រើស​បាន​គ្រាប់ ៦៩ ម​.​ម​. យកទៅ​ដំ​លេង ផ្ទុះ​ស្លាប់​ក្មេង​ម្នាក់ របួសធ្ងន់​បីនាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2018 ក+ ក-

​បាត់ដំបង ៖ កុមារា​វ័យ​១៣​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើត ហេតុ និង​បីនាក់​ផ្សេង​រងរបួស​ធ្ងន់ធ្ងរ ក្នុងករណី​ផ្ទុះ​គ្រាប់បែក​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​។ ករណីនេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៦ មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ទីតាំង​ភូមិ​អូរ​ជាំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង នៅ​គ្រា ដែល​ក្មេងៗ​ទាំង​បាន​យក​គ្រាប់​៦៩ មី​លី​ម៉ែត្រ មក​ដំ​លេង​ទើប​បណ្តាល​ឲ្យ​ផ្ទុះឡើង​តែម្តង​។

​បើតាម​មន្ត្រីនគរបាល​ថា ក្មេងរងគ្រោះ​មានឈ្មោះ ទី​១៖ ឈ្មោះ សំ ប្រុស អាយុ​១៣​ឆ្នាំ (​ស្លាប់​នៅ​កន្លែង​) ទី​២​ឈ្មោះ ភាក់ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៤​ឆ្នាំ របួសធ្ងន់​ទី​៣៖ ឈ្មោះ ទិ​ត្យ វណ្ណ អាយុ​១០​ឆ្នាំ របួសធ្ងន់ និង​ទី​៤៖ ឈ្មោះ សំ ថាប់ អាយុ​៥​ឆ្នាំ​របួសធ្ងន់​។

​ក្មេងរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ភ្លាមៗ​សមត្ថកិច្ច​ថា គ្រាប់​ដែល​ផ្ទុះ​នោះ​ជា​ប្រភេទ​គ្រាប់ M69mm​។​
​ឯ​.​ឧ ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​បញ្ជាក់ថា ឃុំ​កំពង់​ល្ពៅ​នេះ មាន​គ្រាប់​មីនតោន​ក៏​ច្រើនណាស់​ភាគច្រើន​មាន​២-៣​ជាន់ និង​សំរុក​ដាក់​នៅ​ចុងឆ្នាំ​១៩៩៧-៩៨​។

​នេះហើយ​ជា​កាកសំណល់​សង្គ្រាម សង្គ្រាម​ត្រូវបាន​បញ្ចប់​តែ​ការឈឺចាប់​មិនទាន់​ចប់​នៅឡើយ​ទេ សូម​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​និង​គ្រួសារ​រងរបួស​និង​កុមារៗ​រងរបួស​ឆាប់​ជា​ស្បះ​ស្បើយ​ឡើងវិញ​។​

​បើតាម​អាជ្ញាធរ​មីន ចំពោះ​ហេតុការណ៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា មានការ​សោកស្តាយ​យ៉ាងខ្លាំង ដែល​កុមារ​កម្ពុជា នៅតែ​បន្ត​រងគ្រោះថ្នាក់ និង​ស្លាប់បាត់​បង់ជីវិត​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​អាជ្ញាធរ​មីន នឹង​បន្ត​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ការអប់រំ ផ្សព្វផ្សាយ​ពី​គ្រោះ​ថា្នក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ឱ្យបាន​កាន់តែ​ទូលំទូលាយ​ទៅកាន់​ប្រជាពលរដ្ឋ ជាពិសេស​កុមារ​នៅតាម​សាលារៀន ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជាពិសេស​តំបន់​ដែលមាន​គ្រោះថ្នាក់​ញឹកញាប់​៕