ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យ​សំណើ​បង្កើត គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនលោក គង់ គាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2018 ក+ ក-

​ភ្នំពេញ ៖ លោក នាយ​ឧ​ត្ត​ម​សេនីយ ខៀវ សុភ័ក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​នៅ​ថ្ងៃ ទី ២៧ ខែមេសា ឆ្នាំ​២០១៨ ថា ឯកសារ​នៃ​ពាក្យស្នើសុំ​បង្កើត គណបក្ស​ថ្មី​នោះ​កំពុង​ត្រូវបាន​ត្រួត ពិនិត្យ​។ ការបញ្ជាក់​ដូច្នេះ នៅ​គ្រា​ដែល​កូនប្រុស​ពៅ​របស់លោក គង់ គាំ លោក គង់ មុនី​កា បាន ដាក់​លិខិត​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​ចូល​អគ្គនាយកដ្ឋាន​រដ្ឋ​បាល​នៃ​ក្រសួងមហាផ្ទៃ កាលពី​រសៀល ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​សុំ​ចុះឈ្មោះ​ជា​ផ្លូវការ​។​

​លោក គង់ មុនី​កា បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នៅ​រសៀល​ថ្ងៃ ទី​២៦ ខែមេសា នេះ​ថា គោលបំណង​របស់លោក គឺ​ប្រមែ​ល​ប្រមូល អតីត សមាជិក​គណបក្ស សង្គ្រោះ​ជាតិ​ដែល​កំពុង​វិលវល់​មិនមាន​កោះ ត្រើយ​ឲ្យ មក ចូល រួម​ក្នុង​គណបក្ស​ថ្មី​នេះ​។ លោក មាន​សង្ឃឹមថា អ្នកគាំទ្រ​អតីត​គណ បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ នឹង​ងាក​មក​គាំទ្រ​គណបក្ស​ថ្មី របស់ លោក​បន្ទាប់ ពី​លេច ចេញ​ជា​រូបរាង​នាពេលខាងមុខ​។​

កាលពី​ថ្ងៃ​២៥ ខែមេសា លោក គង់ មុនី​កា បានចេញ​សេចក្ដីប្រកាស និង​អំពាវនាវ​មួយ​សុំ ឲ្យ អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ជួយ​គាំទ្រ​គណបក្ស​បង្កើត​ថ្មី​ដែល​លោក គង់ មុនី​កា បានគ្រោង​ដាក់ឈ្មោះថា “ គណបក្ស ឆន្ទៈ​ខ្មែរ​“​។​នៅ​ព្រឹក​ថ្ងៃ​២៦ មេសា ក្រុម​ស្ថាបនិក ចំនួន ៧ បាន​បើក​កិច្ច ប្រជុំ​ជា លើកដំបូង​របស់ខ្លួន ដើម្បី​រៀបចំ​បែបបទ​ដាក់​ទៅ​ក្រសួងមហាផ្ទៃ តាម​នីតិ វិធី ស្ដីពី​ការបង្កើត​គណបក្សនយោបាយ​និង​សមាសភាព​ចូលរួម​បង្កើត​ចំនួន​៨០​រូប​។ បន្ទាប់ពី ប្រកាស បង្កើត គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនី​កា កំពុង​ប្រមែប្រមូល​ស្នាម​មេដៃ ឱ្យ​គ្រប់​តាម លក្ខខណ្ឌ​ដើម្បី​ដាក់ជូន​ក្រសួងមហាផ្ទៃ​។ លោក​បាន​បញ្ជាក់ថា ការចុះបញ្ជី​នឹងធ្វើ ឱ្យទាន់ពេល វេលា​ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​។​

​គួរ​បញ្ជាក់ថា គិត​មកដល់ពេលនេះ​មាន​គណបក្ស​ចំនួន​៣៧​បក្ស ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហា ផ្ទៃ និង​មាន​សិទ្ធិ​ចុះឈ្មោះ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ចុះបញ្ជី​ឈ្មោះ​បេក្ខជន ឈរ ឈ្មោះ​បោះឆ្នោត​ខែកក្កដា ២០១៨​នេះ​បាន​» ។ តំណាង​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក គង់ មុនី​កា ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​លោក​គង់ គាំ​អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី បាន ប្រកាស​តំណាង​ឲ្យ​ក្រុម​អ្នកនយោបាយ​ប្រជាធិបតេយ្យ​សេរី​មួយក្រុម​ថា នឹង​នាំគ្នា​បង្កើត​គណបក្ស ឆន្ទៈ​ខ្មែរ ចូលរួម​បោះឆ្នោត​ខែកក្កដា ២០១៨៕