សម្តេច​តេ​ជោ ប្រគល់​អំណោយ​រថយន្ត​១២​គ្រឿង ឲ្យ ស​.​ស​.​យ​.​ក និង​សមាគម​គ្រូពេទ្យ ស្ម័គ្រចិត្ត TYDA
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2018 ក+ ក-

​ភ្នំពេញ ៖ រថយន្ត​ថ្មី ប្រភេទ​ដឹកជញ្ជូន​ចំនួន​១២​គ្រឿង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ទទួលបាន​ពី​ក្រុមហ៊ុន​ដំឡើងរថយន្ត ដេ​ហាន អូ​តូ (​ខេ​ម​បូ​ឌា​) ត្រូវបាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ប្រគល់​ជូនទៅ សភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ TYDA​។​

​នាឱកាស​នោះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន នៅក្រោយ​ពិធី​ប្រគល់​-​ទទួល​រថយន្ត នា​ព្រឹក​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា រថយន្ត​ចំនួន​១២​គ្រឿង​នេះ ត្រូវបាន​ក្រុមហ៊ុន ដេ​ហាន គ្រុប ផ្តល់ជូន សម្តេចនាយក​រដ្ឋមន្ត្រី ហើយ​សម្តេច​បានសម្រេច​ថា ដើម្បី​ឲ្យ​ការប្រើប្រាស់​នេះ បាន​ផលប្រយោជន៍​ជាទូទៅ​ដល់ កម្មករ និយោជិត ក៏ដូចជា​ប្រជាពលរដ្ឋ សម្តេច បានផ្តល់​រថយន្ត​មួយផ្នែក​ឱ្យ​ក្រសួង​ការងារ​យកទៅ​ចែក​បន្ត ដែល​ក្នុងនោះ រថយន្ត​ចំនួន​០៦​គ្រឿង ប្រគល់ជូន​ទៅឱ្យ​សភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​០៦​គ្រឿង​ទៀត ប្រគល់​ជូនទៅ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច តេ​ជោ ដែល​រថយន្ត​ទាំងអស់នេះ ក្រុមការងារ​នឹង​យកទៅ​ទុក​សម្រាប់​ដឹកជញ្ជូន​គ្រូពេទ្យ​ផង​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ពិនិត្យ​និង​ព្យាបាល និង​ការប្រើប្រាស់​ទៅតាម​យន្តការ​ជាក់ស្តែង​។​

ជាមួយគ្នានេះ ឯកឧត្តម សុះ មុះ​សិន អនុប្រធាន​សភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណា ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន ពិសេស​សម្តេចនាយករ​ដ្ឋ​មន្ត្រី សម្រាប់​អំណោយ​ដ៏​ថ្លៃថ្លា​នេះ និង​សន្យាថា នឹង​យក​រថយន្ត ទាំងនេះ​ទៅប្រើ​ប្រាស់​ជា​ផលប្រយោជន៍​ទូទៅ សម្រាប់​ប្រជាពលរដ្ឋ និង កម្មករនិយោជិត​។

​លើសពីនេះ ប្រើប្រាស់​ជា​ផលប្រយោជន៍​សង្គម​ទាំងមូល ដោយ​មិន​ប្រកាន់ពូជសាសន៍ សាសនា ពណ៌​សម្បុរ ឬក៏​និន្នាការ​និ​យោ​បាយ ពោលគឺ​បើកទូលាយ ចំពោះ​ការប្រើប្រាស់​រថយន្ត ពិសេស​សម្រាប់​ប្រយោជន៍​សាធារណៈ ចូលរួមចំណែក​មួយរ​បស់​រដ្ឋាភិបាល នៅក្នុង​ការលើកកម្ពស់​ជីវភាព​រស់នៅ ក៏ដូចជា បញ្ហា​សុខភាព​សុ​មាល​ភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