នារី​ពីរ​នាក់​បងប្អូន​ចាញ់បោក​ការទម្លាក់​យោង យក​មាស​ដូរ​គ្រាប់កង់​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2018 ក+ ក-

​ខេត្តកំពត ៖ ស្ត្រី​ពីរ​នាក់​បងប្អូន​បាននាំគ្នា​មក​ទិញ​ឥ​វ៉ាន់​នៅ​ផ្សារ​តានី នៅ​ស្រុក​អង្គ​ជ័យ ត្រូវបាន​ក្រុមមនុស្ស​ប្រុស​ស្រី​មិន​ស្គាល់​អត្តសញ្ញាណ ហៅ​ឡើង​ជិះ​ម៉ូតូ​ហាក់ដូចជា​ស្គាល់គ្នា និង​បាន​ល្បួង​បញ្ឆោត​ដោះយក​គ្រឿង​អ​ល​ង្គ័​ការ​អស់ពី​ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា​។​

​ជនរងគ្រោះ​ដែល​បាន​យំសោក​បោក​ខ្លួន​ប្រាប់​នគរបាល​ចរាចរ​នៅ​ស្រុក​អង្គ​ជ័យ នេះ​ឈ្មោះ កន រស្មី អាយុ ១៨​ឆ្នាំ និង​ប្អូនស្រី​ម្នាក់​ផង នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​គោគ​ព្រិច ស្រុក​គី​រី​វង្ស ខេត្តតាកែវ​។​

​នគរបាល​ស្រុក​អង្គ​ជ័យ​បាន​និយាយថា បន្ទាប់ពី​ឃើញ​ជនរងគ្រោះ​យំ​ទាំងពីរ​នាក់​បង​ង្អូ​ន ក៏​សាកសួរ ទើប​ដឹងថា ជនរងគ្រោះ មក​ផ្សារ​តានី និង​បាន​រើស​កញ្ចប់​មាស​មួយ​ស្បោង ហើយ​ពេលនោះ ក៏ត្រូវ​បាន​ជន​មិន​ស្គាល់មុខ ហៅ​ចេញពី​ផ្សារ​ឡើង​ជិះ​ម៉ូតូ​ទៅ​ចែក​មាស​គ្នា​។

​ជនរងគ្រោះ​បន្តថា ពួកនាង​ទាំងពីរ​នាក់ បាន​ដោះ​មាស​២​ជី និង​កងដៃ​២​ឈុត អោយទៅ​ពួកចោរ​ទាំងនោះ បន្ទាប់មក​ពួកចោរ បាន​ហុច​គ្រាប់​មូលៗ​ដូច​គ្រាប់កង់​ពណ៌​មាស​មួយកញ្ចប់ ។
​ដំណឹង​នេះ ក៏​បានឮ​ទៅដល់​ក្រុមគ្រួសារ ហើយ​រយៈពេល​ប្រហែល​មួយ​ម៉ោង​ក្រោយមក ម្ដាយ​ឪពុក​ជនរងគ្រោះ បានមក​ដល់ ហើយ​នាង​បាន​យំ និង​លើកដៃ​សំពះអង្វរ​ដល់​ម្ដាយ​របស់ខ្លួន​ថា ខ្លួន​បាន​ចាញ់បោក​គេ ដោយ​សុខចិត្ត​អោយ​ម្តាយ​វាយដំ​ខ្លួន​យ៉ាងណា​ក៏​ព្រម​ដែរ​។​

​បន្ទាប់មក ប៉ូលិស​ចរាចរណ៍ បាន​បញ្ជូន​ស្ត្រី​ទាំងពីរ​នាក់​នោះ ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចាត់ការ​បន្ត​៕​