ខឹង​ប្រពន្ធ​ទៅធ្វើ​ការ​ដាច់​យប់ ទាញ​ញញួរ​វាយ​ក្បាល និង​ឆក់​ខ្សែភ្លើង​ធ្វើអត្តឃាត​រួមគ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2018 ក+ ក-

ភ្នំពេញ ៖ បុរស​ជាជាង​សំណង់​ម្នាក់ ដោយសារតែ​ភ្លើងកំហឹង រួម​និង​សេចក្តី​ប្រច័ណ្ឌ​ដោយសារ​ប្រពន្ធ​ទៅធ្វើ​ការ​នៅតាម​ហាង​ដាច់​យប់​ញឹកញាប់​ពេក ទ្រាំលែងបាន​ក៏ វាយ​និង​ឆក់​ខ្សែភ្លើង​បំណង​សម្លាប់​ប្រពន្ធ និង​សម្លាប់​ខ្លួនឯង តែ​បាន​ស្លាប់​ដូច​បំណង​តែម្នាក់ឯង ចំណែក​ស្ត្រី​ជា​ប្រពន្ធ បាន​រងរបួស ហើយ​រត់​រួច​ពី​សេចក្តីស្លាប់​ទាំង​ឈាម​ស្រោច​ពេញ​ខ្លួន​ឲ្យ​អ្នកជិតខាង​ជួយ ។​

ហេតុការណ៍​នេះ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨ និង​៥០​នាទី ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​លេខ​៥ ជាន់​ទី​១ ផ្លូវ​លេខ ១០៣ ភូមិ ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។​

​បុរស​ដែល​ប្រើ​ហិង្សា និង​ឆក់​ខ្សែភ្លើង​សម្លាប់​ខ្លួនឯង​នោះ ឈ្មោះ សូរ ខ្លឹម អាយុ​៣៤​ឆ្នាំ ជាជាង​សំណង់ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គាដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង បាន​ឆក់​ខ្លួនឯង​ស្លាប់​ក្នុង​បន្ទប់ទឹក ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​គឺ​ឈ្មោះ អោក សាបាន អាយុ​៣៤​ឆ្នាំ បម្រើការ​នៅ​ភោ​ជនី​ដ្ឋា​ន និង​ខារ៉ាអូខេ បឹង សុបិន ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត ក្នុងភូមិ ស្នោ ឃុំ​ជាយ​កំពក ស្រុក ព្រះស្តេច ខេត្ត ព្រៃវែង បាន​រងរបួស​ក្បាល​ធ្ងន់ធ្ងរ​។​

តាម​នគរបាល​មូលដ្ឋាន បានអោយដឹងថា ទាក់ទិន​នឹង​អំពើហិង្សា និង​ឆក់​សម្លាប់​ខ្លួនឯង នោះ ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ដែល​ស្ត្រី​ជា​ប្រពន្ធ​ទៅធ្វើ​ការ​តាម​ហាង​ដាច់​យប់​ព្រឹក​ឡើង​ទើប ត្រឡប់មកផ្ទះ​វិញ ជាច្រើនលើក​ច្រើនសា​រួចមកហើយ ។​

តាម​ស្ត្រី​ជា​ប្រពន្ធ បានអោយ ដឹងថា នៅវេលា យប់​ថ្ងៃទី​១០ ខែឧសភា គាត់​បាន​ទៅធ្វើ​ការ​។​លុះ​នៅវេលា​ម៉ោង ប្រមាណ​៧​ព្រឹក ក៍បាន​ត្រឡប់មកផ្ទះ​វិញ​។ នៅពេលនោះ ប្តី​ក៍បាន​ទៅ​ទិញ បា​យមក​ហូប​ទាំង​២​នាក់ ព្រមទាំង​ដេក​លេង​ស្រាប់តែ​ប្តី​របស់គាត់​បាន​យក​ញញួរ មក​វាយ​គាត់ ចំនួន​៤​ញញួរ ត្រូវ​មុខ​មួយ​ញញួរ និង​ត្រូវ​ខាងក្រោយ ៣​ញញួរ និង​បាន​ទាញ អង្រែ​វាយ​ចំនួន ៣ អង្រែ​ទៀត និង​យក​ខ្សែភ្លើង​ដែល​ខាំ​ផ្តាច់​សំបក​មក​រឹត ក ហើយ​ឆក់ តែ​គាត់​បាន​ប្រឹង​រើបម្រះ​រួច រត់ ចេញមកក្រៅ​ស្រែក​អោយ​អ្នកជិតខាង​ជួយ និង​ប្រាប់​អោយទៅ​មើល​ប្តី ស្រាប់តែ​ឃើញ​ប្តី​ឆក់​ខ្លួន ឯង​ស្លាប់​នៅក្នុង​បន្ទប់ទឹក​បាត់ទៅហើយ​។​

តាម​ស្ត្រី​ជា​ប្រពន្ធ​បានអោយដឹងថា គាត់ និង​ប្តី​បានរួម​រស់នៅ​ជាមួយគ្នា ជា​ប្តី​ប្រពន្ធ​អស់​រយៈ ពេល​ជាង​១០​ឆ្នាំ មានកូន​២​នាក់ កូនប្រុស​បង​អាយុ​១៣​ឆ្នាំ និង​កូន​ប្អូន ស្រី អាយុ​៨ ឆ្នាំ​។​

តាម​អ្នកជិតខាង បានអោយដឹងថា បុរស​ជា​ប្តី ជា​មនុស្ស​ស្លូតបូត រាល់ថ្ងៃ​គេ​តែងតែ​ឃើញ បុរស​នោះ គិតតែ​ទៅធ្វើ​ការរក​ប្រាក់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ ក៏​ទៅធ្វើ​ការរក​ប្រាក់​ដែរ តែ​ដាច់​យប់​រហូត ជួនកាល​មិន​មក​ផ្ទះ ៣​យប់​ក៍មាន​ដែរ ទុកអោយ​ប្តី​នៅ​មើល​កូន​។ ប្រភព​បន្តថា ប្រហែលជា ដោយ​ទ្រាំ​លែង​នឹង​ទង្វើ​របស់​ប្រពន្ធ​ដែល​ដើរ​ដាច់​យប់​និយាយ​មិន​ស្តាប់ បាន​ទើប បុរស​ជា​ប្តី​មាន គំនិត​គិត​ខ្លី វាយ និង​ឆក់​សម្លាប់​ប្រពន្ធ និង​ខ្លួនឯង​តែម្តង ប៉ុន្តែ ចៃដន្យ អី ស្លាប់​តែ​ខ្លួនឯង​ម្នាក់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់​៕