WIFI សាធារណៈ​ជា​ជំនួយ​កូរ៉េខាងត្បូង ដាក់​ដំណើរការ​នៅ​សួនច្បារ​វិមាន ឯករាជ្យ​និង​នៅមុខ​វាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​បំពាក់​ប្រព័ន្ធ​WiFi ដែល​ចំណាយ​ថវិកា ប្រមាណ​៤០​ម៉ឺន​ដុល្លា​អាមេរិក សំរាប់​អោយ​មនុស្ស​ទូទៅ​អាច​ប្រើប្រាស់​បាន​ដោយ​សេរី​មិន​គិតថ្លៃ នៅ​សួនច្បារ​វិមានឯករាជ្យ និង​សួនច្បារ​ខាងមុខ​ព្រះ​បរម​រាជ្យ​វាំង​។​

ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​WiFi ជា​សាធារណៈ នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​សួនច្បារ​នាគ​បាញ់​ទឹក ក្នុង​សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ ឯកឧត្តម ត្រាំ​ង អ៊ី​តឹក រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ថ្លែងថា “​គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ WiFi សាធារណៈ​នេះ ជា​ជំនួយឥតសំណង​របស់​ភាគី​កូរ៉េ ដែលមាន​ទឹកប្រាក់​សរុប​៤០​ម៉ឺន​ដុល្លា​អាមេរិក ជូន​ដល់​រដ្ឋាភិបាល​កម្ពុជា​”​។ លោក បន្ថែមថា ក្រៅពី​ការដាក់​ប្រព័ន្ធ WiFi សាធារណៈ ភាគី​កូរ៉េ បាន​ជួយ​ភ្ជាប់​គម្រោង​១​ផ្សេងទៀត​ផងដែរ គឺ​ប្រព័ន្ធ​ឌីជីថល​ទំនាក់ទំនង​គ្នា​សម្រាប់​សាលារៀន (Digital Connectivity for school)​។

​លោក​រដ្ឋមន្ត្រី ថ្លែងថា WiFi សាធារណៈ និង​ប្រព័ន្ធ​ឌីជីថល​ទំនាក់ទំនង​គ្នា​សម្រាប់​សាលារៀន គឺ​ផ្តល់​ភាពងាយស្រួល​ជូន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក្នុងការ​ប្រើប្រាស់​សេវា​អ៊ិន​ធឺ​ណិ​ត អំឡុងពេល​ស្នាក់នៅ លំហែកាយ​នៅ​ទីសាធារណៈ ក្នុង​រាជធានី​ភ្នំពេញ និង​ពង្រីក​សក្តានុពល​នៃ​ការប្រើប្រាស់​សេវា​អ៊ិន​ធឺ​ណិ​ត​អោយបាន​ទូលំទូលាយ និង​ផ្តល់​ភាពងាយស្រួល​ដល់​គ្រូ និង​សិស្ស ដើម្បី​សិក្សា​មេរៀន​ថ្មីៗ​។​

លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ទូរគមនាគមន៍​កម្ពុជា ថ្លែងថា “​ចំពោះ​សេវា អ៊ិន​ធឺ​ណិ​ត​សាធារណៈ​នេះ មាន​ដាក់​នៅ​ទីតាំង​ចំនួន​២ ទី​១​ស្ថិតនៅ​សួនច្បារ​សម្តេច ហ៊ុន សែន ចាប់ពី​វិមានឯករាជ្យ​មក និង​ទី​២​ស្ថិតនៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង និង​ការតភ្ជាប់​ប្រព័ន្ធ​ឌីជីថល​ទៅកាន់​សាលារៀន មាន​ចំនួន​៣​ទីតាំង គឺ​១ វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទី​២ វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​ទី​៣ វិទ្យាល័យ អ៊ី​វ៉ា​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
​លោក​បញ្ជាក់ថា ប្រព័ន្ធ​WiFi សាធារណៈ​សំរាប់​ប្រើប្រាស់​នៅ​សួនច្បារ​ទាំងពី​ខាងលើនេះ គឺ​ប្រើប្រាស់​បណ្តាញ​កាប​អុ​ប​ទិ​កមាន​ប្រវែង ២៥៣៥​ម៉ែត្រ ដែលមាន​លទ្ធភាព​ផ្តល់​សេវា​អ៊ិន​ធឺ ណិ​ត​រហូតដល់​១​ពាន់​មេកាបៃ​។​

​លោក Oh Nak Young ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា ថ្លែងថា “​ការដែល​រដ្ឋ​កូរ៉េ​ជួយ​ជំនួយ លើ​ផ្នែក​សេវា​អ៊ិន​ធឺ​ណិ​ត​នេះ ដោយ​សម្លឹង​ឃើញថា កម្ពុជា​ពិតជា​មានការ​រីកចម្រើន​យ៉ាងខ្លាំង ជាពិសេស ប្រជាជន​កម្ពុជា​ទូទៅ​គឺ​ពេញនិយម​ក្នុងការ​ប្រើប្រាស់​ព័ត៌មានវិទ្យា​។ ជាមួយ​កូរ៉េ គឺ​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ផងដែរ​៕