Global Witness បញ្ចេញ​សំណុំ​ទិន្ន ន័យ​ក្រុមហ៊ុន​នៅ​កម្ពុជា ដើម្បី​អាច​តាម ដានពី​អំពើពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2018 ក+ ក-

​ភ្នំពេញ ៖ វិទ្យុ​បារាំង​ផ្សាយ​ជា​ខេមរភាសា បាន​ផ្សាយ​នៅ​ថ្ងៃទី​២៦ ខែមេសា នេះ​ថា អង្គការ Global Witness និង Open Corporates នៅ​ថ្ងៃទី​២៥ មេសា​ម្សិលមិញ​នេះ បាន​បញ្ចេញ​នូវ​សំណុំ​ទិន្នន័យ​ថ្មី​នៃ​ក្រុមហ៊ុន​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។ តាម​ស្ថាប័ន​ទាំងពីរ សំណុំ​ទិន្នន័យ​ថ្មី​នេះ​នឹង​ជួយ​ដល់​អ្នកសារព័ត៌មាន និង​សកម្មជន​សិទ្ធិមនុស្ស​អាច​ដឹង​ពី​ប្រភេទ​នៃ​អំពើពុករលួយ និង​ការបំពានច្បាប់​នានា​ដែលជា​ការជួយ​ពូន​ជ្រុំ​ឲ្យ​រដ្ឋអំណាច​ខ្មែរ​កាន់អំណាច​បាន​ជាង​៣០​ឆ្នាំ​មកនេះ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ចាត់ទុក​ការលើកឡើង​របស់​អង្គការ Global Witness​នេះ​ថា​ជាការ​យាយី​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​កម្ពុជា​។

​សំណុំ​ទិ​នុ្ន​ន័យ​ថ្មី​នៃ​ក្រុមហ៊ុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​នេះ គឺមាន​បង្ហាញ​លម្អិត​ពី​ឈ្មោះ​របស់​ក្រុមហ៊ុន ប្រភេទ​ក្រុមហ៊ុន ម្ចាស់​ក្រុមហ៊ុន អ្នកគ្រប់គ្រង​ក្រុមហ៊ុន និង​រយៈពេល​នៃ​ដំណើរការ​របស់​ក្រុមហ៊ុន​ជាដើម​។ អង្គការ Global Witness បាន​អះអាង​ឲ្យ​ដឹងថា សំណុំ​ទិន្នន័យ​ថ្មី​នេះ ត្រូវបាន​ក្រុមហ៊ុន Open Corporate ទាញយក​ទិន្នន័យ​ចេញពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដោយ​រកឃើញ​ព័ត៌មាន​នៃ​ក្រុមហ៊ុន​ថ្មីៗ​ជាង​១​ម៉ឺន​ក្រុមហ៊ុន​។ សំណុំ​ទិន្នន័យ​នៃ​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ននេះ ត្រូវ​បានដាក់​បង្ហាញ​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Open Corporate​។​

​លោកស្រី Emma Burnett មន្ត្រី​ផ្នែក​ធ្វើ​យុទ្ធនាការ​របស់​អង្គការ Global Witness បាន​លើកឡើងថា សំណុំ​ទិន្នន័យ​ថ្មី​នេះ គឺមាន​សារៈសំខាន់​ក្នុងការ​ស្វែងរក​នូវ​ការពិត​ក្នុងពេលដែល​វា​ពិបាក​ក្នុងការ​ទុកចិត្ត​ទៅលើ​ការចុះផ្សាយ​លើ​ទំព័រ​កាសែត​របស់​កម្ពុ​ជានា​នា​។ អង្គការ Global Witness សង្ឃឹមថា សំណុំ​ទិន្នន័យ​នេះ​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ចង់​រាយការណ៍​ពី​ភាពអយុត្តិធម៌​នានា​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វា​នឹងមិន​ត្រូវបាន​ប្រើប្រាស់​តែ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​នឹង​ប្រើប្រាស់​ជា​លក្ខណៈ​សាកល​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បានចាត់ទុក​ការបញ្ចេញ​ទិន្នន័យ​និង​ការលើកឡើង​របស់​អង្គការ Global Witness នេះ​ថា គ្រាន់តែ​ជា​ល្បិចកល​មួយ​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា​។ សម្រាប់​លោក​សុខ ឥសាន ក្រុមហ៊ុន​រកស៊ី​ទាំងអស់​នៅ​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ត្រឹមត្រូវ​ទៅតាម​ច្បាប់ ហើយ​ប្រសិនបើ​មាន​អំពើពុករលួយ និង​បំពាន​ច្បាប់​ណាមួយ​កើតឡើង​នោះ វា​មិនមែន​អាស្រ័យ​ទៅតាម​ការអះអាង​របស់​អង្គការ Global Witness ឬ​អ្នក​ណាមួយ​ឡើយ​។

​ទោះបីជា​យ៉ាងណាក៏ដោយ អង្គការ Global Witness បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស​ទាំងឡាយ​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​សមាជិក​រដ្ឋាភិបាល​ក​ម្ពុ​ជា​។ សមាជិក​រដ្ឋាភិបាល​ក​ម្ពុ​ជា​ដែល​អង្គការ​នេះ​ចាត់ទុកថា បាន​លួច​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង បានធ្វើ​ឲ្យ​ខូច​នូវ​លទ្ធិប្រជាធិបតេយ្យ ដោយ​រារាំង​កុំ​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​របស់ខ្លួន ឬ​ធ្វើ​វិនិយោគ​ជាដើម​។ សម្រាប់​អង្គការ Global Witness ទិន្នន័យ​ស្តីពី​ភាពជា​ម្ចាស់​នៃ​ក្រុមហ៊ុន គឺជា​គន្លឹះ​សំខាន់​ក្នុងការ​តាមដាន​នូវ​ទ្រព្យសម្បត្តិ​របស់​ឥស្ស​ជន​ពុករលួយ​នៅ​កម្ពុជា​។
​ជាការ​កត់សម្គាល់ នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​អង្គការ Global Witness បញ្ចេញ​ទិន្នន័យ​បែប​វាយប្រហារ​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ កន្លងមក អង្គការ​មួយ​នេះ​ធ្លាប់​បានធ្វើ​របាយការណ៍​ស្តីពី​ការកាប់​ព្រៃឈើ​នៅ​កម្ពុជា ក៏ដូចជា​របាយការណ៍​ស្តីពី​ក្រុមគ្រួសារ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្តោប​ក្តាប់​សេដ្ឋកិច្ចកម្ពុជា ព្រមទាំង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការចាប់ខ្លួន​លោក​កឹម សុខា​ជាដើម​។ សម្រាប់​លោក​សុខ ឥសាន អ្វីៗ​ដែល​អង្គការ Global Witness ធ្វើ​កន្លងមក​រហូតមក​ទល់​ពេលនេះ មាន​គោលបំណង​តែមួយគត់ គឺ​ដើម្បី​យាយី​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន និង​ដើម្បី​បង្ខូច​កិត្តិយស​របស់​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ​៕ ប្រភព ៖ RFI

(​ក្រុមគ្រួសារ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ធ្លាប់​ត្រូវបាន​អង្គការ​Global Witness អះអាងថា​ក្តោប​ក្តាប់​សេដ្ឋកិច្ចកម្ពុជា​@Samdech Hun Sen, Cambodia Prime Minister)​