ប៉ូលិស​ដែល​ទះកំផ្លៀង​ស្ត្រី ត្រូវបាន​ដក​បញ្ឈរជើង​បណ្តោះអាសន្ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2018 ក+ ក-

ភ្នំពេញ ៖ មន្ត្រីនគរបាល​ពាក់​ស័ក្តិ​២ ដែល​បាន​ប្រើ​ហិង្សា ទះកំផ្លៀង​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព និង​ជិះ​ម៉ូតូ​បញ្ច្រាសទិស ហើយ​ត្រូវបាន​គេ​ថត​វីដេអូ​បង្ហោះ​លើ Facebook រក​ការរិះគន់​យ៉ាងខ្លាំង​នោះ ពេលនេះ​ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ចាប់ខ្លួន​មកកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ហើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​ឲ្យ​ដឹងថា ករណី​ដែល​មន្ត្រីនគរបាល​ទះកំផ្លៀង​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃមិញ​នេះ លោក​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​មកកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដាក់វិន័យ​ទៅតាម​ច្បាប់​របស់​នរគ​បាល​ជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ក៏បាន​សូមទោស​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​នាង ហើយ​លោក​ក៏បាន​សូមទោស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ ចំពោះ​ទង្វើ​មិន​គប្បី​របស់​សមត្ថកិច្ច ដែលមាន​ឥរិយាបទ​មិន​សមរម្យ​ជា​មន្ត្រីរាជការ​បែបនេះ​។​

​សូមជម្រាបថា ករណី​ហិង្សា​នេះ បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​២៩៨ កែង​ផ្សារ​អូរ​ឡាំ​ពិ​ក ក្នុង​សង្កាត់ ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​ដែល​ប្រើ​ហិង្សា​លើ​ស្ត្រី​ជា​គ្រូពេទ្យ​មានឈ្មោះ កៅ សំអុល អាយុ​៤៨​ឆ្នាំ ជា​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​១ ដោយបាន​ទះកំផ្លៀង​ទៅលើ​ស្ត្រី​រងគ្រោះ​ឈ្មោះ ឌី លី​ណា អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​ខណ្ឌ​៧​មករា ខណៈដែល​កំពុង​ចាប់​ឃាត់​ម៉ូតូ មិន​គោរព​ច្បាប់​៕