លែងគ្នា​២​ខែ សុំ​ណាត់​នាង​មកជួប​មិនបាន ស្ទាក់​កាប់​ទម្លាក់​ពីលើ​ម៉ូតូស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2018 ក+ ក-

​កណ្ដាល ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត ដោយសារ​អតីត​ប្តី​របស់​នាង​ដែល​បាន លែងលះគ្នា​រយៈពេល​ប្រមាណ​ជាង​២​ខែ យក​កាំបិតផ្គាក់​ស្ទាក់​កាប់​នាង​ពីក្រោយ ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​តាម ផ្លូវ ដោយសារ​ខឹង​នាង​មិន​ព្រមទៅ​ជួប​រូបគេ​តាម​ការ​ណាត់ ។​

​ជនសង្ស័យ​ម្នាក់​បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ប្រពន្ធ​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ប្រមាណ​ជាង​២​ខែ​ចំ​.​ក ខណៈដែល​ស្ត្រី​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ភ្លាមៗ ។ ករណី​ឃាតកម្ម​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​១៥​នាទី ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ ត្រង់ចំណុច​អនុវិទ្យាល័យ​កំពង់ចម្លង ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្ដ​កណ្ដាល ។​

​មន្ដ្រីនគរបាល​ស្រុក​លើកដែក​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ឈ្មោះ ទន់ ស្រី​ណ​យ អាយុប្រមាណ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្ដ​កណ្ដាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ រ៉ា ឆៃ​រ៉ាត់ ភេទ​ប្រុស អាយុប្រមាណ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ដ​កណ្ដាល ។​

​ប្រភព​ដដែល​បន្ដថា ជនសង្ស័យ​និង​នារី​រងគ្រោះ​បាន​បែកបាក់​លែងលះគ្នា​អស់​ប្រមាណ​ជាង​២​ខែ​មកហើយ ដោយសារ​ជនសង្ស័យ​ជា​ប្ដី​វាយដំ​ធ្វើបាប​ទៅលើ​ស្ត្រី​រងគ្រោះ​ខ្លាំងពេក ។ លុះ​មកដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ឲ្យ​ស្ត្រី​រងគ្រោះ​មកជួប​គ្នា តែ​ស្ត្រី​រងគ្រោះ​មិន​ទៅ​ជួប​នោះទេ មកដល់​វេលា​ម៉ោង​២​និង​១៥​នាទី ស្រាប់តែ​ជនសង្ស័យ​បាន​យក​កាំបិតផ្គាក់​មក​កាប់​ទៅលើ​នារី​រងគ្រោះ​ចំ​.​ក ខណៈ​នារី​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​រន្ធត់​តែម្ដង ។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល ៕