កម្ពុជា​ជំរុញ​បង្កើន​ការនាំចេញ​កសិផល​កែច្នៃ​ឲ្យ​បាន​១២% ពី​ពេលនេះ​ដល់​ឆ្នាំ​២០២៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2018 ក+ ក-

​ភ្នំពេញ ៖ ខណៈដែល​វិស័យ​កសិកម្ម កំពុង​ចូល​រូ​ម​ចំណែក​ប្រមាណ​២៥​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា កម្ពុជា​កំពុង​ជំរុញ​ការនាំចេញ​ផលិតផល​កែច្នៃ​កសិកម្ម​ឲ្យ​បាន​១២% នៃ​បរិមាណ​នាំចេញ​សរុប នា​ឆ្នាំ​២០២៥​។

​តាម​ការលើកឡើង​រប​ស់ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅនេះ បង្ហាញថា វិស័យ​កសិកម្ម បាន​ចូលរួមចំណែក ២៤,៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​២០១៧​។ ជាក់ស្តែង ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ បាន​កើន​ឡើងដល់​ជាង​៥​លាន​១​សែន​តោន ខណៈដែល​កាលពី​ឆ្នាំ​២០១៦ មាន​ចំនួន ៤​លាន​៧​សែន​តោន ។

​ទោះជា​យ៉ាងណា ក្រសួងកសិកម្ម បាន​បង្ហាញថា ការនាំចេញ​កសិផលរ​បស់​កម្ពុជា ពុំទាន់​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែលមាន​គោលដៅ​សំខាន់​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នៅឡើយ ដែល​កំណត់​ការនាំចេញ​ផលិតផល​កែច្នៃ​កសិកម្ម​ឲ្យ​បាន​១២% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥​។ ទន្ទឹមនេះ លោក វេ​ង សាខុន បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៧-២០១៨ កំណើន​វិស័យ​កសិកម្ម​របស់​កម្ពុជា បាន​កើនឡើង​ជិត ២% ។​

​ក្នុង​កំណើន​នៃ​វិស័យ​កសិកម្ម​នេះ រួមមាន​ផ្នែក​ដំណាំ​មាន​ចំនួន​៥៨,៥%! ផ្នែក​ផលិតកម្ម​សត្វ​១១,២%! ផ្នែក​ជលផល ២៣,៥%! និង​ផ្នែក​ព្រៃឈើ​៦,៨%​។ ចំពោះ​ផ្នែក​ដំណាំ​ស្រូវ នៅ​ឆ្នាំ​២០១៧ បរិមាណ​ផល​ស្រូវវស្សា ប្រមូល​ផល​បាន ជាង​៨​លាន​៥​ម៉ឺន​តោន និង​បរិមាណ​ផល​ស្រូវ​រដូវប្រាំង ប្រមូល​ផល​បាន​ជាង​២​លាន​៤៧​ម៉ឺន​។
​ទិន្នផល​នេះ បានធ្វើអោយ​កម្ពុជា មាន​អតិរេក ឬ​នៅសល់​ស្រូវ ជាង​៥​លាន​៥​សែន​តោន គិត​ជា​អង្ករ​ស្មើនឹង ជាង​៣​លាន​៥​សែន​តោន​។ ក្នុង​ក្របខណ្ឌ​នៃ​ច្រកចេញ​-​ចូល​តែមួយ បង្ហាញថា បរិមាណ​អង្ករ​នាំចេញ ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង​៦៣​ម៉ឺន​៥​ពាន់ ៦៩៧​តោន គឺ​កើនឡើង​១៧,៣% ធៀប​នឹង​ឆ្នាំ​២០១៦​។ រីឯ​ផលិតកម្ម​ដំណាំ​កៅស៊ូ​ធម្មជាតិ នៅក្នុង​ឆ្នាំ​២០១៧ ការនាំចេញ​កៅស៊ូ មាន​ចំនួន​ជាង ១៨​ម៉ឺន​៨​ពាន់​៨៣២​តោន សើ្ម​នឹង​ទឹកប្រាក់​ជិត​៣០០​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ​២០១៦ គឺ​កើនឡើង​៣០,១៤%​។ (​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​កៅស៊ូ​សរុប​មាន​ចំនួន ៤៣៦ ៣៤០​ហ​.​ត ក្នុងនោះ​ក្រុមហ៊ុន​កៅស៊ូ​កសិឧស្សាហកម្ម​មាន​សមា​មាត្រ​ចំនួន​៦៤,២២% និង​កៅស៊ូ​គ្រួសារ​មាន​ចំនួន​៣៥,៧៨% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ សន្ទុះ​នៃ​ការដាំដុះ​កៅស៊ូ​មានការ​កើនឡើង​ប្រមាណ ០,៨៣%)​។

