ខឹង​ប្តី​មាន​ស្រី ជះ​ទឹក​អាស៊ីត​ដាក់​ប្តី​បណ្តាល​ឲ្យ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2018 ក+ ក-

​កំពង់ចាម ៖ ដោយសារ​ខឹង​នឹង​ប្តី​មាន​ស្រី ស្ត្រី​ម្នាក់​បាន​ជះ​ទឹក​អាស៊ីត​ទៅលើ​ប្តី បណ្តាល​ឲ្យ​រលាក​ពេញ​ខ្លួន​រហូត​បាត់​បង់ជីវិត កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​។
​លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ករណី​ជះ​ទឹក​អាស៊ីត ដែល​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​អូ​ជ្រូក ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដែល​បង្កដោយ​ស្ដ្រី​ជនដៃដល់​ម្នាក់​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួនបាន នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ធំ ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ ដោយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ព្រៃឈរ សហការ​ជាមួយ​ជំនាញ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង វុទ្ធី ស្នងការរង​ផែន​ព្រហ្មទណ្ឌ​។​
​លោក​ឩ​ត្ត​ម​សេនិយ៍ ស្នងការ​បញ្ជាក់ថា ស្ដ្រីជន​ដៃដល់​ឈ្មោះ ពិន ជា អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រក ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​តាម​ចំលើយសារភាព​របស់​ស្រី្ត​ដៃដល់ បាន​បញ្ជាក់ថា ការធ្វើ​បែបនេះ​គឺ​មកពី​នាង​ខឹង​នឹង​ប្តី​មាន​ស្រី​។ លោកស្នងការ​បានបញ្ជាក់​ថា ករណី​ជះ​ទឹក​អាស៊ីត​នេះ កើតឡើង​កាលពី​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូ​ជ្រូក ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ទៅលើ​ជនរងគ្រោះ​ជា​ប្ដី​ឈ្មោះ មិន នុ​ន អាយុ​៤១​ឆ្នាំ កំពុង​ដេក​នៅលើផ្ទះ បណ្តាល​ស្លាប់​ក្រោយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​៕