លួច​រថយន្ត តា​កូ​ម៉ា ពី​ខេត្តកណ្តាល​ទៅ​ជាប់អន្ទាក់​នៅ​ខេត្តព្រៃវែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2018 ក+ ក-

​ព្រៃវែង ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង ស្ទាក់​ឃាត់ខ្លួន បាន​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ផ្លូវជាតិ​លេខ​៨ ស្ថិតក្នុង​ភូមិ​ស្វាយ​អ​ន្ទ​រ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ពាក់​ព​ន្ធ័​ករណី លួច​រថយន្ត​។

​លោក ស្រេង ជា ស្នង​នគរបាល​ខេត្តព្រៃវែង បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​ថា មានមុខ​សញ្ញា​ចោរលួច​រថយន្ត​ពី​ចំណុច​ផ្លូវជាតិ​លេខ​៣ ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ភ្លាម លោក​ក៍បាន​ដាក់ពង្រាយ​កម្លាំង​អន្តរាគមន៍​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក ស្វាយ​អ​ន្ទ​រ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ស្វាយ​អ​ន្ទ​រ ចាំ​ឃ្លាំមើល​មុខសញ្ញា​គ្រប់​ច្រកល្ហក​។ លុះដល់​វេលា​ម៉ោង​ខាងលើ ក៍​ប្រទះឃើញ​ជនសង្ស័យ​២​នាក់ ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​Toyota.Tacoma ពណ៌​ស្ករ ស៊េរី​ឆ្នាំ​ផលិត ១៩៩៦ មកដល់​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ កម្លាំង​ក៍​ស្ទាក់​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​អធិការ​ស្រុក និង​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ម្ចាស់​រថយន្ត​កាន់​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​រថយន្ត​របស់​ខ្លួន​ដែល​បាត់​។

​ម្ចាស់​រថយន្ត​ឈ្មោះ វ៉ាន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​តា​កុ​ច ឃុំ​ដើម​ឬ​ស្ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​បាន​បញ្ជាក់ថា រថយន្ត​នេះ ពិតជា​របស់គាត់​ប្រាកដ​មែន ដែល​ត្រូវ​ជននេះ​លួច​យកមក​រួច​បាន​ដូរ​ដាក់​ស្លាក​លេខ​ក្លែងក្លាយ កំពង់ឆ្នាំង 2A. 1030 តាមពិត​ស្លាក​លេខ​ពិតប្រាកដ ភ្នំពេញ 2D.0879​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្រេង ជា បន្តថា ជនសង្ស័យ​ទាំង​២​នាក់ ១​ឈ្មោះ រិ​ទ្ធ​.​ធារ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​កាណាឌីយ៉ា​។ ២​ឈ្មោះ​រ៉ា​.​ប៊ុន​រឹទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត​.​ឃុំ​គគីរ​.​ស្រុក​កៀនស្វាយ​.​ខេត្តកណ្តាល​។

​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ស្លាក​លេខ​សេះ​ហោះ​១ និង​ដែកស្វាន​១​។​បច្ចុប្បន្ន​ជាន​សង្ស័យ​ទាំង​២​នាក់ រួមជាមួយ​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​ធ្វើ សំណុំរឿង​បញ្ជូនទៅ​ឲ្យ​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​វិញ ដែលជា​ម្ចាស់​ករណី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​