រថយន្ត​ឡិច​ស៊ី​ស បុក​រថយន្ត​ស៊ីទែន​ដឹក​ប្រេង នៅ​ស្រុក​ស្រែអំបិល ស្លាប់​៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2018 ក+ ក-

​កោះកុង ៖ មនុស្ស​ចំនួន​៥​នាក់ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង រថយន្ត​លុច​ស៊ី​ស បុក​រថយន្ត​ដឹក​ស៊ីទែន​ប្រេងឥន្ធនៈ ហើយ​បាន​ផ្ទុះ​ឆេះ​ស្លាប់​នៅក្នុង​រថយន្ត​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា នោះ នាពេលនេះ បាន​ស្គាល់​អត្តសញ្ញាណ ចំនួន​បួន​នាក់​ហើយ នៅសល់​ម្នាក់ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ស្រុក​កំពង់សីលា សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្រែអំបិល បាន​ឲ្យ​ដឹង ថា បន្ទាប់ពី​ការ​កាត់​គ្រោង​ដែក​របស់​រថយន្ដ ដើម្បី​យក​សព​ជនរងគ្រោះ​ចេញ​ក្រៅ រកឃើញ​សព​ជនរងគ្រោះ​៥​នាក់ ក្នុងនោះ​អាចមាន​ស្ដ្រី​ផងដែរ ព្រោះ​ឃើញ​មាន​កងដៃ​នៅលើ​សាកសព​។ សព​ក្នុង​រថយន្ដ Lexus470 អាចជា​គ្រួសារ​នឹង​គ្នា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន បាន​បញ្ជាក់ថា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រកឃើញ​អត្ត សញ្ញាណ​ជនរងគ្រោះ​ទាំងនោះ ហើយ​តាមរយៈ ឈ្មោះ ខេង ញ៉ ដែល​ត្រូវជា​ឪពុក​បង្កើត​អ្នកបើករថយន្ត​លុច​ស៊ី​សព​ណ៌​ស្ក ស្លាក​លេខ ភ្នំពេញ 2H-3679 ឈ្មោះ ធេង ដា​វុន ។ បុរស​ជា​ឪពុក ជន រងគ្រោះ​បាន​បញ្ជាក់ថា នៅក្នុង​រថយន្ត​លុច​ស៊ី​សមានជន​រងគ្រោះ​ចំនួន​ប្រាំ​នាក់​មានឈ្មោះ​១- ធេង ដា​វុន កើត​ឆ្នាំ​១៩៩០ ភេទ​ប្រុស នៅ​ខេត្ត ព្រះសីហនុ ជា​មន្ត្រី​សាធារណការ ខេត្តកំពត​អ្នកបើកបរ ។ ២-​ឈ្មោះ យ៉ា ភេទ​ប្រុស នៅ​ខេត្ត​ព្រះសីហនុ​។ ៣-​ឈ្មោះ​ដា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ខេត្ត​ព្រះសីហនុ​។ ៤-​ឈ្មោះ ឈឹម រដ្ឋា ស្រី អាយ​២១​ឆ្នាំ​បុគ្គលិក​លក់ ដូរ​នៅ ភោជនីយដ្ឋាន ខេត្ត​ព្រះ សីហនុ និង ម្នាក់ទៀត​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​។​

​គួររំលឹកថា​វេលា​ម៉ោង ៧:៣០​ព្រឹក​ថ្ងៃទី​២៨.​ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​លើផ្លូវ​ជាតិ​លេខ រវាង​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន ptt និង​រថយន្ត​លុច​ស៊ី​ស ដែលមាន​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​។ លុះ​មក​ចំណុចកើតហេតុ​នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ 141-142​ស្ថិត​ក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង រថយន្ត​លុច​ស៊ី​ស 470 ពណ៌​ទឹក ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-3679 មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ បាន​បុក​ជា មួយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ដែលមាន​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​។​

​ក្នុង​ហេតុការណ៍​នេះ បណ្ដាល​ឲ្យ រងរបួស​មនុស្ស​ចំនួន​២​នាក់ និង​ស្លាប់​៥​នាក់​។ ចំណែក​អ្នករបួសធ្ងន់ ជា​ភាគី​ខាង​រថយន្ត​ដឹក​ប្រេង​ឈ្មោះ ផាន វិបុល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្រុងភ្នំពេញ មុខរបរ​បើកបរ រថយន្ត​ដឹក​ប្រេង និង​ឈ្មោះ ផាន សុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​អាស័យដ្ឋាន​ជាមួយគ្នា ។

តាម​ការសន្និដ្ឋាន​ដំបូង មូលហេតុ​ខាងលើ​បង្កដោយ​រថយន្ត​លុច​ស៊ី​សបាន​ព្យាយាម​វ៉ា​រថយន្ត មួយគ្រឿង​ផ្សេងទៀត​ដែល​រត់​ស្រប​ទិស​គ្នា​តែ​វ៉ា​មិន​ផុត ហើយក៏​ជ្រុល​ចូលទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ហើយ​បុក​រថយន្ត​ដឹក​ប្រេង​ដែល​រត់​ច្រាសទិស​គ្នា​មកពី​ខាងមុខ ពេញទំហឹង បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​តែម្តង​៕