អង្គការសហប្រជាជាតិ​មិនបាន​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2018 ក+ ក-

​ភ្នំពេញ ៖ តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១០ ឧសភា ឆ្នាំ​២០១៨ បាន​ច្រានចោល​សេចក្ដីសន្និដ្ឋាន​របស់​ក្រុមការងារ​ទទួលបន្ទុក​ការឃុំខ្លួន​ដោយ​រំលោភបំពាន​ពាក់ព័ន្ធ​នឹង ករណី​លោក កឹម សុខា ថា មាន​ចរិត​នយោបាយ បន្ទាប់ពី​ក្រុមការងារ​នេះ ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​។ តំណាង​កម្ពុជា បាន​ឆ្លើយតប​ថា ការទាមទារ​ឲ្យ​ដោះលែង​លោក កឹម​សុខា មិនមែនជា​ជំហរ​របស់​អង្គការសហប្រជាជាតិ​នោះឡើយ​។​

សូម​រំលឹកថា ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន (WGAD) កាលពី​ថ្ងៃទី​៩​ឧសភា កន្លងទៅនេះ បានចាត់ទុក​ការឃុំខ្លួន​លោក កឹម សុខា ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ ថា​ធ្វើឡើង​ដោយ​បំពាន​ច្បាប់​។ ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​កំពូល​នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ បានសម្រេច​បន្ត​ឃុំ​លោក​កឹម សុខា រយៈពេល​៦​ខែ​ទៀត​ក្នុង​ពន្ធនាគារ​។ ហើយ​ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​ដោយ​បំពាន បានទាមទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ​។​

​ក្រោយពី​មាន​ព័ត៌មាន​នេះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ក៏​ចេញមក​ច្រានចោល ហើយ​ព្យាយាម​បកស្រាយ​ពី​ការពិត​អំពី​សាច់​រឿងនេះ តាមរយៈ​សេចក្តី ប្រកាស​ព័ត៌មាន​មួយ ដែល​ធ្វើ​ចេញពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ កន្លងមកនេះ ។
លោក ណី សំអុល តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ និង​ជា​ឯកអគ្គរាជទូត បាន​ថ្លែង​បញ្ជាក់ថា ក្រុមការងារ​មួយ​ឈ្មោះ​ក្រុមការងារ​ទទួលបន្ទុក​ស្តីពី​ការឃុំខ្លួន​ដោយ​រំលោភ បំពាន (Working Group on Arbitrary and Detention) បានធ្វើ​សេចក្តីសន្និដ្ឋាន ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ប៉ុន្តែ​មិនមែនជា​សេចក្តីសន្និដ្ឋាន​របស់​អង្គការសហប្រជាជាតិ​នោះទេ​។

លោក ណី សំអុល បញ្ជាក់ថា «​សេចក្តីសន្និដ្ឋាន​របស់​ក្រុមការងារ​របស់​អង្គការ​សហ ប្រជា ជាតិ​នេះ គ្រាន់តែ​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​មនុស្ស​មួយក្រុម​ប៉ុណ្ណោះ ដោយ​ពុំមាន​ទម្ងន់​ផ្នែក​ច្បាប់​ទៅលើ​រដ្ឋ​អធិបតេយ្យ​ណាមួយ​ឡើយ​។ លោក​ថា ពុំមាន​ពាក្យ​ណាមួយ​ដែលថា​អង្គការ សហ ប្រជាជាតិ​ប្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​លោក កឹម សុខា នោះទេ​។ វា ជា​កំហុស​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​សាធារណជន​យល់ច្រឡំ​ចំពោះ​សេចក្តីសន្និដ្ឋាន​នេះ​»​។​

តំណាង​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ លោក ណី សំអុល បាន​រិះគន់​ក្រុមការងារ​ទទួល បន្ទុក​ការឃុំខ្លួន​ដោយ​រំលោភបំពាន ថា បានធ្វើ​សេចក្តីសន្និដ្ឋាន ដោយ​ពុំបាន​ផ្អែកលើ​ប្រភពពី​រដ្ឋា ភិ​បាល​កម្ពុជា គឺ​កំពុង​បន្ទាប​តម្លៃ​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលការណ៍​អព្យាក្រឹត និង​ឯករាជ្យភាព​របស់ខ្លួន​»​។

​បន្ទាប់មក​តំណាង​កម្ពុជា ក៏បាន​ឆ្លើយតប​នឹង​អង្គការក្រៅរដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ថា មានបំណង​កេងចំណេញ និង​ចង់​ធ្វើ​ឲ្យ​សេចក្តីសន្និដ្ឋាន​របស់​ក្រុមការងារ​ខាងលើ ក្លាយទៅជា​រឿង​នយោបាយ ស្របពេល​ការបោះឆ្នោត កាន់តែ​ខិតជិត​មកដល់​៕​

( លោក ណី សំអុល ឯកអគ្គរាជទូត​កម្ពុ​ជា និង​ជា​តំណាង​អចិន្ត្រៃយ៍ នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ​)​