ស្រវឹងស្រា​យក​សាំង​ចាក់​ដុត​ខ្លួន​ឆេះ​ស្លាប់​ទាំង​មនុស្ស ឆេះ​អស់ទាំង​ផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2018 ក+ ក-

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ស្រ​វី​ង​ស្រា​ជោកជាំ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​រហូត​ឈានដល់​យក​ដប​សាំង​មកចាក់​ស្រោច​ចាក់​ដុត​សំលាប់ខ្លួន​បណ្តាលអោយ​ឆេះ​ស្លាប់​ទាំង​មនុស្ស និង​ឆេះ​ផ្ទះ​អស់​។​

លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ បានបញ្ជាក់​ប្រាប់អោយដឹង​ថា ហេតុការណ៍​អគ្គីភ័យ​ឆេះ​ស្លាប់​ទាំង​មនុស្ស និង​ឆេះ​ផ្ទះ​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២០៖១០​នាទី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​១៤ ស្ថិតក្នុង​ភូមិ​បាយ​ដំរាំ ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

ជនរងគ្រោះ​ដែល​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅក្នុង​ភ្នក់ភ្លើង​ឈ្មោះ ភ្លឿ​ន ទិ​ត្យ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ បាន​ស្រវឹងស្រា​ហើយ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​រួច​បាន​យក​សាំង​ចាក់​
​ដុត​ខ្លួន​បណ្តាលអោយ​ផ្ទុះ​ឆេះ​ស្លាប់​ទាំង​មនុស្ស​និង​ឆេះ​ផ្ទះ​ទំហំ​៥​ម៉ែត្រ​×៤​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី រួមទាំង​សម្ភារៈ​នៅក្នុង​ផ្ទះ​ឆេះ​អស់ទាំង​ស្រុង​។​

លោក​អធិការ​បន្តថា នៅក្នុង​ហេតុការណ៍​ឆេះ​ខាងលើ​នេះដែរ​ក្រុម​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានមក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​មួយ​ឡាន​ផងដែរ​៕