លោក ស៊ុន ចាន់ថុល ព្រមាន​បិទ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​ដឹក​លើស​ទម្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2018 ក+ ក-

​ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ដ្រី​ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ព្រមាន​បិទ ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ណា ដែល​នៅតែ​បន្ត​ដឹកទំនិញ​លើស​ទំងន់​កំណត់ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ទ្រុឌទ្រោម និង​ដូច​ខាត​។ ការ​ថ្លែង​ព្រមាន​របស់​ឯកឧត្ដម​ទេស​រដ្ឋមន្ដ្រី​ស៊ុន ចាន់ថុល ដូច្នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក និង​កម្មករ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន កាលពី​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។

​ថ្លែង​ទៅកាន់​អង្គពិធី និង​ឆ្លើយតប​ទៅនឹង​កង្វល់​របស់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​អះអាងថា​ការបង្ក្រាប​រថយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​កម្រិត​កំណត់​មាន​លក្ខណៈ​ដូច​វែក​ចក លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​ដើម្បី​កុំ​ឲ្យ​ដូច​វែក​ចក គឺ​យើង​ត្រូវយក​ចក​ចេញ​ឲ្យ​អស់​” ពោលគឺ​ត្រូវ​ប្រើ​យន្តការ​ច្បាប់ និង​រក​ប្រភពដើម​ឱ្យឃើញ និង​បិទ​ក្រុមហ៊ុន​ណា​ដែល​មិន​គោរព​ច្បាប់​។

​លោក​ទេសរដ្ឋមន្ដ្រី បានបញ្ជាក់​ទៀត ថា ការត្រួតពិនិត្យ​យានយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​កម្រិត​កំណត់ និង​ការកែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​យានយន្ត​ត្រូវតែ​បន្ត​អនុវត្ត​ឲ្យ​បានជា​ប្រចាំ​និង​ម៉ឺងម៉ាត់​បំផុត ព្រោះ​ថាបើ​រថយន្ត​តែមួយ​គ្រឿង​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ២០​តោន​គឺ​ស្មើនឹង​រថយន្ត​១​សែន​៦​ម៉ឺន​គ្រឿង​ធ្វើចរាចរ​នៅលើ​ផ្លូវ​នោះ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ទ្រុឌទ្រោម និង​ដូច​ខាត​។ ករណីនេះ​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ​សម្រាប់​ជួសជុល​ផ្លូវ​ឡើងវិញ​ក្នុង​មួយឆ្នាំៗ​។​នៅក្នុង​ឱកាស​ដដែល​នេះ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​ទាំងអស់​រួបរួម​សា​គ្គី​សហការគ្នា​ឲ្យ បាន​រឹងមាំ ហើយ​សូមកុំ​ឲ្យ​មានការ​បែងចែក​ជា​ក្រុម ជា​បក្សពួក ពោលគឺ​មានតែ​ក្រុម​មួយគត់​គឺ ក្រុម​មហា​គ្រួសារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​រួមគ្នា​កសាង​ជាតិ​មាតុ​ភូម​របស់​យើង​ឲ្យ​មានការ​រីកចម្រើន​តាម​ក្ដី​ស្រ​ម៉ៃ​របស់​យើង​ម្នាក់ៗ ដែល​ចង់ឃើញ​ប្រទេស​កម្ពុជា​រីកចម្រើន​ដូច​ប្រទេស​អភិវឌ្ឍន៍​ក្នុង​សកលលោក​៕