អ្នកទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ជិត​១​លាន​នាក់ រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2018 ក+ ក-

​ក្រុងព្រះសីហនុ ៖ ចំនួន​អ្នកទេសចរ​ណ៌ ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​! ដោយ​ត្រឹម​រយៈពេល​៤​ខែ​ឆ្នាំ​២០១៨ អ្នកទេសចរ​ណ៌​បាន​កើន​ឡើងដល់​ជិត​១​លាន​នាក់​។

​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៨ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ជាង​៩៥​ម៉ឺន​៣​ពាន់​នាក់ គឺ​កើនឡើង​១៨,៤​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៧​។ ក្នុងនោះ​មាន​អ្នកទេសចរ​ចិន ប្រមាណ​៥​ម៉ឺន​នាក់ កើនឡើង​៣៧​ភាគរយ រួមជាមួយ​អ្នកទេសចរ​ច្រើន​ជាតិ​សាសន៍​ទៀត​ក៏​កំពុង​កើនឡើង​ផងដែរ ដូចជា​ជនជាតិ រុស្សី បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ថៃ វៀតណាម ម៉ាឡេស៊ី ជាដើម​។ នេះ​បើតាម​របាយ​ការ​ណ៌​របស់​មន្ទីរ​ទេសចរ​ណ៌ ខេត្ត​ព្រះសីហនុ​។

​កំណើន​អ្នកទេសចរ​នេះ ត្រូវបាន​ចាត់ទុកថា អាចមកពី​ការអភិវឌ្ឍន៍ យ៉ាង​លឿន​ក្នុង​ខេត្ត​នេះ ដោយ​ក្នុង​មួយ​សប្ដាហ៍ មាន​ជើងហោះហើរ​ប្រមាណ​២០២​ជើង មកពី​ក្រៅប្រទេស និង​ក្នុងស្រុក​មាន​ចំនួន​៣៤៨​ជើង បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង​។

​តាម​ការបញ្ជាក់​របស់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នាពេល​កន្លងមក ក៏បាន​ចាត់ទុកថា ការរីកចម្រើន​វិស័យ​អាកាសចរ​ណ៌ និង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ខេត្ត​នេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​អ្នកទេសចរ​ណ៌ និង អ្នកវិនិយោគ​។ បន្ថែម​ពីនេះ លោក រំពឹងថា ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​គោលដៅ​ទេសចរ​ណ៌ និង​ពាណិជ្ជកម្ម​សំខាន់បំផុត​មួយ​របស់​ប្រទេស​កម្ពុជា​។

​បើ​គិត​ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​តាម​បណ្ដា​កោះ ក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​កោះរ៉ុង កោះរ៉ុង​សន្លឹម​ជាដើម មាន​ជាង​១១​ម៉ឺន​នាក់ កើនឡើង​ជាង​១០​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ មាន​សណ្ឋាគារ​៦៩​កន្លែង ស្មើនឹង​៣​ពាន់​៥២១​បន្ទប់ ផ្ទះសំណាក់ ៣១៩​កន្លែង ស្មើនឹង​៤​ពាន់​២៩​បន្ទប់​! ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​មាន ២៥១​កន្លែង​! ហាង​ម៉ាស្សា​មាន​៤២​កន្លែង​! សេវា​កម្សាន្ត​ទេសចរណ៍​សម្រាប់​មនុស្ស​ពេញវ័យ​មាន​១៧​កន្លែង​! ទីភ្នាក់ងារ​ទេសចរណ៍​៣១​កន្លែង និង​កីឡា​ទេសចរណ៍​១៧​កន្លែង​។

​ទន្ទឹមនេះ​នៅ​រយៈពេល​២​ឆ្នាំ​ខាងមុខ​ទៀត នឹងមាន​សណ្ឋាគារ​បង្កើត​ថ្មី ប្រមាណ​២​ពាន់​ទៅ​២​ពាន់​៥​រយ​បន្ទប់ បន្ថែមទៀត នឹង​បើក​ដំណើរការ ដើម្បី​បំពេញតម្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​៕​