រថយន្ត​បា​ឡែ​ន បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​មួយ​គ្រួសារ​៤​នាក់ នៅ​ក្រុង​សំរោង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2018 ក+ ក-

​ឧ​ត្ត​រ​មានជ័យ ៖ មនុស្ស​មួយ​គ្រួសារ​មាន​ឪពុកម្តាយ​រួម​នឹង​កូនតូច​ប្រុស​ស្រី​សរុប​ចំនួន ៤​នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​កាម​រី​បា​ឡែ​ន​បុក​ជាមួយ​ម៉ូតូ កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​កោង​គល់ស្ពាន​ក​ណ្តែ​ក ក្នុងភូមិ​ក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ចំនួន ៤​នាក់ ដោយ​គេ​សន្និដ្ឋានថា មួយ​គ្រួសារ រួមមាន​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ជា​ប្តី​ប្រពន្ធ ចំណែក​ក្មេងប្រុស​ស្រី​២​នាក់​ទៀត​កូនបង្កើត ដែល​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក់​លេខ​ឧ​ត្ត​រ​មានជ័យ ១D ៥២០២ ចំណែក​ភាគី​អ្នកបើក​បររថ​យន្តកា​ម​រី​បា​ឡែ​ន ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ ភ្នំពេញ ២K ៦៤៦២ អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាប់ពី​កើតហេតុ​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កាមរី​បា​ឡែ​ន បាន​បើក​ក្នុង​ល្បឿន​លឿន​ក្នុង​គោលដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ផ្លូវ​កោង​គល់ស្ពាន ជា​កន្លែងកើតហេតុ​ខាងលើ ក៏បាន​ជ្រុល​ចូល​ផ្លូវ​ខាងឆ្វេង​ដៃ​ដែលជា​ចំណែក​ផ្លូវ​ម្ខាង​ទៀត ក៏​បុក​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម​ដែល​ជនរងគ្រោះ ជា​ឪពុក​ដឹក​ម្តាយ និង​កូនប្រុស​ស្រី​សរុប​ចំនួន​៤​នាក់ បណ្តាលអោយ​ប៉ើង​ធ្លាក់​ពីលើ​ផ្លូវ​ខ្ទាត​ជាច្រើន​ម៉ែត្រ​ពី​កន្លែងកើតហេតុ និង​បាន​ស្លាប់​ភ្លាមៗ​ទាំងអស់គ្នា​តែម្តង​។​

​ប្រភព​ខាងលើ​បន្តថា ភ្លាមៗ​នោះ ជនរងគ្រោះ​មួយ​គ្រួសារ​នេះ មិនមាន​អ្នកណាម្នាក់​ស្គាល់​អត្តសញ្ញាណ ឬ​អាសយដ្ឋាន​ជនរងគ្រោះ​នៅឡើយ​ទេ សមត្ថកិច្ច​បន្តធ្វើ​ការ​ស្រាវជ្រាវ​អាសយដ្ឋាន ចំណែក​ម្ចាស់​រថយន្ត​បង្ក​បាន​សមត្ថ​ឃាត់ខ្លួន​ភ្លាមៗ​យកមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តោះអាសន្ន​រងចាំ​ការដោះស្រាយ​៕​