រាជរដ្ឋាភិបាល បន្ត​ផ្តល់​អាទិភាព​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 May, 2018 ក+ ក-

រាជរដ្ឋាភិបាល បន្ត​ផ្តល់​អាទិភាព​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​

​ភ្នំពេញ ៖ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៥​ពី​ព្រែក​ក្តាម ដល់​ធ្លារ​ម្អម សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះ អាង​ថា រាជរដ្ឋាភិបាល​នៅតែ​ចាត់ទុក​ការស្ថាបនា​ផ្លូវ​ជាការ​ងារ​អាទិភាព​មួយ ដើម្បី​ធ្វើ​ការតភ្ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ទីប្រជុំជន​ទៅកាន់​ជនបទ​។ សម្តេច​ប្រកាស​នៅថ្ងៃនេះ​ថា​រាជ​រដ្ឋា​ភិល​នឹង​សាងសង់​ផ្លូវ​មួយ​ខ្សែ​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់​ថ្មដា ខេត្តពោធិ៍សាត់ និង​ត​ភ្ជាប់​ពី​ពោធិ៍សាត់​ឆ្ពោះទៅកាន់​ខេត្តកោះកុង​។

​កំណាត់​ផ្លូវជាតិ​លេខ​៥​ពី​ព្រែក​ក្តាម ខេត្តកណ្តាល ដល់​ធ្លារ​ម្អម ខេត្តពោធិ៍សាត់​ប្រវែង​១៣៥​គម ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ក្រោម​អធិបតី​ដ៍​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វត្តមាន លោក កូ​រី​ណូ​អូ​ជី ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចាត់ទុក​ផ្លូវជាតិ​លេខ​៥​ចាប់ពី​ភ្នំពេញ​រហូតដល់​ប៉ោយប៉ែ​តទល់​ដែល​កម្ពុជា​ថៃ គឺ​ខ្សែ​មួយ​ដ៍​មាន​សារៈសំខាន់​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការតភ្ជាប់​ក្នុងប្រទេស ជាមួយ​ប្រទេសជិតខាង និង​នៅក្នុង​តំបន់ ដោយ​ម្ខាង​ភ្ជាប់​ជាមួយនឹង​ប្រទេស​ថៃ និង​ប្រទេស វៀតណាម តាមរយៈ​ផ្លូវជាតិ​លេខ​១​ដែល​ក៍​ជា​ហិរញ្ញប្បទាន​របស់​ប្រទេស​ជប៉ុន​ផងដែរ​។ នេះ​ជា​ការតភ្ជាប់​ដ៍​សំខាន់​ដែល​ធ្វើ​ឲ្យ​ធ្វើ​ឲ្យ​មានការ​រីកលូតលាស់ នៅក្នុង​ទំនាក់ទំនង​នៃ​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ និង​អាស៊ាន និង​ជាស​ក្តា​នុ ពល​ដ៍​សំខាន់​មួយ​សម្រាប់​កំណើនសេដ្ឋកិច្ច និង​ទេសចរណ៍​របស់​កម្ពុជា​ទៀត ផង​។

​សម្តេច​តេ​ជោ បាន​អះអាងថា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន​នៅតែ​គោលដៅ​អាទិភាព និង​នៅតែមាន​តម្រូវការ​ខ្ពស់​សម្រាប់​កម្ពុជា ក្នុង​គោលដៅ ដើម្បី​ត​ភ្ជាប់​ពី​ទីជនបទ​ទៅកាន់​ទីប្រជុំ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ប្រកបដោយ ភាពងាយស្រួល​។ សម្តេច​បានប្រកាសថា រាជរដ្ឋាភិបាល​នឹងធ្វើ ការសាងសង់​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត ពី​សំឡូត​ក្នុង​ខេត្តបាត់ដំបង ឆ្ពោះទៅកាន់​ថ្មដារ ខេត្តពោធិសាត់ និង​ឆ្ពោះទៅកាន់​ខេត្តកោះកុង ដើម្បី​បង្កើន​ផលិតភាព​ដឹកជញ្ជូន និង​ត​ភ្ជាប់​ទៅកាន់​តំបន់​កំពង់ផែ​ភាគ​និរតី​។​

​បើតាម​រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៥​ពី​ព្រែក​ក្តាម​-​ធ្លារ​ម្អម នឹងត្រូវ​ធ្វើការ​ពង្រីក ទទឹងផ្លូវ​២៣​ម៉ែត្រ​នៅ​តំបន់​ជនបទ និង​ពង្រីក​២៨​ម៉ែត្រ​នៅ​ទីប្រជុំជន សាងសង់​ជា​បួន​គន្លង ពីរ​ទៅ​ពីរ​មក ដោយមាន​ខឿន​សួន​ចែក​ទិសដៅ​។ ផ្លូវ​នេះ​នឹងត្រូវ​សាងសង់​ដោយ​ក្រាល​កៅស៊ូ​AC​និង​ធ្វើការ​សាងសង់​ផ្លូវ​វាង​ក្រុង​ចំនួន​ពីរ​គឺ​ទីប្រជុំជន​ឧដុង្គ និង​ផ្លូវ​វាង​ក្រុង​កំពង់ឆ្នាំង ព្រមទាំង​ការសាងសង់​ស្ពាន​ថ្មី​ចំនួន​ពីរ​កន្លែង ពង្រីក និង​ជួសជុល​ស្ពាន​ដែលមាន​ស្រាប់​ផងដែរ​។

​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​កំណាត់​ផ្លូវជាតិ​លេខ​៥ ព្រែក​ក្តាម ធ្លា​ម្អម​នេះ​នឹងត្រូវ ចំណាយ​ថវិកា​សាងសង់​ប្រមាណ​២៦១​លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​ជប៉ុន រួមជាមួយ​ថវិកា​រប​ដិ​ភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ការ​បោសសំអាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​។ ក្នុងនោះ​ការអនុវត្ត​ការត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​សម្ព័ន្ធ​ក្រុ ម​ហ៊ុន​ជប៉ុន ដោយ​ប្រើ​រយៈពេល​សាងសង់​៤៨​ខែ គិត​ចាប់ពី​ខែមេសា ២០១៨ រហូតដល់​ខែមីនា ឆ្នាំ​២០២២៕