អ្នកបើករថយន្ត​លោក ឡាយ វណ្ណៈ ត្រូវ​តុលាការ​សាកសួរ​ជុំវិញ​ការស្លាប់​នារី ចេ​វ សុ​វ​ឌ្ឍ​នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2018 ក+ ក-

​ភ្នំពេញ ៖ បន្ទាប់ពី​ឃុំខ្លួន​មួយរយៈ​ក្នុង​ពន្ធនាគារ​នៅ​ថ្ងៃទី​២៥ ខែ ឆ្នាំ​២០១៨​នេះ លោក​កូយ​សៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សាកសួរ​អ្នកបើករថយន្ត​លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ គឺ ជុំវិញ​អំពើ​ឃាតកម្ម​សម្លាប់​នារី ចេ​វ សុ​វ​ឌ្ឍ​នា ។ លទ្ធផល​នៃ​ការសាកសួរ​នេះ ពុំ​ត្រូវបាន​ទម្លាយ​ឱ្យដឹង​ទេ ដោយ​មន្ត្រី​តុលាការ​អះអាងថា​ជាការ​សម្ងាត់​នៃ​ការ​ស៊ើបសួរ​។​

​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង បក្ខពួក​៣​នាក់​ទៀត ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ព្រោះ​មិនជា​ប់​ពាក់ព័ន្ធ ។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងថា​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ឡាយ វណ្ណៈ​និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ម៉េ​ន សា​ម៉ៃ​និង​ឈ្មោះ​ជឹម​វុ​ធ​ពីបទ លាក់បាំង​តម្រុយ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។​

​ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួមមាន​៖​ទី​១​លោក​ឡាយ​វណ្ណៈ​អតីត​អភិបាល​ខេត្តតាកែវ​, ទី​២ លោក ឡាយ ណា​រិ​ទ្ធ​ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក​ឡាយ​វណ្ណៈ​ទី​៣​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ​និង​ទី​៤ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មាន ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឱ្យ​លោក ឡាយ ណា​រិ​ទ្ធ​។​

​លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ​និង​លោក​ឡាយ ណា​រិ​ទ្ធ​ឡាយ​ណា​រិ​ទ្ធ​អាយុ​៤៦​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ឈ្មោះ ម៉េ​ន សា​ម៉ៃ​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង ឈ្មោះ ជឹម វុ​ធ​ហៅ​ថូត​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ផ្សារ​តា​កោ​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​៥៣២​នៃ​ក្រមព្រហ្មទណ្ឌ ។​

​យោងតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ បាន​ចែងថា​៖
​មាត្រា​១៩៩៖ បទ​ឃាតកម្ម​៖ អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បានកំណត់​ក្នុង​មាត្រា​២០០(​បទ​ឃាតកម្ម​គិតទុក​ជាមុន​) ដល់​មាត្រា​២០៥ (​បទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម​អំពើ​ឃោរឃៅ​ឬ​អំពើ​រំលោភ​សេពសន្ថវៈ​)​នៃ​ក្រ​នេះ គឺជា​ឃាតកម្ម​។ ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១០(​ដប់​)​ឆ្នាំ ទៅ​១៥(​ដប់​ប្រាំ​)​ឆ្នាំ​។​

​មាត្រា​៥៣២៖​បទ​លាក់​បំបាំង​តម្រុយ​៖​អំពើ​កែប្រែ​លុបបំបាត់ ឬ​លាក់​បំបាំង​តម្រុយ ឬ​ស្លាកស្នាម​នៅលើ​ទីកន្លែង​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ក្នុង​គោលបំណង​ធ្វើជា​ឧបសគ្គ​ដល់​ការស្វែងរក​ឲ្យ​ឃើញ​នូវ​ការពិត​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគរ​ពី ១(​មួយ​)​ឆ្នាំ ទៅ​៣(​បី​)​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​២,០០០,០០០(​ពីរលាន​)​រៀល​ទៅ​៦,០០០,០០០(​ប្រាំមួយ​លាន​)​រៀល​៕