ស្រី្ត​ដែល​សម្លាប់​សត្វព្រៃ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Natural Life TV» ចូល​សារភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2018 ក+ ក-

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ឈ្មោះ ចាន់ ប៉ូ​លីន និង​បុរស​ជា​ប្តី ដែល​បាន​បង្ហោះ ក្នុង​បណ្ដាញ​សង្គម​ស្តីពី ការសម្លាប់ សត្វ ព្រៃ បាន​ចូល​សារភាព​ពី​ទោសកំហុស និង​ទទួលកំហុស​នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ ជាមួយ សមត្ថកិច្ច​ពាក់​ព័​ន្ឋ នៅ​ក្រសួងបរិស្ថាន ។​ជាមួយគ្នានេះ​ផងដែរ​ក្រសួងបរិស្ថាន ក៏បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ទាក់ទង​នឹង​អ្នកប្រព្រឹត្ត​ល្មើស សម្លាប់​សត្វព្រៃ​នេះដែរ​។​

​ខណៈ​ចូលខ្លួន​សារភាព​នៅ​ក្រសួងបរិស្ថាន ស្ត្រី​រូបនេះ និង​ប្តី​របស់​នាង​បាន​សារភាពថា សត្វ​ទាំងនោះ មិន មែន​ពួកគេ​ជា​អ្នក​សម្លាប់​ឡើយ ពោល​ទិញ​ត​ពី​គេ ហើយ​យកមក​ថត​វីដេអូ និង​រូបភាព​ដើម្បី​បង្ហោះ​តាម Toutube និង Facebook គោលបំណង​ស្វែងរក​ថវិកា​តែប៉ុណ្ណោះ​។

​សូមបញ្ជាក់ថា ស្ត្រី​រូបនេះ បាន​បង្កើត​ទំព័រ Youtube មួយ​ឈ្មោះ «Natural Life TV» ហើយ​បានបង្ហាញ សកម្មភាព​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ មាន​សត្វ​ខ្លះ​ជា​ប្រភេទ​សត្វ​កម្រ​ថែមទៀត​មក​បង្ហោះ​លើ​ទំព័រ Youtube របស់​នាង​។ ការ​បង្ហោះ​នេះ គឺមាន​គោលបំណង​ស្វែងរក​ការមើល​ឲ្យ​បាន​ច្រើន ដើម្បី​ទទួលបាន​ថវិកា នៃ​ការ​ផ្សព្វ ផ្សាយពាណិជ្ជកម្ម​នានា​តាមរយៈ​ក្រុមហ៊ុន Google​។​

គួររំឭកថា នៅ​មុនពេល​ស្ត្រី​ខាងលើ​បាន​ចូល​សារភាព អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព បាន​បញ្ជាក់ថា មិនទាន់​ដឹង​ច្បាស់​ថា នារី​ម្នាក់ រួមទាំង​អ្នកពាក់ព័ន្ធ​ក្នុងករណី​ចម្អិន​សត្វព្រៃ​ដែល​បង្ហោះ​តាម Youtube នោះ នឹងត្រូវ​មានទោស​យ៉ាងណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ការប្រមូល​ភស្តុតាង គ្រប់​ជ្រុងជ្រោយ​ជាមុន សិន​។ ចំពោះ​ការដាក់ទោស​ទាន់​វិញ ខាង​តុលាការ​ជា​អ្នកធ្វើ​ការបន្ត​។​

​លោក សៅ សុភាព បញ្ជាក់ថា «​ពេលនេះ​ក្រសួង​កំពុងធ្វើការ យើង​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង នេះ ហើយ​រក​ភស្តុតាង​ឲ្យ​គ្រប់​ជ្រុងជ្រោយ​សិន​។ មានទោស​យ៉ាងណា គឺ​ខាង​តុលាការ​ជា​អ្នកសម្រេច​។ យើង​បាន​ទាក់ទង​ទៅ​នារី​នោះ​ឱ្យចូល​ខ្លួន​មក​បំភ្លឺ​ហើយ​»​។​

សូមបញ្ជាក់ថា Youtube ដែលមាន​ឈ្មោះថា Natural Life TV បាន​បង្ហោះ​ពី​សកម្មភាព​នារី​វ័យក្មេង​ម្នាក់​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៅ​ចម្អិន​ជា​អាហារ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ប្រតិកម្ម​យ៉ាងខ្លាំង និង​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​តាមច្បាប់​៕​