លោក ឡាយ វណ្ណៈ ត្រូវបាន​ដក​ចេញពី​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ត្រូវបាន​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​សេចក្តីសម្រេច ដក​ចេញពី​សមាជិក​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​លោក​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​។​
​យោងតាម​សេចក្ដីសម្រេច របស់​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ ថា​”​ប្រការ​១.​បញ្ចេញ​លោក​ឡាយ វណ្ណៈ ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​”​។

​ប្រការ​២.​ខុទ្ទកាល័យ​គណៈ​ចាត់តាំង​នៃ​គណៈកម្មាធិការ​កណ្ដាល គណៈកម្មាធិការ​គណបក្ស​ខេត្តតាកែវ និង​លោក​ឡាយ វណ្ណៈ ត្រូវ​ប្រតិបត្តិ​តាម​សេចក្ដីសម្រេច​នេះ​។

​គួរ​រំលឹក ថា លោក​ឡាយ វណ្ណៈ និង​បងប្រុស​របស់លោក រួមទាំង​មនុស្ស​២​នាក់​ទៀត ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ឃាតកម្ម និង​លាក់បាំង​តម្រុយ ពាក់ព័ន្ធ​ករណី​ធ្វើឃាត​កម្ម​លើ​ស្ត្រី​ឈ្មោះ​ចេ​វ សុ​វ​ឌ្ឍ​នា ដែលជា​នារី​កំណាន់​របស់លោក​ឡាយ វណ្ណៈ​។

​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួមមាន​៖​ទី​១.​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, ទី​២.​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស​លោក ឡាយ វណ្ណៈ​ទី​៣.​ឈ្មោះ​ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​ទី​៤.​ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។​

​លោក​ឡាយ វណ្ណៈ ត្រូវបាន​ដកដំណែង​មួយចំនួនទៀត​ផងដែរ ដែល​រួមមាន​៖​តំណែង​អភិបាលខេត្ត និង​ប្រធាន​គណបក្ស​ខេត្តតាកែវ​ផងដែរ​៕