អាជ្ញាធរ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅតាម​ដងស្ទឹង​សែន មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការបាក់​ច្រាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2018 ក+ ក-

​ខេត្តកំពង់ធំ ៖ នៅ​ដើមរដូវ​វស្សា ឆ្នាំ​២០១៨ ជាពិសេស​នៅក្នុង​សប្ដាហ៍​មុននេះ ភ្លៀង​បាន​ធ្លាក់​ផ្ទួនៗ បានធ្វើ ឲ្យ​ច្រាំង​ស្ទឹងសែន បាន​បាក់ស្រុត​ជា​បន្តបន្ទាប់ ដែល​រហូត​មកទល់ពេលនេះ មានផ្ទះ​ប្រជាពលរដ្ឋ​៨​ខ្នង ហើយ​ដែល​រង គ្រោះ​ពី​ករណីនេះ​។ ប្រជាពលរដ្ឋ​ទាំងនោះ ស្ថិតនៅ​ក្នុងភូមិ​ស្ទឹងសែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

បើ​យោងតាម​របាយការណ៍ របស់​នគរបាល ក្រុង​ស្ទឹងសែន​បាន​ឲ្យ​ដឹងថា គិត​មកដល់​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​បាក់​ច្រាំង​និង​ប្រេះ​ដី​ចំណី​ស្ទឹង​បានកើត​ឡើង ជា​បន្តបន្ទាប់ ក្នុងនោះ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ នេះ នៅ​ចំណុច​ភូមិ​ស្ទឹងសែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន មាន​ការបាក់​ស្រុតដី​លំនៅដ្ឋាន ប្រជាពលរដ្ឋ នៅតាម​មាត់​ស្ទឹង​ចំនួន ៨​ខ្នង ស្មើនឹង​៨​គ្រួសារ តែ​មិន​បណ្ដាល​ឲ្យ មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងរបួស ធ្ងន់ធ្ងរ​នោះទេ​។​

នៅក្នុង​ហេតុការណ៍​នេះ លោក អភិបាលក្រុង​ស្ទឹងសែន ម៉ាក់ ប៊ុន​ហុង និង​មន្ទីរ​មុខងារ តំណាង​ឲ្យ​ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ សុខ លូ បាន​ចុះសួរសុខទុក្ខ និង​ណែនាំ​ប្រជាពលរដ្ឋ នៅតាម​មាត់​ស្ទឹងសែន ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​ករណី​បាក់​ដី​មាត់ច្រាំង​នេះ រួមទាំង​ការ ត្រៀម​កងកម្លាំង​សង្គ្រោះ និង​ជន្លៀស​ប្រជាពលរដ្ឋ​ចេញ ពី​កន្លែងកើតហេតុ និង​កន្លែង​ប្រឈម នឹង​ករណី​បាក់​ច្រាំង​នេះ​ទៀតផង ប៉ុន្តែ​ប្រជាព​រដ្ឋ​មិនទាន់មាន​ការយល់ព្រម ចេញពី​ទីនោះ​ឡើយ ដោយ​ពួកគាត់​អះអាងថា ពួកគាត់​មិន​ចង់ទៅ​ឯណា ? ក្រៅពី​កន្លែង​ដែល​ពួកគាត់​ធ្លាប់​រស់នៅ ជា​យូរ​មកហើយ​នោះទេ ម្យ៉ាង​ផ្ទះ​ពួកគាត់ នៅ​ជិត​ផ្សារ​ស្រួល​ប្រកបមុខរបរ​ផងដែរ​។​

ប្អូនប្រុស ឃុ​យ សាវុធ នៅ​ភូមិ​ស្ទឹងសែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ដែលមាន ផ្ទះ​បាក់ស្រុត​នេះដែរ បាន​និយាយ​ឲ្យ​ដឹងថា នៅពេលនោះ គឺមាន​ខ្យល់ និង​មាន​ភ្លៀង នៅ​ម៉ោង​ប្រមាណ​១២​កណ្ដាល​អា​ធ្រា​ត្រ ស្រាប់​សូរ សម្លេង ញ័រ​ដី​តែម្ដង ខណៈនោះ រូបគាត់​ចេញពី​បន្ទប់​ខាងមុខ រត់​ទៅ​មើល ក៏​ឃើញ​ផ្នែក​ខាងក្រោយ​ផ្ទះ របស់គាត់​ប្រេះ បាក់​ស្រុតដី ម្ដង​បន្តិច ៗ គាត់​ក៏​រត់មកវិញ រំដោះ​យក​កូន​ប្រពន្ធ ចេញទៅ​ក្រៅ​ផ្ទះ​តែម្ដង ប៉ុន្តែ​សមាជិក គ្រួសារ​របស់ គាត់ ក៏​ដូច​អ្នក​ទៃទៀត មិនមាន​ន​ណាមួយ​គ្រោះថ្នាក់​នោះទេ ៕​