សមត្ថកិច្ច​បិទ​សិប្បកម្ម​ខុសច្បាប់​ផលិត​ទឹកត្រី និង​ទឹកស៊ីអ៊ីវ សញ្ញា​ផ្កាឈូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2018 ក+ ក-

ភ្នំពេញ ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃ បាន​ឆ្មក់​ឆែកឆេរ​សិប្បកម្ម​ផលិត និង​វេច​ខ្ចប់​ទឹកត្រី និង​ទឹកស៊ីអ៊ីវ​សញ្ញា​ផ្កាឈូក​មួយកន្លែង នៅ​ខណ្ឌ​សែន​សុខ​ដោយ​រកឃើញថា​ការផលិត និង​វេច​ខ្ចប់​នេះ​ពុំមាន​លក្ខណៈ និង​ស្តង់ដា​ត្រឹមត្រូវ​ហើយ​កម្លាំងចម្រុះ​សម្រេច​បិទ​សិប្ប​កម្មនេះ​ជា​បណ្តោះអាសន្ន​។​

​ការ​ឆ្មក់​ចូល​ត្រួតពិនិត្យ​នេះ​គឺ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​នេះ​នៅក្នុង​សិប្បកម្ម​មួយកន្លែង​ដែល​គ្នាន​ដាក់​ស្លាក់​យីហោ នៅតាម​បណ្តោយ​ផ្លូវ​ម៉ុង​ឬ​ទ្ធី សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក ម៉ាត់ យូ​សុះ នាយការិយាល័យ​ប្រឆាំង​បទល្មើស​កម្ម​សិទ្ធ​បញ្ញា​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ពិ​ន្យ​របស់​ក្រុមមន្ត្រី ចម្រុះ​មក​បាន​រកឃើញថា សិប្បកម្ម​នេះ​បាន​ផលិត​នូវ​ទឹកត្រី និង​ទឹកស៊ីអ៊ីវ​គ្មាន​ប្រភព​ច្បាស់ លាស់​ហើយ​ដាក់​ស្លាក់​យីហោ​សញ្ញា​ផ្ការ​ឈូក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ផងដែរ​។​

​សូម​រំលឹកថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញ​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ និង​សិប្បកម្ម​ផលិត​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន ដោយ​សង្ស័យថា​ការផលិត​នោះ​ពុំ​ស្របតាម​ស្តង់ដា​ត្រឹមត្រូវ​និង​គ្មាន​អនាម័យ​ដែលជា​កត្តា​ធ្វើ ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​និង​អ្នក​បរិភោគ​ជាដើម​។

​ជាក់ស្តែង​កាលពី​ដើមខែ​កន្លងទៅនេះ​ក្រសួងមហាផ្ទៃ​បានសម្រេច​ដុត​កំទេចចោល​នូវ​ផលិតផល​ក្លែងក្លាយ​ទាំងនោះ​រាប់រយ​តោន ហើយ​សិប្បកម្ម​ខ្លះ​ត្រូវបាន​បិទ និង​ម្ចាស់​សិប្បកម្ម​ខ្លះ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ផងដែរ​៕