កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​៥​ឆ្នាំ​ចុង​ក្រោយនេះ ជំរុញ​កម្ពុជា​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2018 ក+ ក-

​ភ្នំពេញ ៖ នៅក្នុង​រយៈពេល​៥​ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​ជម្រុញ​អោយ​ប្រទេស​កម្ពុជា ប្រែក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កំរិត​ទាប និង​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​មួយ​នៅក្នុង​តំបន់​អាស៊ី ដោយ​នៅតែ​រក្សាបាន​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ក្នុង​រង្វង់​៧​ភាគរយ​។​

ប្រទេស​កម្ពុជា​បានប្រែក្លាយ​ពី​ប្រទេស​មាន​ប្រាក់ចំណូល​កំរិត​ទាប មកជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កំរិត​ទាប​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ហើយក៏​ត្រូវបាន​ចាត់ទុក​ថា ជា​ខ្លា​សេដ្ឋកិច្ច​មួយ​ក្នុង​តំបន់​អាស៊ី ចាប់​តាំង​ឆ្នាំ​២០១៦ ដោយសារ​កម្ពុជា​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ដ៏​រឹងមាំ ក្នុង​រង្វង់​៧​ភាគរយ ក្នុង​រយៈពេល​ជិត​២​ទសវត្ស​មកនេះ​។

​សមិទ្ធផល​ទាំងនេះ គឺ​ត្រូវ​បានសម្រេច​នៅក្នុង​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​អនុវត្ត​ធ្វើ​កំណែ ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្នុងដំណាក់កាល​ទី​៣ ដែលជា​មូលដ្ឋាន​ដ៏​សំខាន់​នៃ ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​របស់​កម្ពុជា​។

​នេះ​បើតាម​ខ្លឹមសារ​ដែល​បានដាក់​បង្ហាញ​ជា​ផ្លូវការ នៅក្នុង​កិច្ចប្រជុំ​វាយតម្លៃ​សមិទ្ធផល ៥​ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​រៀបចំ​ធ្វើឡើង ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា​ភ្នំពេញ​។ តាម​ការបញ្ជាក់​របស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​បញ្ជាក់ថា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ចំណូល​ចរន្ត​ថវិការដ្ឋ បាន​កើនឡើង​ជាង​២​ដង ដោយ​កើន​ពី​ប្រមាណ​២,២៦៤​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ ដល់​ប្រមាណ​៤,៥៦០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨​នេះ​។

ដោយឡែក​ចំណូល​សរុប​ថវិកាជាតិ (​ចំណូល​ពី​ពន្ធ​) មាន​ចំនួន ៥.៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ កើន​១០.៦​ភាគរយ ឡើងដល់ ៥.៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ស្មើនឹង​២៣.៥៩​ភាគរយ នៃ​ផសស​។

​ជាក់ស្តែង ផលិតផល​ក្នុងស្រុក​សរុប រឺ ផសស ក្នុង​ឆ្នាំ​2017 មាន​ចំនួន $22.3​ពាន់​លាន​ដុល្លារ​អាមេរិក ហើយនឹង​កើន​ដល់ 22.6 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​។ កត្តា​នេះ បានធ្វើអោយ​ផសស​សម្រាប់​មនុស្ស​ម្នាក់ ក្នុង​ឆ្នាំ​2013 មាន​ចំនួន 1042 $ បាន​កើន​ឡើងដល់ 1568$ ក្នុង​ឆ្នាំ​២០១៨​។ កំណើន ផលិតផល​ក្នុងស្រុក​សរុប រឺ ផសស នេះ គឺ​ដោយសារ​មាន​កំណើន​គាំទ្រ​ដោយ វិស័យ​ឧស្សាហកម្ម ៨.៦​ភាគរយ​!​វិស័យ​សេវាកម្ម​៧.៦​ភាគរយ​! វិស័យ​កសិកម្ម​២​ភាគរយ​។ ចំណែក​អតិ​ភរ​ណា​ក្នុង​ឆ្នាំ​២០១៧ មាន 3.8% និង​បាន​ធ្លាក់​ចុះមក ៣.៥​ភាគរយ ក្នុង​ឆ្នាំ​២០១៨​។ អាត្រា​ប្តូរប្រាក់​នៅតែ​រក្សាបាន​ក្នុង​រង្វង់ ៤០៣៧​រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក​។ កំណើន​នេះ បានធ្វើអោយ​អាត្រា​នៃ​ភាពក្រីក្រ ធ្លាក់ចុះ​ពី ៥៣.៤​ភាគរយ ក្នុង​ឆ្នាំ​២០០៤ មក​នៅត្រឹម ១៣.៥​ភាករយ នៅ​ឆ្នាំ​២០១៤ និង​រំ​ពឺ​ង​ថា​បន្ត​ធ្លាក់ចុះ​បន្តបន្ទាប់​ទៀត​។

