កម្ពុជា​ឆ្នាំនេះ អាច​នឹងមាន​ទឹកជំនន់​ធំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2018 ក+ ក-

​ភ្នំពេញ ៖ តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​លើក​ទី​១ បាន​បង្ហាញថា កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៨ នេះ ស្ថានភាព​ទឹកទន្លេ​មេគង្គ​នាពេល​បច្ចុប្បន្ន បង្ហាញ​ពី​កត្តា​អាកាសធាតុ និង​ការវិភាគ​លើ​ទំនាក់ទំនង​រវាង​កម្ពស់​ទឹក​អប្បបរមា និង​អតិបរមា នៅ​ស្ថានីយ​ជល​សាស្ត្រ​បាសាក់​-​ចតុមុខ ឆ្នាំ​២០១៨​នេះ ទឹក​អាច​នឹងមាន​កម្ពស់ ១០,០៥ ម៉ែត្រ ដែល​នេះ ចាត់ទុកជា​ប្រភេទ​ជំនន់​ធំ ។

​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធាន និង​ឧតុនិយម បង្ហាញថា ទឹកទន្លេ​មេគង្គ​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​កម្រិត​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ក្នុងនោះ​មាន​៖
– ទន្លេមេគង្គ​ស្ទឹងត្រែង​៖ ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ពី​០,២៥​ម៉ែត្រ – ០,៦៣​ម៉ែត្រ​។​
– ទន្លេមេគង្គ​ក្រចេះ​៖ ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ពី​០,៤៤​ម៉ែត្រ – ១,២៨​ម៉ែត្រ​។​
– ទន្លេមេគង្គ​កំពង់ចាម​៖ ក្នុង​ខែមករា ទាប​ជាង​មធ្យម​បន្តិចបន្តួច តែ​ចាប់ពី​ខែកុម្ភៈ​មក ទឹក​មាន​កម្រិត​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ដល់​ទៅ ០,៤៩ ម៉ែត្រ​។​
– ស្ថានីយ​ជលសា​ស្ត្រ​ទន្លេបាសាក់​-​ចតុមុខ​៖ ពី​ខែមករា ដល់​ពាក់កណ្តាល​ខែមីនា ទឹក​មាន​កម្រិត​ទាប​ជាង​មធ្យម​ពី ០,២២​ម៉ែត្រ – ០,៦៨​ម៉ែត្រ តែ​មកដល់​ខែមេសា​នេះ ទឹក​មាន​កម្រិត​ខ្ពស់ជាង​មធ្យម​វិញ រហូតដល់ ០,២២​ម៉ែត្រ ។​
-​ទឹក​ក្នុង​បឹង​ទន្លេសាប​៖ ស្ថានីយ​ជលសា​ស្ត្រ​ក្រគរ​-​កំពង់​លួង ពី​ខែមករា ដល់​ខែមីនា ទឹក​មាន​កម្រិត​ទាប​ជាង​មធ្យម​ប្រមាណ​ពី ០,១៣​ម៉ែត្រ – ០,៥៤​ម៉ែត្រ តែ​ចាប់ពី​ដើមខែ​មេសា ទឹក​មាន​កម្រិត​ប្រហាក់ប្រហែល​នឹង​មធ្យម​វិញ ៕