ភ្នំពេញ​-​ប៉ារីស រួមគ្នា​អភិវឌ្ឍន៍​តំបន់​ភាគខាងត្បូង​ភ្នំពេញ​ជា​តំបន់​បៃតង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2018 ក+ ក-

​ភ្នំពេញ ៖ ដើម្បី​ប្រែក្លាយ​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ អោយទៅជា​តំបន់​អភិវឌ្ឍ​បៃតង សាលា​រាជធានី​ភ្នំពេញ និង​សាលា​ក្រុងប៉ារីស ប្រទេស​បារាំង រួម​សហប្រតិបត្តិការ​ជាមួយគ្នា ក្នុងការ​ជម្រុញ នៃ​ការអភិវឌ្ឍន៍​តំបន់​នោះ អោយបាន​ចៀសផុត ពី​គ្រោះទឹកជំនន់​នា​រដូវ​ស្សា​។​

​ក្នុង​សិក្ខាសាលា ស្តីពី ការបង្ហាញ​លទ្ធផល និង​វឌ្ឍនភាព​គម្រោង​សហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​នគរូបនីយកម្ម រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាលា​ក្រុងប៉ារីស នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ភាគខាងត្បូង​រាជធានី​ភ្នំពេញ គឺជា​ទំហំ នៃ​ការអភិវឌ្ឍន៍​ធំ​មួយ ដូច្នេះហើយ​បានជា​សាលាក្រុង​ប៉ារីស ដែលមាន​បទពិសោធន៍ នៃ​ការរៀបចំ​ទីក្រុង អោយមាន​ភាពស្រស់​បំព្រង និង​អោយ​តំបន់​នោះ ក្លាយជា​តំបន់​បៃតង ដែលមាន​បរិស្ថាន​ល្អ​។

លោក​អភិបាល​លើកឡើងថា រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​គ្រប់​វិស័យ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​នានា ក្នុង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​មានការ​អភិវឌ្ឍ​ឆ្លើយតប​នឹង​កំណើនប្រជាជន​ទីក្រុង ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស រហូតដល់​៣.២៥% ក្នុង​១​ឆ្នាំៗ​។ លោក​បន្តថា បច្ចុប្បន្ន​ចំនួន​ប្រជាជន​ទីក្រុង​ភ្នំពេញ បាន​កើនឡើង​រហូតដល់​១.៧​លាន​នាក់ គឺ​ប្រមាណ​ជាង​៥៦% នៃ​ប្រជាជន​ទីក្រុង ដែលជា​អ្នក​ចំណាកស្រុក ចូលមក​សិក្សា និង​ធ្វើការ​នៅក្នុង​ទីក្រុង ភ្នំពេញ​។​

​លោក​អភិបាល​ថ្លែង​ទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​នូវ​យន្តការ​៣ ទី​១​គឺ ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ជាមួយនឹង​វិស័យ​ឯកជន ទី​២ ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​ទីក្រុង​សម្ព័ន្ធមេត្រី និង​ទី​៣ ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​ថ្នល់ ស្ពាន ប្រព័ន្ធ​ប្រឡាយ​-​លូ បណ្តាញ​ទឹកស្អាត បណ្តាញ​អគ្គិសនី​សាធារណៈ បណ្តាញ​ទូរគមនាគមន៍ ការកែលម្អ​សួនច្បារ​សាធារណៈ សំណង់​អគារ​ខ្ពស់ៗ ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស និង​បន្ត​ពង្រីក​ផ្លូវ​មួយចំនួន ដើម្បី​ឆ្លើយតប​ទៅនឹង​លំហូរ​ចរាចរណ៍​នៃ​យានយន្ត អោយ​សោភ័ណភាព​កាន់តែ​ស្រស់​បំ​ពង្រ​ង និង​វិស័យ​បន្ថែមទៀត​។​

​អ្នកស្រី អេ​ឡូ​ឌី គុយ​អង់កា តំណាង​សាលាក្រុង​ប៉ារីស នៃ​សាធារណរដ្ឋ​ប៉ា​រាំង ថ្លែងថា ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ទីក្រុង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ជួបប្រទះ គឺមាន​ការងារ​ពីរ ត្រូវបាន​ដាក់អោយ​សិក្សា ទី​១ គឺ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ ដែល​សព្វថ្ងៃ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង និង​ទី​២​ការពង្រឹង​ការរំដោះ​និង​ការគ្រប់គ្រង​ច្រាំង​មាត់​ទន្លេសាប ព្រម​ជាមួយនឹង​ពង្រីក​ទៅ​ភាគ​ខាងជើង​នៃ​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​។​

​លោកស្រី​បន្តថា ដើម្បី​ធ្វើ​ការងារ​ខាងលើ​អោយបាន​ជោគជ័យ គឺមាន​វិធីសាស្ត្រ​មួយ​ត្រូវបាន​ស្នើឡើង​ជាពិសេស តាមរបៀប​វាស់វែង​ជាក់ស្តែង ទុកជា​មូលដ្ឋាន​ក្នុងការ​កែតម្រូវ​អោយ​ត្រូវ​នឹង តថភាព​ជាក់ស្តែង​ក្នុ​តំបន់​នោះ​។ វិធីសាស្ត្រ​នោះ​តម្រូវអោយ​យើង​ប្រើ​ទស្សនទាន​អន្តរ​វិស័យ និង​ពហុ​វិស័យ ដូច​មានការ​ងារ​រួម​ចម្រុះ ដែល​ទាមទារ​អោយ​អោយ​គ្រប់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​ជាមួយគ្នា ជាអាទ៍ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម​ម​និង​សំណង់ មន្ទីរ​នានា​ទីចាត់ការ​ជំនាញ ខណ្ឌ សង្កាត់ និង​រដ្ឋបាល​ផ្សេងៗ ទៀត​របស់​រាជធានី​ភ្នំពេញ​៕