​ទន្ទឹមនេះ ទុនបម្រុង​អន្តរជាតិ បាន​កើនឡើង​ពី​ចំនួន ៣.៦៤​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៣ កើន​ដល់ ៧.៨៥ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​។ ការកើនឡើង​នៃ​ទំហំ​ចំណូល​នេះ បានផ្តល់​លទ្ធភាព​ឲ្យ​រាជរដ្ឋាភិបាល បង្កើន​ចំណាយ​យ៉ាងច្រើន ទៅលើ​ការលើកកម្ពស់​គុណភាព និង​ការពង្រីក​វិសាលភាព នៃ​សេវាសាធារណៈ ទាំង​តាមរយៈ​ចំណាយ​ចរន្ត​ថវិកាជាតិ និង​ទាំង​តាមរយៈ​ចំណាយ​វិនិយោគសាធារណៈ ដើម្បី​ធ្វើ​ឲ្យ​ការផ្តល់​សេវាសាធារណៈ មាន​ភាព​កាន់តែ​ប្រសើរឡើង និង​កាន់តែ​ខិតជិត​នឹង​ប្រជាពលរដ្ឋ ដែលជា​អ្នកប្រើប្រាស់​។ បន្ថែម​ពីនេះ សមាមាត្រ​នៃ​ចំណូល​ថវិកា​ពី​ប្រភព​ហិរញ្ញប្បទាន​ក្រៅប្រទេស ក្នុង​ចំណែក​ថវិកាជាតិ ក៏បាន​ថយចុះ ពី​ប្រមាណ​ជិត ៧០% នៅក្នុង​ឆ្នាំ ១៩៩៥ មក​នៅត្រឹមតែ​ប្រមាណ​២១.៤%​ប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០១៧ ហើយនឹង​បន្ត​ថយចុះ​ថែមទៀត នៅ​មិន​ដល់ ២០% នៅ​ឆ្នាំ​២០១៨ ។

​ប្រការនេះ គឺជា​ការ​សបញ្ជាក់​ឲ្យ ឃើញថា កម្ពុជា​កាន់តែ​មាន​ឯករាជ្យ ភាព​ខាង​ថវិកា​ជាង​មុន និង​កាន់​តែមាន​ភាពជា​ម្ចាស់​ជាង​មុន​។ ទន្ទឹមនឹង​កំណើន​នៃ​ថវិកា​ចំណូល ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​ក៏បាន​បង្កើន​ការចំណាយ​ថវិការដ្ឋ ជិត​ពីរដង​ផងដែរ ដោយ​ការចំណាយ​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ មាន​ជាង​៦​ពាន់​លាន​ដុល្លារ ស្មើនឹង​២៤.៥៩ នៃ​ផសស បើ​ធៀប​នឹង​ឆ្នាំ​២០១៣ គឺមាន​ត្រឹម ៣.៣៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ក្នុងនោះ ការចំណាយ​ថវិកាជាតិ​សម្រាប់​វិស័យ​សង្គមកិច្ច ត្រូវបាន​ប​ញ្ជូ​ល​ជា​អាទិភាព ដែលមាន​ចំនួន ១.៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ស្មើនឹង​៤.៧១​ភាគរយ នៃ​ផសស​។

​ចំណែក​ការចំណាយ​សរុប​របស់​ក្រសួង​អប់រំ យុវជន និង កីឡា ត្រូវបាន​បង្កើន​ជាង​បី​ដង​, ចំណាយ​សរុប​របស់​ក្រសួងសុខាភិបាល ត្រូវបាន​បង្កើន​ជិត​ពីរដង​កន្លះ​, ចំណាយ​សរុប​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបាន​បង្កើន​ជិត​បី​ដង ហើយ​ចំណាយ​វិនិយោគ​ផ្ទាល់ ដោយ​ហិរញ្ញប្បទាន​ក្នុងប្រទេស ត្រូវបាន​បង្កើន​ជិត​ពីរដង​កន្លះ​។ ចំពោះ​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ កើនឡើង​ជិត​៣​ដង ដែល​ក្នុង​ឆ្នាំ​២០១៣ មាន​ចំនួន​ប្រមាណ​៣០​ម៉ឺន​រៀល កើន​ដល់ ប្រមាណ​១​លាន​រៀល ក្នុង​ឆ្នាំ​២០១៨៕