កម្ពុជា​បញ្ជូន​កម្លាំង​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​ UN
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2018 ក+ ក-

​ភ្នំពេញ ៖ កម្ពុជា​បញ្ជូន​កងកម្លាំង​នៃ​កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ ១៩៨ ចំនួន​១៦៥​នាក់ កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ ១៣២ ចំនួន ១៤៤​នាក់ និង​កង​អាវុធហត្ថ​លេខ ៦៨១ ចំនួន ១១៩​នាក់ ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ាលី និង​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​។

​នៅក្នុង​ពិធី​ជូន​ដំណើរ​កងកម្លាំង​មួក​ខៀវ​កម្ពុជា នា​ថ្ងៃទី​៣ ខែឧសភា​នេះ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង រាជធានី​ភ្នំពេញ លោកនាយ​សេនីយ៍ សែម សុវណ្ណនី បញ្ជាក់​អំពី​ការបំពេញភារកិច្ច​រប​ស់​កង​ទាំង​៣ និង​ការយកចិត្តទុកដាក់​ខ្ពស់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការងារ​ត្រៀម​រៀបចំ​គ្រប់ផ្នែក​ទាំង​ឧបករណ៍ សម្ភារៈ មធ្យោបាយ ការហ្វឹកហ្វឺន​កម្លាំង ការរៀបចំ​រចនាសម្ព័ន្ធ និង​ធនធានមនុស្ស ដើម្បី​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន មេបញ្ជាការ​កងយោធពល​ខេរ​ភូមិន្ទ ក្នុងនាម​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ​នៃ​កង​ខេមរភូមិន្ទ បាន​ថ្លែង​ក្នុងពេល​ថ្មីៗ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់ UN កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​បន្ត​បេសកកម្ម សកម្ម​ភាពជា​អាទិភាព ក្នុងការ​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថេរភាព​នៅក្នុង​ប្រទេស ក៏ដូចជា​បន្តសកម្មភាព​មនុស្សធម៌ តាមរយៈ​ការចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។

លោក​បានបញ្ជាក់​ជំហរ​ជាថ្មី​ថា ទោះបី​កងទ័ព​កម្ពុជា​ត្រូវបាន​រង​វាយប្រហា​ពី​ក្រុម​ឧទាម​នៅ​ប្រ​ទេ​s​ម៉ាលី ក៏ប៉ុន្តែ​កម្ពុជា​មិន​រាថយ នៅតែ​តស៊ូ​ប្តូរផ្តាច់​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ហើយ​កម្ពុជា​ប្តេជ្ញាចិត្ត​បង្កើន​កម្លាំង​បន្ថែមទៀត​ដើម្បី​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព និង​មនុស្សធម៌​នៅក្នុង​លោក​។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ផ្តាំផ្ញើ​ដល់​កម្លាំង​ទាំងអស់​ដែល​នឹង​ចេញដំណើរ​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅ​អង្គការសហប្រជាជាតិ ត្រូវ​ប្រកាន់ខ្ជាប់ និង​អនុវត្ត​ឱ្យបាន​ដាច់ខាត បទបញ្ជា និង​អនុសាសន៍ ៤​ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានលើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជូន​ដំណើរ​កងអនុសេនាធំ​លេខ​១៣៥ ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​កាលពីពេល​កន្លងទៅ​ត្រូវមាន​វិន័យ​ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជា​ទាំងឡាយ​របស់​UN រក្សាបាន​ភាពថ្លៃថ្នូរ និង​កិត្តិយស​របស់​កង​ខេមរភូមិន្ទ និង​ប្រទេសជាតិ ត្រូវ​ចាប់​ឱកាស​ដើម្បី​រៀនសូត្រ​ដក​ពិសោធន៍​បង្កើន​ចំណេះដឹង និង​ស្វែងយល់​អំពី​របៀបរបប​ធ្វើការ​របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ជា​ប្រព័ន្ធ​អន្តរជាតិ​ពិសេស​ត្រូវមាន​សាមគ្គី ឯកភាព ចេះ​គោរព​ស្រឡាញ់ និង​ជួយ​ថែរក្សា​គ្នា​ទៅវិញទៅមក សំដៅ​សម្រេច​នូវ​ភារកិច្ច​បន្ត​ខិតខំ​រៀនសូត្រ​ភាសា​បន្ថែមទៀត ។ ត្រូវ​ស្វែងយល់​ពី​ស្ថានភាព​ភូមិសាស្ត្រ នយោបាយ​សង្គម ការ​ប្រឈម នៃ​បេសកកម្ម យកចិត្តទុកដាក់​រៀប​ចំ​កម្លាំង ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​គ្រប់​ប្រភេទ ដែល​អាច​កើតមានឡើង ប្រយុទ្ធ​ប៉ះទង្គិច​គ្នា រវាង​ក្រុម​ប្រដាប់អាវុធ​នានា​ដោយ​ការវាយប្រហារ​ពួនស្ទាក់ ឬ​គ្រោះថ្នាក់​ធម្មជាតិ​គ្រោះថ្នាក់​នានា​។

សូមបញ្ជាក់ថា បច្ចុប្បន្ន​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា កំពុង​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​ចំនួន​៨ មាន នៅ​សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាយ​ប្រឺស ស៊ី​រី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​សរុប​ចំនួន ៥២៥៧​នាក់ លើ​មុខជំនាញ​បោសសំអាត​មីន កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យ​កម្រិត​២ វិស្វកម្ម​សំណង់ វិស្វកម្ម​ព្រលានយន្តហោះ នាយទាហាន​សេនាធិការ និង​សង្កេតការណ៍​៕​