ទណ្ឌិត​២២០​នាក់​នឹងត្រូវ​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ក្នុង​ ឱកាសបុណ្យពិសាខបូជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2018 ក+ ក-

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ នឹង​បើក​កិច្ចប្រជុំ​នៅ​ទីស្តីការក្រសួង​យុត្តិធម៌ ដើម្បី​ពិនិត្យ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ត្រូវបាន​បញ្ជូន​មកពី​ពន្ធនាគារ និង​មណ្ឌល​ឃុំឃាំង​ចំនួន​២២​កន្លែង​នៅ​ទូទាំងប្រទេស ដើម្បី​ដាក់បញ្ចូល​ក្នុងការ​ស្នើសុំ​បន្ធូរបន្ថយ និង លើកលែងទោស នាឱកាស​បុណ្យពិសាខបូជា នាពេល​ខាងមុខនេះ​។ ទណ្ឌិត​ដែល​នឹងត្រូវ​លើក យកមក​ពិនិត្យ​មាន​ចំនួន​២២៨​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​១៨​នាក់​។ នេះ​បើតាម​ការបញ្ជាក់ របស់ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។​

​លោក គឹម សន្តិភាព បញ្ជាក់ថា ឯ​.​ឧ អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​២៣ ខែមេសា ខាងមុខនេះ នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ដើម្បី​ពិនិត្យ​សំណើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ក្នុងឱកាស​បុណ្យពិសាខបូជា ដែល​ទទួលបាន​ពី​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត (​ពន្ធនាគារ​ចំនួន​១៨) និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ​(​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤) លើ​បញ្ជី​ទណ្ឌិត​ស្នើសុំ​សរុប ២២៨​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​១៨​នាក់ ។​

​សូម​ជម្រាបជូន​ថា ជា​រៀងរាល់ឆ្នាំ ក្នុងឱកាស​មានបុណ្យ​ជាតិ​ធំៗ ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ ឬ បុណ្យចូលឆ្នាំ​ខ្មែរ ជាដើម ក្រសួងយុត្តិធម៌ តែងតែបាន​ពិនិត្យ​បញ្ជី​ទណ្ឌិត​ដែល​ត្រូវធ្វើ​ការបន្ធូរបន្ថយ និង​លើកលែងទោស​។

ជាក់ស្តែង នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​កន្លងទៅនេះ គណៈ កម្ម​ការ​ជាតិ​បាន​ពិនិត្យ និង​សម្រេច​ស្នើសុំ​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​ចំនួន​៥០​រូប (​មាន​ស្ត្រី​៦​រូប​) ក្នុងនោះ​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត​ចំនួន​៤២​រូប (​ស្ត្រី​៥​រូប​) និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន​៨​រូប​(​ស្ត្រី​១​រូប​) ក្នុងចំណោម​បញ្ជី​ដែល​បាន​ស្នើសុំ​ពី​គណៈកម្មការ​ក្រសួងមហាផ្ទៃ​ចំនួន​៣២១​រូប ៕