កម្ពុ​ជាមាន​កម្លាំង​ពលកម្ម​ចម្រុះ​ជាង​១០​លាន​នាក់ កំពុង​បម្រើការ​ក្នុង​ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2018 ក+ ក-

​ភ្នំពេញ ៖ វិស័យ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា មើលឃើញថា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​អត្រា​មានការ​ងារ​ធ្វើ ក្នុង​ឆ្នាំ​២០១៨ មាន​រហូតដល់ ៩៩,៣​ភាគរយ រឺ ស្មើនឹង​កម្លាំង​ពលកម្ម​សរុប​ជាង​១០​លាន​នាក់​។​

​យោងតាម​របាយ​ការ​ណ៌​របស់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហាញថា ក្នុង​ឆ្នាំ​២០១៨​នេះ ចំនួន សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ចំនួន​សរុប​ជាង​១​ម៉ឺន​២​ពាន់​គ្រឹះស្ថាន ចំនួន​នេះ​កើនឡើង​ន​ប្រមាណ​១០%​ពី​ឆ្នាំមុន ដែល​កំពុងផ្តល់​ការងារ​ដល់​កម្មករនិយោជិត​សរុប​ជិត​១​លាន​៥​សែន​នាក់ ក្នុងនោះ​មាន​កម្លាំង​ជា​ស្ត្រី​មាន​ជាង​៨​សែន​នាក់ គឺ​កើនឡើង​ជាង​២១% ។

​ចំណែក​ចំនួន​សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​មាន​ចំនួន​សរុប ជិត​៦០​ម៉ឺន​សហគ្រាស ក្នុងនោះ​មានកម្ម​ករ​ជាង​២​លាន​៤​សែន​នាក់​! កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​មាន​ប្រមាណ​ជាង​៤​លាន​នាក់​! ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស មាន​ប្រមាណ​១​លាន​២​សែន​នាក់ និង​មន្ត្រី​សាធារណៈ ជាង​៥​សែន​នាក់ ។

​តាម​ការលើកឡើង​រប​ស់ លោក អ៊ិត សំហេង នាពេល​កន្លងមក​បាន​បញ្ជាក់ថា​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​កែទម្រង់ ដោយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព ដែល​ធ្វើឱ្យ​លក្ខខណ្ឌ​ការងារ និង​ការទំនាក់ទំនង​វិជ្ជាជីវៈ​កាន់​តែមាន​ភាពប្រសើរឡើង​។ ទន្ទឹមនឹងនេះ បញ្ហា​កូដកម្ម បាតុកម្ម ត្រូវបាន​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ។ យន្ដការ​ត្រីភាគី​ត្រូវបាន​ពង្រឹង និង​បន្ដ​តួនាទី​ដ៏​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា ដែល​ទាក់ទង​នឹង​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត និង​និយោជក » ។​

គួរ​កត់សំគាល់ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ក្នុង​ឆ្នាំ​២០១៨ ត្រូវបាន​ដំឡើង​ពី​ចំនួន​១៥៣​ដុល្លារ​ដល់​១៧០​ដុល្លារ គឺ​កើន​១១,១% បើ​គិតពី​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត កម្មករនិយោជិត​ម្នាក់ៗ​អាច​ទទួលបាន​ប្រាក់ចំណូល​ពី​១៨៧ ទៅ​១៩៨​ដុល្លារ​អាមេរិក​ក្នុង​១​ខែ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ធានា​ការលើកកម្ពស់​ជីវភាព​របស់​កម្មករនិយោជិត​ផងដែរ ។ លោក​ក៏បាន​លើកឡើងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ កម្ពុ​ជាមាន​សហជីព​មូលដ្ឋាន​កើន​រហូតដល់​ចំនួន​៤.២២៧, សហព័ន្ធ​សហជីព​១៥៨, សហភាព​សហជីព​២៥, សមាគម​៩, អង្គការ​៤ និង​សមាគម​និយោជក​៨ ​៕