ជំនួប​រវាង​សម្តេច​តេ​ជោនិង​អភិបាល​តំបន់​ស្វយ័ត​ ក្វាង​ស៊ី ផ្តោតលើ​ពាណិជ្ជកម្មនិង​គម្រោង​អភិវឌ្ឍ​ន៌​កំពង់ផែ​ខេត្តកំពត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2018 ក+ ក-

​ភ្នំពេញ ៖ នៅក្នុង​ឳ​កាស​ចូលជួប​សម្តែង​ការគួរសម សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា​នេះ នៅ​វិមាន​សន្តិភាព ឯកឧត្តម ជិន វ៉ូ (Chen Wu) អភិបាល​តំបន់​ស្វយ័ត​ក្វាង​ស៊ី នៃ​ប្រទេស​ចិន បាន​ជំរាបជូន​ថា គោលបំណង​ចំនួន​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់លោក​នៅ​កម្ពុជា​ពេលនេះ គឺ​ទី​១​ដើម្បី​គោរព​អញ្ជើញ សម្តេច​តេ​ជោ ក្នុងនាម​ជា​ប្រទេស​កិ​ត្ត​យស​ចូលរួម​ក្នុង​ពិ​ព័រ​ណ៌ ពាណិជ្ជកម្ម​អាស៊ាន​ចិន លើក​ទី​១៥ នៅក្នុង​ទីក្រុង​ណាន​នី​ង ដែល​នឹង​រៀបចំ​ធ្វើ នៅ​អំឡុង​ខែវិច្ឆិកា ខាងមុខ ។ និង​គោលបំណង​ទី​២ គឺ​ជម្រុញ​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​រវាង​ខេត្ត​ក្វាង​ស៊ី ជាមួយ​ប្រទេស​កម្ពុជា ដោយ​អនុលោម​តាម​ការ​ព្រមព្រៀងគ្នា រវាង​សម្ដេច​តេ​ជោ ជាមួយ​លោក​ប្រធានាធិបតី​ចិន​ស៊ី​ជីន​ពីង នាពេល​កន្លងមក ក្នុងការ ការបង្កើត​សហគមន៍​វាសនា ចិន​អាស៊ាន​។

​ក្នុងន័យនេះ ឯកឧត្តម ជិន វ៉ូ បាន​បង្ហាញថា ខេត្ត​ក្វាង​ស៊ី បាន​ជំរុញ​អ្នកវិនិយោគ​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា ដូចជា លើ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​ទូរទស្សន៍ ផ្នែក​បច្ចេកវិទ្យា រោងចក្រ​កិន​អង្ករ និង​ផ្នែក​ទេសចរណ៍​ជាដើម ។ នៅក្នុង​វិស័យ​ទេសចរណ៍ ឯកឧត្តម ជិន វ៉ូ បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​មានការ​ហោះហើរ​ត្រង់ ពី​ខេត្ត​ក្វាង​ស៊ី​មក​ទីក្រុង​ភ្នំពេញ​រួចហើយ បន្ថែម​ពីនេះ​នាពេលខាងមុខ​នឹងមាន​ការហោះហើរ​ត្រង់ ពី​ខេត្ត​ក្វាង​ស៊ី ទៅ​ខេត្តសៀមរាប​ផងដែរ​។​តាមរយៈ​ការហោះហើរ​ត្រង់នេះ ឯកឧត្តម ជិន វ៉ូ បាន​បញ្ជាក់ថា នឹង​ទាក់ទាញ​អ្នកទេសចរ​ចិន​នៅ​ខេត្ត​ក្វាង​ស៊ី​ប្រមាណ​10 ម៉ឺន​នាក់ ក្នុងចំណោម​ពលរដ្ឋ​ចិន ប្រមាណ​0.2 % ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា ។ ចំនុច​សំខាន់​មួយទៀត ដែល ឯកឧត្តម ជិន វ៉ូ បានបញ្ជាក់​នៅក្នុង​ជំនួប​ទ្វេភាគី​នេះ គឺ​នៅ​ថ្ងៃទី​២៤​ខែមេសា​នេះ ភាគី​រដ្ឋាភិបាល​ចិន និង​កម្ពុជា នឹង​ចុះហត្ថលេខា លើ​អនុស្សារណៈ​សហការគ្នា ដើម្បី​អភិវឌ្ឍ​កំពង់ផែ​នៅ​ខេត្តកំពត ផងដែរ ។

​ពាក់ព័ន្ធ​នឹង​ការចូលរួម​អភិវឌ្ឍ​កំពង់ផែ​នៅ​ខេត្តកំពត​នេះ សម្ដេច តេ​ជោ នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា កំពង់ផែ​នេះ​មាន​សារៈសំខាន់​ណាស់ ហើយ​អាចជា​របៀង​មួយទៀត ស្របតាម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​។ សម្តេច ថ្លែង​បញ្ជាក់ថា របៀង​នោះ​មាន​សារសំខាន់​ស្របពេល ដែល​នាពេល​ខាងមុខនេះ នឹងមាន​ការពង្រីក​ផ្លូវជាតិ​លេខ​៣ ឱ្យបាន​ធំ​ទូលាយ​ជាង​មុន​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តកំពត ដើម្បី​កាត់បន្ថយ​ការចំណាយ​ពេលវេលា​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ពី​ខេត្តកំពត មកកាន់​រាជធានី​ភ្នំពេញ​។ បន្ថែម​ពីនេះ សម្តេច​បាន​លើកឡើងថា នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៣ មាន​រោងចក្រ​ជាច្រើន និង​បណ្ដាញ​វា​រី​អគ្គីសនី​សំរាប់​ផ្គត់ផ្គង់​ប្រើប្រាស់​ទៀតផង ដែល​នេះ​ជា​អំណោយផល នៅក្នុង​ការធ្វើជា​ច្រករបៀង​សេដ្ឋកិច្ច​មួយ​បន្ថែមទៀត​។ ដោយឡែក សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​ពី ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ចិន ដែល​កំពុង​ឈានដល់​កម្រិត​ខ្ពស់​មួយ មាន​ភាពរឹងមាំ​។

​ជាមួយគ្នានេះ សម្ដេច​បានបញ្ជាក់​ការទទួលយក​សំណើរ ក្នុងការ​ទៅ​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​អាស៊ាន​ចិន​នៅ​ទីក្រុង​ណាន​នី​ងរ​បស់​ខេត្ត​ក្វាង​ស៊ី នាពេលខាងមុខ ដោយ​សម្តេច​ក៏​គាំទ្រ​ចំពោះ​អ្នក​វិនិយោគិន​ចិន​មកពី​ខេត្ត​ក្វាង​ស៊ី​មករក​ស៊ី​នៅ​កម្ពុជា​អ​ផ​យ​កាន់តែច្រើន​ផងដែរ​។ សូមបញ្ជាក់ថា តាមរយៈ​ជំនួប​ទ្វេភាគី​នេះ ឯកឧត្តម ជិន វ៉ូ អភិបាល​តំបន់​ស្វយ័ត​ក្វាង​ស៊ី នៃ​ប្រទេស​ចិន បាន​នាំមក​នូវ​អង្គ​ចំនួន ១៦០ តោន ជូន​តាមរយៈ​សម្ដេច​តេ​ជោ សម្រាប់ ប្រើប្រាស់​ជួយ​ក្នុង​វិស័យ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ៕