គ​.​ជ​.​ប ទទួលស្គាល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​ផ្លូវការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបាន គ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​។ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច ឈរឈ្មោះ​ប្រកួតប្រជែង​នៅ ២៥​មណ្ឌល​។​

​មកដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨​នេះ បូកសរុប​ទាំង​គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច​ផង​មាន​គណបក្សនយោបាយ​ចំនួន ៥​ហើយ​ត្រូវបាន គ​.​ជ​.​ប ទទួលស្គាល់​ជា​ផ្លូវការ​សម្រាប់​ការប្រកួតប្រជែង​ដណ្តើម​អាសនៈ​សភា​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។ គណបក្ស​ដែល​គ​.​ជ​.​ប បានទទួល​ស្គាល់​រួចមកហើយ​នោះ​រួមមាន​៖ គណបក្ស​យុវជន​កម្ពុជា ដែល​ឈរ​នៅ ១៧​មណ្ឌល​, គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល​, គណបក្ស​សញ្ជាតិ​កម្ពុជា​ឈរ​នៅ ២៥​មណ្ឌល និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរ​នៅ ២៥​មណ្ឌល​។​

​សូមបញ្ជាក់ថា ការចុះឈ្មោះ​គណបក្សនយោបាយ និង​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ត្រូវបាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។ គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ និង​ដាក់​បេក្ខភាព​ប្រកួតប្រជែង​មាន​រហូតដល់​ទៅ ២០​គណបក្ស​។​

​ក្នុងចំណោម​គណបក្ស​ទាំង​២០​នេះ គណបក្សនយោបាយ​ចំនួន​៥​ដូច​រៀបរាប់​ខាងលើ​ត្រូវ គ​.​ជ​.​ប ទទួលស្គាល់​ផ្លូវការ​មាន​សិទ្ធិ​គ្រប់គ្រាន់​សម្រាប់​ចូលរួម​ការប្រកួតប្រជែង​ហើយ​។​

​ដោយឡែក​គណបក្សនយោបាយ ១៥​ទៀត​ដែល គ​.​ជ​.​ប កំពុង​ពិនិត្យ​នីតិវិធី និង​មិនទាន់​សម្រេច​ទទួលស្គាល់​នៅឡើយ​នោះ​រួមមាន ៖

​គណបក្ស​ខ្មែរ​តែមួយ ឈរ​នៅ ១៦​មណ្ឌល​, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ ២៥​មណ្ឌល​, គណបក្ស​សំបុក​ឃ្មុំ​ស​ង្គ​ប្រជាធិបតេយ្យ ឈរ​នៅ ២៥​មណ្ឌល​, គណបក្ស​ពន្លឺ​ថ្មី ឈរ​នៅ ១៣​មណ្ឌល​, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ឈរ​នៅ ២៥​មណ្ឌល​, គណបក្ស​ធម្មាធិបតេយ្យ ឈរ​នៅ ១០​មណ្ឌល​, គណបក្ស​ខ្មែរ​ឈប់​ក្រ ឈរ​នៅ ២៥​មណ្ឌល​, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឈរ​នៅ ១២​មណ្ឌល​, គណបក្ស​ខ្មែរ​សាធារណរដ្ឋ ឈរ​នៅ ១០​មណ្ឌល​, គណបក្ស​រស្មី​ខេមរា ឈរ​នៅ ៧​មណ្ឌល​, គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ឈរ​នៅ ១៦​មណ្ឌល​, គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​ឈរ​នៅ ១១​មណ្ឌល​, គណបក្ស​មាតុភូមិ​យើង ឈរ​នៅ ៦​មណ្ឌល​, គណបក្ស​ឆន្ទៈ​ខ្មែរ ឈរ​នៅ ២៥​មណ្ឌល និង​គណបក្ស​ខ្មែរ​ក្រោក ឈរ​នៅ ៥​មណ្ឌល​៕​