កិច្ចប្រជុំ​ពិភាក្សា​គម្រោង​រុះរើ​ហេដ្ឋារចនាសម្ព័ន្ធ​កំណាត់​ផ្លូវជាតិ​លេខ​៥ ព្រែក​ក្តាម​-​ធ្នា​ម្អម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2018 ក+ ក-

​កណ្តាល ៖ ដើម្បី​ឲ្យ​ការពង្រីក​ផ្លូវជាតិ​លេខ​៥​ពី​ព្រែក​ក្តាម​ដល់​ធ្នា​ម្អម ទទួលបាន​ជោគជ័យ នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​សាលា​ខេត្តកណ្ដាល បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការរុះរើ​ហេដ្ឋារចនាសម្ព័ន្ធ​លើដី និង​ក្រោម​ដី រួមមាន​បង្គោល​ខ្សែ​កាបិ៍​អុ​ប​ទិ​ក និង​បញ្ហា​ផ្សេងៗ ក្នុង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​កំណត់​ផ្លូវជាតិ​លេខ​៥ ព្រែក​ក្តាម​ដល់​ធ្នា​ម្អម ក្រោម​អធិបតីភាព​ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលរង​ខេត្តកណ្ដាល និង​ឯកឧត្ដម លី ណា​រិ​ទឹ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​។

​លោក គង់ សោ​ភ័​ណ្ឌ អភិបាលរង​ខេត្តកណ្ដាល​បាន​មានប្រសាសន៍ ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​សាងសង់​ផ្លូវ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​នានា ស្តីពី​ផលប៉ះពាល់​នៃ​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៥​នេះ និង​សង​ផលប៉ះពាល់​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​បានកំណត់​។

​លោក​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ ត្រូវ​អនុវត្តតាម​អនុក្រឹត្យ​ស្តីពី ការគ្រប់គ្រង ដី​ចំណី​តាម​បណ្ដាញ​ផ្លូវជាតិ និង​ផ្លូវ​រថភ្លើង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លេខ​១៩៧ អនក្រ​,​បក​C ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០០៩ បាន​ចែងថា ដី​ចំណី​ផ្លូវត្រូវ​បានកំណត់​សំរាប់​ដំណើរការ​អភិវឌ្ឍ​ន៏​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ផ្លូវជាតិ​កំរិត​លេខ​១​ខ្ទង់ ចំណីផ្លូវ​មាន​ប្រវែង​៣០​ម៉ែត្រ ពី​សងខាង​អ័ក្ស​ផ្លូវ ដូច្នេះ​រាល់​ការសាងសង់​សំណង់​គ្រប់​ប្រភេទ​ត្រូ៏​វ​អនុវត្ត​ទៅតាម​អនុក្រឹត្យ​នេះ ដោយ​ទុក​គំលាត​យ៉ាងតិច​៣០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​។ ដោយឡែក​ចំពោះ​ឧ​បករ​ណ៏​បំរើសេវា សា​ធារ​ណុំ​ផ្សេងៗ​ជាអាទិ៍ បង្គោល​ភ្លើង ប​ង្ឡោ​ល​ខ្សែ​ទូរស័ព្ទ ខ្សែ​កាបិ៍​អុ​ប​ទិ​ក ។​ល​។ ត្រូវដាក់​ឲ្យ​មាន​ចំងាយ​យ៉ាងតិច​២៨​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​។​

​សូមបញ្ជាក់​ផងដែរ​ថា​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៥​នេះ មាន​៤​គន្លោង ដែលមាន​ទំហំ​២៣​ម៉ែត្រ ដែល​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៣ គឺ​ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​៕