ក្មេងស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​បាន​លង់​ទឹកស្រះ​ស្លាប់​យ៉ាង​អាណោចអាធម៌​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2018

ខេត្តបាត់ដំបងៈ ក្មេងស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​សង្ស័យ​ជំងឺ​រើ​ឡើង​បណ្តាលអោយ​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អាណោចអាធម៌​។​
ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១៤-៣០​នាទី ថ្ងៃទី​១៦.​ខែ ឧសភា​.​ឆ្នាំ​២០១៨ នៅ​ចំនុច​ក្រុមទី​០៧ ស្ថិត​ក្នុងភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។

ក្មេងស្រី​រងគ្រោះ​ឈ្មោះ តូ ណាវី អាយុ​១០​ឆ្នាំមាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​។​
តាម​ការបញ្ជាក់​ពី​ឈ្មោះ តូ ភ័​ណ្ឌ​ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​ដែល​ត្រូវជា​ជីតា​បង្កើតបាន​ប្រាប់ថា ចៅ​របស់គាត់​កើតមាន​ជំងឺស្រឺត​តាំងពី​អាយុ​មួយ​ខួប​មក​ម្លេះ ហើយ​តែងតែ​ប្រកាច់​ជា​ញឹកញាប់​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​។​
ហើយ​នៅមុន​ពេល​កើតហេតុ​ចៅស្រី​
​បាន​នៅផ្ទះ​ជាមួយ​រូបលោក លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​អ្នកភូមិ​មក​ប្រាប់ថាៈ ចៅ​របស់ខ្លួន​បាន​លង់​ទឹកស្រះ​នៅ​ខាងជើង​ផ្ទះ ភ្លាមនោះ​លោក​ក៏​រត់​ទៅហើយ​ចុះ​រាវរក​ចៅ​និង​ស្រង់​យកមក​សង្គ្រោះ​ដែរ​តែ​ជា​អកុសល​ចៅស្រី​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​
លុះ​ក្រោយមក​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ចុះ​មកដល់​និង​បាន​បង្កើត​ក្រុម​គណៈកម្មការ​មួយ​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញថា​ជនរងគ្រោះ​ពិតជា​បាន​លង់​ទឹកស្រះ​ស្លាប់ ពិតប្រាកដ​មែន​។​

ក្រោយមក​ក៏បាន​ធ្វើការ​ប្រគល់​សាកសព​មកអោយ​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕ សុផល​