ឃាត់ខ្លួន​ជាង៧០​នាក់ ម៉ូតូ​៩​គ្រឿង និង​ទូ​ហ្គេម​ជាង​៧០​គ្រឿងក្នុង​ខណ្ឌដូនពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2018 ក+ ក-

​ភ្នំពេញ ៖ ល្បែង​ហ្គេម​បាញ់​ត្រី​ចំនួន​៣​ទីតាំង​ដ៏​ធំ ដែល​ប្រមូលផ្តុំ​ទៅដោយ​ក្រុម​ក្មេង​ជំទង់ៗ​ប្រុស​ស្រី​ចេញចូល​លេង ជា​ហូរហែ ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​បង្ក្រាប ពេលនេះ ត្រូវបាន​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​អោយ​លោក ប៊ុត សត្យា ដែលជា​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ធ្វើការ​ចុះបង្ក្រាប​ជាល​ក្ខ​ខណៈ​ទ្រង់ទ្រាយ​ធំ រួម​ដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ ដោយបាន​ឃាត់ខ្លួន​យុវជន​ប្រុស​ស្រី​ចំនួន​៧១​នាក់ ដកហូត​ម៉ូតូ​ចំនួន​៩​គ្រឿង និង​ទូ​ហ្គេម​បាញ់​ត្រី​ជាច្រើន​ទូ រួម​និង​សំភារៈ​មួយចំនួនធំ​។​

​ការចុះ​បង្ក្រាប​ទីតាំង​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១៦​និង​០០​នាទី​រសៀល ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​តូប​ជួល​៣​ទីតាំង​ផ្សេងគ្នា​ជាប់​របងផ្សារ ស៊ី​ធី​ម៉​ល នៅតាម​បណ្តោយ​ផ្លូវ​១៧២ សង្កាត់​ផ្សារ​ធំ​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ បាន​និយាយថា ក្នុង​ផ្សារ​ហ្គោល​ឌិន​សូរិយា​ម៉​ល់​នេះ គឺ​មើលទៅ​ឃើញ​មាន​ភាពអនាធិបតេយ្យ​ខ្លាំងណាស់ ហើយ​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​សមត្ថកិច្ច​ឆ្មក់​ចូល​បង្ក្រាប​ការចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ផ្សារ​នេះ​។ នៅពេល​ថ្មីៗ​នេះ លោក​អភិបាល​ខណ្ឌដូនពេញ​បាន​ដាក់ចេញ​បទបញ្ជា​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​១១​ជាដាច់ខាត​តែ​បែរជា​នៅតែមាន​ល្បែង​ហ្គេម​បាញ់​ត្រី និង​ទូ​ហ្គេម​ប្រភេទ​ល្បែងស៊ីសង​ក្នុង​ផ្សារ​នេះ​បន្ត​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ដដែល ។​

​ជនសង្ស័យ​ទាំង​៧១​នាក់ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​

​យ៉ាងណាក៏ដោយ សមត្ថកិច្ច​ក្នុង​ប្រតិបត្តិការ គ្មាន​មន្ត្រី​ណា​ម្នាក់​ហ៊ាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ថៅកែ​សម្បុក​ល្បែង​ទាំង​នោះទេ ដោយ​គ្រាន់តែ​ខ្សឹប​ប្រាប់ថា ជា​រឿង​របស់​ថ្នាក់ លើ និង​អាច​ផ្តើមចេញពី​ទំនាស់​ផលប្រយោជន៍​របស់​ថ្នាក់ក្រោម ព្រោះ​ល្បែងស៊ីសង​ក្នុង​ខណ្ឌដូនពេញ​នេះ​មាន​យូរ​ឆ្នាំ​ហើយ និង​មាន​ច្រើន​កន្លែង​ទៀតផង ។ បើ​និយាយ​ពី​ក​ន្ទុ​យ​លេខវិញ​កើតឡើង​ពេញបន្ទុក​នៅក្នុង​ផ្សារកណ្តាល​រាប់សិប​ឆ្នាំ​មកហើយ ទាំង​ប្រធាន​ផ្សារ ទាំង​អាជ្ញាធរ​មូលដ្ឋាន​ត្រជាក់​ល្ហឹម ​។​ បើ​ចង់​ជ្រាប​ច្បាស់ អញ្ជើញ​ទៅ​មើល​ក្នុង​ផ្សារកណ្តាល​ដោយផ្ទាល់ នោះនឹងឃើញពីទិដ្ឋភាេព ចាក់កន្ទុយលេខឈូរឆរ ជាង​កាស៊ីណូ​តាម​ព្រំដែន​ទៅទៀត​៕