នាយករដ្ឋមន្ត្រី​ប្រាប់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ដល់ព័ត៌មាន​ពិត និង​ទទួលខុសត្រូវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​សារលិខិត​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​”​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​”​នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​សរសេរ ថា ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំនេះ បាន​ផ្ដោតលើ​ប្រធានបទ​ស្ដីពី​”​ប្រព័ន្ធ​ផ្សព្វផ្សាយ​យុត្តិធម៌ និង​នីតិរដ្ឋ​” គឺ​ពិត​ជាមាន​សារៈសំខាន់ ស្របតាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចង់បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ថាមពល និង​ប្រកបដោយ​គុណភាព យុត្តិធម៌ និង​ការទទួលខុសត្រូវ ក្នុងការ​ផ្ដល់ព័ត៌មាន​ពិត ដែលជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​ការពិត​ជាក់ស្ដែង​ក្នុងសង្គម មិន​ឲ្យ​ឆ្វេ​ក​ពេក មិន​ស្ដាំ​ពេក គឺ​ចលនា​កណ្ដាល​និយម ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​។

​ម្យ៉ាងទៀត​នោះ គឺ​ត្រូវ​ហ៊ាន​និយាយ​ការពិត និង​ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា ដើម្បី​ចូលរួម​ក្នុងការ​លើកស្ទួយ​លិ​ទ្ធិ​ប្រជាធិបតេយ្យ ការកសាង​សង្គម​មួយ​មាន​យុត្តិធម៌ នីតិរដ្ឋ សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែលជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។

សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្ដល់​អនុសាសន៍​ក្នុង​សារលិខិត​នេះ ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​យុត្តិធម៌ និង​ប្រទេសមួយ​មាន​នីតិរដ្ឋ គឺ​ទាមទារ​ឲ្យ​អ្នកសារព័ត៌មាន​ត្រូវខិតខំ​ប្រឹងប្រែង​បន្តទៀត នូវ​ការអភិវឌ្ឍ​សមត្ថភាព​យល់ដឹង​រប​ស់​ខ្លួន និង​មាន​ភាពស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ក្លាហាន​ហ៊ាន​និយាយ​ការពិត និង​ដោយ​ហ៊ាន​ទទួលយក​ការពិត ដើម្បី​ឲ្យ​ព័ត៌មាន​របស់ខ្លួន​ក្លាយជា​ព័ត៌មាន​ពិត ហើយ​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​តថភាព​សង្គម ដើម្បី​ចូលរួម​ប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់ ប្រព័ន្ធយុត្តិធម៌ និង​ការកែទម្រង់រដ្ឋបាល​សាធារណៈ ហើយ​ការងារ​របស់​អ្នកកាសែត ដែល​ត្រូវបំពេញ​មាន​ច្រើនណាស់ ទាំង​នៅពេល​បច្ចុប្បន្ន និង​នៅពេល​អនាគត​។​

​សម្ដេច​តេ​ជោ​ហ៊ុន សែន ក៏បាន​បញ្ជាក់​ក្នុង​សារលិខិត​នេះ​ផងដែរ ថា នៅ​ខែកក្កដា ឆ្នាំ​២០១៨​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​ប្រកាន់​ភាពយុត្តិធម៌ ធ្វើការ​ចូលរួម​ម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត ដើម្បី​ធានា​ឲ្យ​បរិយាកាស​នយោបាយ និង​ដំណើរការ​នៃ​ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​ស​សេរី ត្រឹមត្រូវ យុត្តិធម៌ ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​អាច​ទទួលយកបាន​គ្រប់ភាគី​ពាក់ព័ន្ធ​៕