សម្តេច​តេ​ជោ ហ៊ុនសែន ប្រកាស​សង់ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ​ក្នុង​អាណត្តិ​ថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2018 ក+ ក-

ក្រចេះ ៖ ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​ពី​ខេត្តក្រចេះ​ទៅកាន់​ខេត្តកំពង់ធំ និង​ទៅកាន់​ខេត្តសៀមរាប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានប្រកាសថា គម្រោង​ស្ពាន​ថ្មី​ឆ្លងកាត់​ទន្លេមេគង្គ ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ នឹងត្រូវ​លេច​ជា​រូបរាង នៅក្នុងពេល​មាន​វត្តមាន​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី នៃ​អាណត្តិ​ថ្មី​ខាងមុខនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានប្រកាស នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា កម្ពុជា​ត្រូវការ​ស្ថាបនា​ស្ពាន​ថ្មី​មួយកន្លែង​ទៀត គឺ​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ទី​រួម​ខេត្តក្រចេះ ទៅកាន់​ខេត្តកំពង់ធំ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ នៃ​ខេត្តក្រចេះ ខេត្តកំពង់ធំ និង​ទៅកាន់​ខេត្តសៀមរាប​។ ដោយ​នាពេល​បច្ចុប្បន្ន ការធ្វើដំណើរ​តាមផ្លូវ​គោគ​ពី​ទី​រួម​ខេត្តក្រចេះ ទៅកាន់​ខេត្តកំពង់ធំ មាន​ចម្ងាយ​រហូតដល់ ១២៩​គីឡូម៉ែត្រ​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា គម្រោង​ស្ថាបនា​ស្ពាន​នេះ ត្រូវបាន​សិក្សា​រួចហើយ ដោយ​គម្រោង​នេះ​ត្រូវការ​ប្រើប្រាស់​ថវិកា​ជំនួយ​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​ចិន​។ សម្តេច​បាន ប្រកាសថា គម្រោង​ស្ថាបនា​ស្ពាន​នេះ នឹងត្រូវ​បញ្ចប់​លេចចេញ​ជា​រូបរាង នៅក្នុងពេល​មាន​វត្តមាន​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ថ្មី​បន្តទៀត​។

​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ដូចនេះ គឺ​នៅក្នុង ពិធី​សម្ពោធ​បើក​អោយប្រើ​ប្រាស់​ជា​ផ្លូវការ សាកលវិទ្យាល័យ​ក្រចេះ ស្ថិតនៅក្នុង​ទី​រួម​ខេត្តក្រចេះ ៖ « ខ្ញុំ​សូម​ឳ​កាស​នេះ​បញ្ជាក់ជូន​បង​ប្ងូ​ន​ខេត្តក្រចេះ និង​អគ្គរដ្ឋទូត​ចិន យើង​ត្រូវការ​ស្ពាន​មួយទៀត​ឆ្លងកាត់​ទន្លេមេគង្គ ពី​ទី​រួម​ខេត្តក្រចេះ​ទៅកាន់​ខេត្តកំពង់ធំ និង​សម្រួលការ​ធ្វើដំណើរ​ទៅដល់​ខេត្តសៀមរាប​…​វត្តមាន​របស់​ហ៊ុនសែន វត្តមាន​របស់​គណបក្ស​ប្រជាជន​ក្នុង​អាណត្តិ​បន្ត​នេះ នឹង​បញ្ចប់​គម្រោង​សាងសង់​ស្ពាន​នេះ​…»​។

​សូមបញ្ជាក់ថា គិតពី​ឆ្នាំ​២០០១ ដល់​២០១៧ រដ្ឋាភិបាល​ចិន បានផ្តល់​ហិរញ្ញប្បទាន ឥត​សំណង និង ឥណទាន​ឥត​ការប្រាក់ ជាង ៤២៩៧​លាន​ដុល្លារ​អាមេរិក សម្រាប់​កិច្ច​អភិវឌ្ឍ​ន៌​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​កម្ពុជា​។

​ក្រៅពី​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន រដ្ឋាភិបាល​ចិន​ក៏បាន ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​ផងដែរ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៨ មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការ​អិ​វ​ឌ្ឍ តាមរយៈ គម្រោង​មិត្តសម្លាញ់​អគារសិក្សា​ផ្លូវ​សូត្រ បាន​សាងសង់​អគារសិក្សា ចំនួន​១២​ខ្នង ស្មើនឹង​៨៧​បន្ទប់​។

​ដោយឡែក ក្នុង​គម្រោង​កែលម្អ​បរិស្ថាន​សាលារៀន និង​សម្ភារៈ​រូបវ័ន្ត ក្នុង​ឆ្នាំ​២០១៧-២០១៨ រដ្ឋាភិបាល​ចិន​បានផ្តល់ ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៤០​លាន​ដុល្លារ មក​កម្ពុជា​៕