្ហោះ​សារ និង​ភ្ជាប់​ដោយ​រូបថត​ឆ្នេរ​កោះ​តូច​ផង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មាន​ខ្លឹមសារ​ថា ចូល​មកដល់​ឆ្នេរ​កោះ​តូច​ភ្លាម​ទទួល​ក្លិនស្អុយ​ពេញ​ច្រមុះ ព្រោះ​ឆ្នេរ​គ្មាន​អនាម័យ និង​មាន​អារម្មណ៍​ធុញទ្រាន់​មិន​ចង់​មកលេង​ឆ្នេរ​កោះ​តូច នៅលើ​កោះរុង​នេះ​ទៀត​ទេ​នា​ថ្ងៃ​ខាងមុខ​។

​ដំបូង​ឡើយ ភ្ញៀវទេសចរ​មួយក្រុម​នេះ មិនដឹងថា ក្លិនស្អុយ​នោះ ជា​ក្លិន​អ្វី និង​ចេញ​មកពី​ប្រភព​ណា​ទេ​…? ប៉ុន្តែ​ក្រោយមក​ទើប​ពួកគេ​ដឹងថា ក្លិនស្អុយ​នោះ គឺ​បាន​ភាយ​ចេញ​មកពី​ឆ្នេរ​ខ្សាច់​កោះ​តូច ដែលមាន​ខ្សាច់​សក្បុស ត្រូវ​ម្ចាស់​ភោជនីយដ្ឋាន ផ្ទះសំណាក់ ទីតាំង​ក្រុង​ហ៊ុន​ផ្សេងៗ និង​ហាង​លក់ទំនិញ​ជាដើម បាន​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​គ្មាន​សណ្តាប់ធ្នាប់​។​

​ភ្ញៀវទេសចរ​ទាំងនោះ បាន​សំណូមពរ​ដល់​អភិបាល​ក្រុង និង​អភិបាលខេត្ត​ព្រះសីហនុ ជួយ​មាន​វិធានការ​ទប់ស្កាត់​ការសង់​សំណង់​រឹងមាំ ឬ​រុះរើ​សំណង់​រឹងមាំ​ផ្សេងៗ ដែល​បាន​សង់​នៅតាម​ឆ្នេរ​ខ្សាច់​កោះ​តូច និង​ក្នុង​ទឹកសមុទ្រ ដើម្បី សង្គ្រោះ​ប រិ​ស្ថាន​ឆ្នេរ​កោះ​តូច​ឲ្យ​មាន​អនាម័យ និង​សោភណភាព​ដូចដើម​វិញ​។​

​ដើម្បី​ឆ្លើយ​តាម នៅ​និង បញ្ហា​នេះដែរ លោក ឈឺ​ន ចន្ថា ចៅសង្កាត់ កោះរ៉ុង សន្លឹម បានផ្តល់​បទសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ប្រចាំខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង ១៩​និង ០០​នាទី​នា​ថ្ងៃទី​១៣ ខែ មេសា ម្សិលមិញ​នេះ ថា​៖ ចំពោះ​បញ្ហា​នេះ​កខ្វក់​នេះដែរ លោក​ថា​៖​មាន​កត្តា​ពី​យ៉ាង កត្តា​ទីមួយ​បើ​ការ​ខ្វក់​នេះ បណ្តាលមកពី កត្តា​មនុស្ស លោក​អាច​ណែនាំ អោយ​ពួកគាត់​ចូលរួម​សំអាត​បាន​។ តែបើ​សិន​មកពី​កត្តា​ធម្មជាតិ​វិញ មានន័យថា មាន​ខ្យល់​បក់បោក រលក​ធំៗ នាំយក សំរាម​ពី គ្រប់ទិសទី​លោក មិនអាច​ណែនាំ​បានទេ ត្រង់ចំណុច​កន្លែង​នេះហើយ​ធ្វើអោយ​លោក​ឈឺក្បាល​នោះ​។​

​ចំណែក លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ លោក​ធ្លាប់មាន​ប្រសាសន៍ថា រដ្ឋបាលខេត្ត​ធ្លាប់​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​រស់នៅ​តាម​ឆ្នេរ​នេះ មិន​ឲ្យ​បន្ត​សង់​សំណង់​រឹងមាំ​ថ្មី​នៅតាម​ឆ្នេរ​កោះ​តូច​នេះ​ទៀត​ទេ ប៉ុន្តែ​ចំពោះ​សំណង់​រឹងមាំ​ដែល​សង់​រួច ឬ​ជា​សំណង់​ចាស់ៗ ត្រូវ​រក្សា​ឲ្យ​នៅ​សភាព​ធម្មតា​សិន ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ថ្ងៃ​ខាងមុខ​។​

​លោក​ថា ចំពោះ​បញ្ហា​បរិស្ថាន​នៅ​ឆ្នេរ​កោះ​តូច​នេះ មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាល​ក្រុង​-​ខេត្ត និង​អាជ្ញាធរ​សង្កាត់​កោះរុង ក៏​ធ្លាប់​ចុះ​ណែនាំ​អាជីវករ​នៅតាម​ឆ្នេរ​កោះ​តូច ឲ្យ​ជួយ​ថែរក្សា​បរិស្ថាន​ឆ្នេរ​នេះ​ជាប្រចាំ​។ ជាងនេះទៀត ក៏​ហាម​មិន​ឲ្យ​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ជាមុន និង​ហាម​មិន​ឲ្យ​នាំយក​តុ​កៅអី​ទៅ​ដាក់​លក់ដូរ​ចំណីអាហារ​ផ្សេងៗ​ជូន​ភ្ញៀវ​នៅលើ​ឆ្នេរ​ខ្សាច់​កោះ​តូច​ទៀត​ទេ ព្រោះ​នាំ​ឲ្យ​ខូច​សោភណភាព​ឆ្នេរ​ជាដើម​។​

​លោក យន្ត មីន​បាន​បន្តថា​៖ លោក បាន​រំឭក​ដល់​អាជីវករ​លក់ដូរ​នៅតាម​ឆ្នេរសមុទ្រ​ទាំងអស់ ឲ្យ​រួម​សហការគ្នា​ថែរក្សា​សម្អាត​អនាម័យ​ឆ្នេរ ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​បានជា​ប្រចាំ ដើម្បី​ឲ្យ​ឆ្នេរសមុទ្រ និង​ទីសាធារណៈ ក្នុង​ទីប្រជុំជន​ខេត្ត​នេះ​មាន​សោភណភាព​ល្អ និង​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ ឲ្យ​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ​កើន​ច្រើន​ថែម​ឡើង​ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាងមុខៗ​៕