ការចុះបញ្ជី​បក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នឹង​ចាប់ផ្ដើម​ចុងខែ​មេសា​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់​គណៈ​ក​ម្មា​ធិ​ករ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង ថា ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នឹងត្រូវ​ចាប់ផ្ដើម​នៅ​ចុងខែ​មេសា រហូតដល់​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០១៨​ខាងមុខនេះ​។

​លោក នុត សុខុម អនុប្រធាន​គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​នេះ ថា ការចុះ​ប​ញ្ចី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នឹងត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ពោល​គឺមាន​រយៈពេល​១៥​ថ្ងៃ​។ ចំណែក​ការស្នើសុំ​ពាក្យ និង​ដាក់ពាក្យ​ការចុះ​ប​ញ្ចី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត គឺ​ធ្វើ​នៅ​ទីស្ដីការ​គ​.​ជ​.​ប​តែម្ដង​។

​លោក​អនុប្រធាន គ​.​ជ​.​ប បានបញ្ជាក់ ថា ដោយ​យោងតាម​មាត្រា​២៣​នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ គឺ​ដើម្បី​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ​បាន ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្រូវបំពេញ​លក្ខខណ្ឌ​ចំនួន​៥​ដូចជា​៖​ទី​១.​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​។ ទី​២.​មាន​អាយុ​២៥​ឆ្នាំ​ឡើងទៅ គិតដល់​ថ្ងៃ​បោះឆ្នោត​។ ទី​៣.​មាន​សិទ្ធិ​បោះឆ្នោត និង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។ ៤.​មាន​លំនៅដ្ឋាន ឬ​ទី​សំណាក់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ និង​ទី​៥.​មានការ​តែងតាំង​ពី​គណ​បក​ក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។​

​មន្ដ្រីជាន់ខ្ពស់​គ​.​ជ​.​ប លោក នុត សុខុម បានបញ្ជាក់​បន្ថែមទៀត ថា ចំពោះ​ការស្នើសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត គ​.​ជ​.​ប​ត្រូវ​ពិនិត្យ​សម្រេច​ជូន​ក្នុង​រយៈពេល​យ៉ាងយូរ​៧​ថ្ងៃ បន្ទាប់ពី​បានទទួល​ពាក្យស្នើសុំ​។ ក្នុងករណី​ដែល​ពាក្យសុំ​ចុះបញ្ជី គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដែល​មិនបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាំងនោះ គ​.​ជ​.​ប​នឹង​ចេញ​លិខិត​ជូនដំណឹង ទៅ​គណបក្សនយោបាយ​ដែល​បាន​ស្នើសុំ ដើម្បី​កែតម្រូវ ឬ​បំពេញ​ចំណុច​ខ្វះខាត​យ៉ាងយូរ​៧​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ដែល​បានទទួល​លិខិត​ជូនដំណឹង​រួច​។

​សូម​ជម្រាប ថា កាលពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​កន្លងទៅនេះ មាន​គណបក្សនយោបាយ​ចំនួន​៨ បាន​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​។ ចំណែក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខនេះ បើ​យោងតាម​របាយការណ៍ ដែល​គ​.​ជ​.​ប ទទួលបាន​ពី​ក្រសួងមហាផ្ទៃ មកទល់នឹង​ពេលនេះ មាន​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​ផ្លូវការ​មាន​ចំនួន​៣៧​គណបក្ស​៕