ល្បួង​ប្រពន្ធ​គេ​ទៅ​ដេក​លែង​បាន គំរាម​ទម្លាយ​រឿងអាស្រូវផ្លូវភេទ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2018 ក+ ក-

ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​ជននេះ​ធ្វើ​សកម្មភាព​ល្បួង​ប្រពន្ធ​អ្នកដទៃ​ទៅ​ចូល​ផ្ទះសំណាក់​សម្រេចបាន​ម្ដង ពេលនោះ នាងរង​គ្រោះ​មិន​ហ៊ាន​យក​រឿងនេះ​ប្រាប់​ប្ដី​ទេ ព្រោះ​ខ្លាច​មានរឿង​រ៉ាវ និង​ខ្លាច​ប្ដី​លែង​ចោល​។ លុះ​ក្រោយមកទៀត​ជនសង្ស័យ​បាន​សុំ​នាង​រួមភេទ​ទៀត ប៉ុន្តែ​នាង​មិន​ព្រម ស្រាប់តែ​ជន នេះ​បាន​គំរាម​សម្លាប់ចោល រួមទាំង​គំរាមថា និង​ទម្លាយ​រឿងនេះ​ប្រាប់​ឲ្យ​ប្ដី​របស់​នាង​ដឹង​។ ចំណែក​ស្ត្រី​រងគ្រោះ​ដោយ​ខ្លាច​ជន​នោះ​និយាយប្រាប់​ប្ដី ក៏បាន​យល់​ព្រមទៅ​ដេក​ជាមួយ​ជន​នោះ​ជា​បន្តបន្ទាប់​ទៀត ប៉ុន្តែ​នៅ​លើកចុងក្រោយ ដោយ​ទ្រាំលែងបាន នាង​បាន​យក​រឿងនេះ​ទៅប្រាប់​ប្ដី​ដោយ​ខ្លួនឯង ទើប​បុរស​ជា​ប្ដី​សម្រេច​ដឹក​ដៃ​ប្រពន្ធ​ទៅប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​បុរស​កំហូច​នោះ​តែម្ដង​។​

​សូមជម្រាបថា ការចាប់ខ្លួន​នោះបាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៣​ខែឧសភា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ប៉ុន្តែ​សមត្ថកិច្ច​ទើប​បង្ហាញ​ឯកសារ​ដល់​អ្នកកាសែត​នៅ​ថ្ងៃទី​៤ ខែឧសភា នេះ​។​

​ជនសង្ស័យ​ម្នាក់នេះ​ឈ្មោះ ហេង ហួត ហៅ ម៉ាំង អាយុ​២៩​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​អ៊ី​វ៉ា់ន់​រោងចក្រ មាន​ទីលំនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ក​.​អ អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ក្រាំង​ក្រួច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​អំឡុង ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦ និង​០០​នាទី​ល្ងាច ខណៈដែល​ស្ត្រី​ដែលជា​ជនរងគ្រោះ​ខាងលើ កំពុងស្ថិត​នៅផ្ទះ​ម្តាយក្មេក នៅ​ភូមិ ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ មាន​មិត្តភក្ដិ​របស់​នាង​ម្នាក់ទៀត​ឈ្មោះ ហេង សុខ​ហួយ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ឲ្យ​នាង​ទៅ​ផឹកស៊ី​ជាមួយ​នៅផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ហេង ហួត ហៅ​ម៉ាំង ដែលមាន​ទីតាំង ស្ថិតនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ។

​ប្រភព​ដដែល​បាន​បន្តទៀតថា ពេលនោះ​នាងរង​គ្រោះ​ក៏បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ឌុប​កូនប្រុស​ម្នាក់​អាយុ​៩​ឆ្នាំ ទៅ​ចូលរួម​ផឹកស៊ី​ដែល ក្នុងនោះ​នៅក្នុង​វង់​ផឹកស៊ី​មាន​គ្នា​ចំនួន​៥​នាក់​។ រួមមាន ទី​១​ឈ្មោះ ហេង សុខ​ហួយ ដែលជា​មិត្តភក្ដិ របស់​នាង ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ជនសង្ស័យ​,​ទី​២​ឈ្មោះ ឆេង គឹម​សាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ,​ទី​៣ ជនសង្ស័យ ហេង ហួត ហៅ ម៉ាំង ,​ទី​៤​ឈ្មោះ ភុំ នី​ម ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​ប្រពន្ធ​របស់​ជនសង្ស័យ និង​ទី​៥ ស្ត្រី​រងគ្រោះ ។​ការផឹកស៊ី​នោះ បាន​ប្រព្រឹត្តទៅ​រហូតដល់​វេលា​ម៉ោង ១៩​និង​០០​នាទី​យប់​ថ្ងៃ​ដដែល ស្ត្រី​រងគ្រោះ​សុំ​ទៅផ្ទះ​មុន តែ​ជនសង្ស័យ និង​អ្នកផឹកស៊ី​ខាងលើ​បាន​ឃាត់​មិន​ឲ្យ​ទៅ​ទេ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​លួច​ដក​ក្បាល​ប៊ូស៊ី ម៉ូតូ របស់​នាង​យក​លាក់ទុក​ទៀតផង ។​

ប្រភព​ខាងលើ​បាន​បន្តថា ដោយសារ​បែបនេះ នាង​បាន​នៅ​ផឹក​បន្ត​រហូតដល់​វេលា​ម៉ោង​២០ និង​០០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ស្ត្រី​ឈ្មោះ ហេង សុខ​ហួយ រួម​និង​ជនសង្ស័យ​បាន​និយាយ លួងលោម​ជនរងគ្រោះ​ទៅ​ច្រៀង​ខារ៉ាអូខេ ស្ថិតនៅ​ភូមិ​សង្កាត់​បឹង​សាឡាង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ។​លុះ រហូតដល់​វេលា​ម៉ោង​០១​និង ៣០​នាទី​យប់ ឈប់​ច្រៀង ជនរងគ្រោះ​មាន​សភាព​ស្រវឹងស្រា​ខ្លាំង ក៏ត្រូវ​ជនសង្ស័យ​បាន​បើក​ម៉ូតូឌុប​ជនរងគ្រោះ​ចូលទៅ​ផ្ទះសំណាក់​ស្ថិតនៅ​ម្តុំ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​បន្តថា ដោយសារ​ក្រោយៗ​មកទៀត​ជនសង្ស័យ​ចេះតែ​បបួល​ស្ត្រី​រងគ្រោះ រួមទាំង​គំរាម​យក​រឿ​នេះ ទៅប្រាប់​ប្តី​របស់​ស្ត្រី​រងគ្រោះ ទើប​ជនរងគ្រោះ ចេះតែ​ព្រមទៅ​ជាមួយ​ជនសង្ស័យ​ជា​បន្តបន្ទាប់ ។ លុះ​ក្រោយមកទៀត​ដោយ​ទ្រាំលែងបាន ស្ត្រី​រងគ្រោះ​សម្រេចយក​រឿងនេះ​ប្រាប់​ខ្លួន ដោយ​ខ្លួនឯង​ផ្ទាល់​តែម្តង ហើយ​ប្ដី​របស់​ស្ត្រី​រងគ្រោះ​នាំ​នាង​ទៅប្តឹង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល​នៅត្រង់ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យកមក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្ដង​៕