​ចំណែក​ផ្នែក​ផលិតកម្ម​សត្វ ក្នុង​ឆ្នាំ​២០១៧ ចំនួន​សត្វ​ចិញ្ចឹម​សរុប មានដូចជា គោ ក្របី ជ្រូក និង​បក្សី បាន​កើនឡើង ដល់ ជាង​៤២​លាន​៨​សែន​ក្បាល គឺមាន​កំណើន​១,៥៤% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ រីឯ​ផ្នែក​ជលផល ក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ ផល​នេសាទ​ទឹកសាប អនុវត្តបាន​ចំនួន ៥២​មឺ​ន​៧​ពាន់​៧៩៥​តោន​(​កើន​៣,៦២%) ផល​នេសាទ​សមុទ្រ អនុវត្តបាន ១២​ម៉ឺន ១០២៥ តោន​(​កើន​០,៣៥%)​។

​ទន្ទឹម​នោះ ការអភិវឌ្ឍ​វារីវប្បកម្ម​ទាំង​ទឹកសាប និង​សមុទ្រ អនុវត្តបាន​ប្រមាណ ២០​ម៉ឺន​៧​ពាន់ ៤៤៣​តោន​(​កើន​២៥,២៥%)​។ ក្នុងនោះ ការកែច្នៃ​ផល​នេសាទ​ទឹកសាប និង​សមុទ្រ​សម្រេចបាន​ជាង ៨​ម៉ឺន​២៦០០​តោន និង ការនាំចេញ​ផល​នេសាទ​ស្រស់ និង​កែច្នៃ​អនុវត្តបាន ១៣ ០០០​តោន​។

ដោយឡែក ផ្នែក​ព្រៃឈើ គិត​ត្រឹម​ឆ្នាំ​២០១៧ ចំនួន​សហគមន៍​ព្រៃឈើ​បាន​កើន​ដល់​៦១០​សហគមន៍ ដែល​បាន​បណ្តុះ​កូនឈើ​ចំនួន​៤០៨​ពាន់​ដើម និង​បាន​ដាំ​ដើមឈើ​សរុប​លើ​ផ្ទៃដី​ចំនួន ២​ពាន់​២១៩​ហ​.​ត​។
​ទន្ទឹមនេះ ក្នុង​ការងារ​កែទម្រង់​ផ្នែក​គ្រប់គ្រង​ដីស​ម្ប​-​ទាន​សេដ្ឋកិច្ច រាជរដ្ឋាភិបាល ក៏បាន​ប្រកាស​ផងដែរ​ថា នឹងមិន​ផ្តល់​ដី​សម្បទាន ទៅអោយ​ក្រុមហ៊ុន​វិនិយោគ​ទៀត​នោះទេ​។​ក្រុមហ៊ុន​វិនិយោគ​ដែល​ទទួលបាន​ដី​សម្បទាន​រួចហើយ ក៏​ត្រូវបាន​ឃ្លាំមើល និង​ពិនិត្យ​យ៉ាង​តឹងរឹង​លើ​គម្រោង​អភិវឌ្ឍ​ន៌​របស់ខ្លួន​ដែរ​៕