កម្ពុជា​-​ថៃ រួមគ្នា​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុ​ជាជាង​៣០​ម៉ឺន​នាក់ នៅ​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2018 ក+ ក-

​ភ្នំពេញ ៖ ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង ព្រះរាជាណាចក្រ​ថៃ លើ​វិស័យ​ការងារ និង វិស័យ​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ពិសេស​ស្ថិតក្នុង​រយៈពេល នៃ​កិច្ចសហប្រតិបត្តិការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ភាគី​ទាំងពីរ​បានរួម​គ្នា​ផ្តល់​ភាពស្របច្បាប់​ជូន​ពលករ​កម្ពុជា​បាន​ជាង​៣០​ម៉ឺន​រួចហើយ ក្នុងចំណោម​ពលករ​ជាង​៤០​ម៉ឺន​នាក់ ដែល​កំពុង​បំរើកា​រងារ ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ នៅក្រោយ​ជំនួប​ពិភាក្សា​ការងារ ជាមួយ ឯកឧត្តម ប៉ាន់​យ៉ា​រ៉ា​ក់ ពល់​ទុប (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា​នេះ​ថា ពលករ​កម្ពុជា ដែល​បំរើ​ការងារ​ដោយ​គ្មាន​ឯកសារ​ស្របច្បាប់ នៅក្នុង​ប្រទេស​ថៃ ពីមុនមក​នោះ ឥឡូវនេះ​បានទទួល​ភាពស្របច្បាប់​ជិត​អស់ហើយ និង​កំពុង​បន្តធ្វើ​កិច្ចការ​នេះ​ឱ្យបាន​រួចរាល់ នៅមុន​ដំណាច់ ខែ មិថុនា ខាងមុខនេះ​។​

​លោក រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា កន្លងមក​កម្ពុជា បាន​បញ្ជូន​ក្រុមការងារ​អន្តរក្រសួង​ជាង​៣០០​នាក់ ទៅកាន់​មជ្ឈមណ្ឌល់​ចំនួន​៣ នៅ​ទីក្រុង​បាងកក ខេត្ត បុ​ទុម​ឋា​នី និង​ខេត្ត រ៉ាក់យ៉ង ប្រទេស​ថៃ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ភាគី​ថៃ ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា ដែល​មកដល់ពេលនេះ អាច​ចាត់ទុកថា​ទទួលបាន​លទ្ធផល​ជោគជ័យ​ហើយ ពោលគឺ​នៅ​សេ​សេ​សល់​ខ្លះ​កំពុង​បន្ត​និតិ​វិធី​ផ្តល់ជូន​។​

​យ៉ាងណា លោក រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ទៀតថា នៅ​ពាក់កណ្តាល​ខែមិថុនា​នេះ លោក នឹង​ដឹកនាំ​គណប្រតិភូ​ក្រសួង​ការងារ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​ចុងក្រោយ និង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​។ ក្រៅពីនេះ​ក៏​ខិតខំ​ជម្រុញ​ល្បឿន នៃ​កិច្ចសហប្រតិបត្តិការ លើ វិស័យ អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ក៏ដូចជា​វិស័យ​ដទៃទៀត ឱ្យបាន​ល្អ និង​មាន​ប្រសិទ្ធភាព​។​

​ទន្ទឹមគ្នា​នោះ លោក ឯកអគ្គរាជទូត​ថៃ ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​អបអរសាទរ ចំពោះ​ការបើក​ច្រកទ្វារ អន្តរជាតិ​ថ្មី របស់​កម្ពុជា នៅ​ខេត្តបាត់ដំបង ដើម្បី​រំលែក​ការធ្វើដំណើរ ដោយ​ស្របច្បាប់​របស់​ពលករ​កម្ពុជា ពី​ច្រក​ប៉ោយប៉ែត​ទៅតាម​ច្រក​ថ្មី​នេះ ស្របតាម​កិច្ចសហប្រតិបត្តិការ ដោយ​រលូន និង​ឈ្នះ​ឈ្នះ​ទៅវិញទៅមក​៕​