ខេត្តកំពង់ស្ពឺ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០១៧-២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2018 ក+ ក-

កំពង់ស្ពឺ ៖ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០១៧ ទិសដៅ​ឆ្នាំ​២០១៨​និង​គោលនយោបាយ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ កាលពី​រសៀល​ថ្ងៃទី​៤ ឧសភា នៅ​សាលាខេត្ត​កំពង់ស្ពឺ ឯកឧត្តម វី សំណាង អភិបាល​នៃ​​គណៈ​ភិ​បាល​ខេត្តកំពង់ស្ពឺ​បាន​លើកឡើងថា គ្រោះមហន្តរាយ​ឆ្នាំ​២០១៧ និង​ឆមាស​ទី​១ ឆ្នាំ ២០១៨ នៅ​ទូទាំង​ខេត្ត​បានកើត​ឡើង​នូវ​គ្រោះ​អគ្គីភ័យ ខ្យល់​កន្ត្រាក់ រន្ទះបាញ់ ជាពិសេស គ្រោះថ្នាក់​ចរាចរ​ណ៏​កើតឡើង​សរុប​ចំនួន ៣៣​លើក បណ្ដាលអោយ​មនុស្ស​ស្លាប់ ចំនួន ២៨​នាក់ របួស ១៨៤​នាក់ ខូចខាត​រថយន្ត​ចំនួន ២៣​គ្រឿង និង​ម៉ូតូ​ចំនួន ៣៤​គ្រឿង​។

​លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ គ្រោះមហន្តរាយ ដែល​បាន​កើតមានឡើង​ក្នុង​ខេត្តកំពង់ស្ពឺ ក៏ដូចជា​បណ្តា​រាជធានី ខេត្ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​ឆក់យក​ជីវិត​​មនុស្ស​ជា​រៀងរាល់ថ្ងៃ​។ ឯកឧត្តម​បាន​បន្តថា​៖ សម្រាប់​ឆ្នាំ​២០១៧​កន្លងមក ខេត្ត​មួយចំនួន​​ធ្លាប់បាន​ទទួលរង​នូវ​គ្រោះធម្មជាតិ​មាន​៖ ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង រន្ទះបាញ់ ដែល​បណ្តាល​ឲ្យ​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដំណាំ ស្រូវ ដំណាំ​រួមផ្សំ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ជីវិត​សត្វ និង​ជីវិត​មនុស្ស​អស់​ជាច្រើន ហើយ ថា ការអន្តរាគមន៍​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​អោយទាន់​ពេលវេលា និង​មាន​ប្រសិទ្ធ​​ភាព​នោះ តាម​បណ្ដា​ខេត្ត ត្រូវមាន​ផែនការ​ត្រៀម​ទុកជាមុន ដោយមាន​កិច្ចសហការ​ជាមួយ​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អង្គការ​ជា​ដៃគូ ដោយ​យើង​បានរៀបចំ​ធ្វើ ជា​សៀវភៅ​ផែនការ ក្នុង​គោលបំណង​ដើម្បី​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នូវ​ធនធាន​ដែល​​មាន​ស្រាប់ និង​គៀរគ​ធនធាន​ពី​ខាងក្រៅ​សម្រាប់​ត្រៀម​ឆ្លើយតប​ធានា​លើ​កិច្ច​អន្តរាគមន៍ ជួយ សង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលាដោយ​នៅពេលនេះ​ការងារ​គ្រោះមហន្ដរាយ​បាន​បង្កើត​​អោយមាន​ច្បាប់ ដែលមាន​ជា​យន្ដការ និង​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង​គ្រោះមហន្ដរាយ ចាប់តាំងពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់មូលដ្ឋាន ក្នុង​គោលបំណង​ធ្វើយ៉ាងណា​អោយមាន​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​៕​