អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​នៅ​អាមេរិក គ្រោង​ធ្វើបាតុកម្ម​ស្នើ​ជប៉ុន​ផ្ដាច់ជំនួយ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2018 ក+ ក-

 

​អាមេរិក ៖ ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក គ្រោង​ធ្វើបាតុកម្ម​ដើម្បី​សុំ​ឲ្យ​ជប៉ុន​ដកខ្លួន និង​ផ្ដាច់ជំនួយ​បោះឆ្នោត​ដល់​កម្ពុជា ប៉ុន្ដែ អ្នកនាំពាក្យ គ​.​ជ​.​ប ឆ្លើយតប​ថា ក្រុម​នេះ​កំពុង​បង្ក​ការរំខាន​ដល់​ការបោះឆ្នោតជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​កក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​។ នេះ​បើតាម​ការផ្សាយ​របស់ វី​អូ​ឌី កាលពី​រសៀល​ថ្ងែ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ ក្រុម​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ប្រចាំ​នៅ​សហរដ្ឋអាមេរិក ថា គ្រោង​រៀបចំ​ធ្វើ​មហា​បាតុកម្ម នៅមុខ​ស្ថាន​បេសកកម្ម​អចិន្ដ្រៃយ៍​ជប៉ុន​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក នា​ថ្ងៃទី​១​ខែមិថុនា​ខាងមុខនេះ​។​

​អតីតមន្ដ្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​និរទេស​ខ្លួន​នៅ​អាមេរិក លោក ហ៊ីង សុខសាន្ដ បញ្ជាក់បន្ថែម​ប្រាប់ VOD ថា គម្រោង​ធ្វើបាតុកម្ម​នេះ គឺមាន​គោលដៅ​សំខាន់ ៣​យ៉ាង គឺ ស្នើ​ឲ្យ​ជប៉ុន​ផ្ដាច់ជំនួយ​បោះឆ្នោត​មក​កម្ពុជា ស្នើ​ជប៉ុន​កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត បើ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្នើ​ជប៉ុន ជំរុញ​ឲ្យ​កម្ពុជា​គោរព​តាម​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​។​

«​យើង​ស្នើសុំ​ដល់​ជប៉ុន​ឲ្យ​ដកខ្លួន​ថយ ហើយ​ឈប់​ផ្ដល់ជំនួយ​ផ្នែក​បោះឆ្នោត​ដោយ​ឈប់​គាំទ្រ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហ្នឹង ដែល​ការបោះឆ្នោត​ខាងមុខ​ហ្នឹង វា​អត់​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ទី​២ យើង​ស្នើសុំ​ទៅ​ជប៉ុន​ដែរ កុំ​ទទួលស្គាល់​នូវ​ការបោះឆ្នោត​ក្លែងក្លាយ ពីព្រោះ​ការបោះឆ្នោត​នេះ វា​អត់​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​»​។​
​លោក ហ៊ីង សុខសាន្ដ រំពឹង​ទៀតថា បាតុកម្ម​នេះ នឹងមាន​អ្នកចូលរួម​ប្រមាណ​ជា ៥០០​នាក់ ហើយនឹង​បន្ដ​ការតវ៉ា​បែបនេះ​នៅ​ប្រទេស​មួយចំនួនទៀត ដូចជា បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប កូរ៉េខាងត្បូង និង​អូស្ដ្រាលី​ជាដើម​។​

​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​នៅក្រៅ​ប្រទេស កំពុងតែ​មានបំណង​អាក្រក់ និង​បង្ក​ការរំខាន​ដល់​ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ​នាពេលខាងមុខ​។ លោក​ថា ជប៉ុន នឹងមិន​កាត់ផ្ដាច់​ជំនួយ​បោះឆ្នោត​ពី​កម្ពុជា​នោះទេ ហើយ​បើទោះបីជា​ជប៉ុន មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ក៏ដោយ ក៏​វា​មិន​ប៉ះពាល់​ដល់​ភាពស្របច្បាប់​នៃ​រដ្ឋាភិបាល​កើត​ក្រោយ​ការបោះឆ្នោត​នោះឡើយ​។​

​លោក​ថា​៖ « ខ្ញុំ​សូម​ជំរាប​ថា សភា​នៃ​ប្រទេស​កម្ពុជា លោក​បានអនុម័ត​កញ្ចប់​ថវិកា​ជា​ដុំ​រួចហើយ​។ អញ្ចឹង​កញ្ចប់​ថវិកា​នេះ បើ​មាន​ប្រទេស​ណា​ជួ​យមក ជាការ​សម្រួល​បន្ទុក​ទៅ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្ដែ បើសិនជា​អត់​ជួយ​ទេ គឺ​កញ្ចប់​ថវិកា​នោះ គឺមាន​ស្រាប់​សម្រាប់​ដំណើរការ​បោះឆ្នោត​។ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស មេដឹកនាំ​រដ្ឋ​មួយ មិនមែន​ឋិត​នៅលើ​អ្នក​នៅ​ខាងក្រៅ​ទេ គឺ​ប្រជាពលរដ្ឋ​ក្នុងប្រទេស​ខ្លួនឯង​»​។​

​ប្រធាន​ក្រុមអ្នកវិភាគ​នយោបាយ​វ័យក្មេង លោក ហង្ស វិទូ វិភាគ​ថា គម្រោង​ធ្វើបាតុកម្ម​នៅក្រៅ​ប្រទេស​នេះ ទំនងជា​គ្មាន​ឥទ្ធិពល​អ្វី​ធំដុំ​មកលើ​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។ ប៉ុន្ដែ លោក​យល់ថា វា​នឹង​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ជប៉ុន និង​សហគមន៍​អន្ដរជាតិ ឲ្យ​ងាក​មក​ចាប់អារម្មណ៍​បន្ថែមទៀត​លើ​បញ្ហា​ន​យោ​យ​បាយ​នៅ​កម្ពុជា ខណៈ​ការបោះឆ្នោត​កាន់តែ​ខិតចូល​មកដល់​។​

​ជាការ​រួមចំណែក​ជួយ​ដល់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា គឺ​ប្រទេស​ជប៉ុន​គាត់​អាច​ដាស់តឿន​ក្រើនរំលឹក​ឲ្យ​កម្ពុជា​បង្ហាញ​គោលជំហរ​ក្នុងការ​ចង់ឃើញ​គោលការណ៍​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក៏ប៉ុន្ដែ យ៉ាងហោចណាស់ ក៏មាន​ឥទ្ធិពល​ទៅដល់​ប្រទេស​ជប៉ុន ក៏ដូចជា ប្រទេស​ដៃគូ​ដទៃទៀត​ហ្នឹង គេ​អាច​នឹង​ចាត់វិធានការ ដើម្បី​កុំ​ឲ្យ​គេ​ព្រងើយកន្ដើយ ឬ​ភ្លេច​ចំពោះ​បញ្ហា​កម្ពុជា​
​លោក ហង្ស វិទូ ប្រធាន​ក្រុមអ្នកវិភាគ​នយោបាយ​វ័យក្មេង​
​បន្ទាប់ពី​អតីត​បក្សប្រឆាំង ដែលមាន​អ្នកគាំទ្រ​ជិត​ពាក់កណ្ដាល​ប្រទេស ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​តាម​បណ្ដឹង​របស់ រដ្ឋាភិបាល ប្រទេស​លោក​សេរី​មួយចំនួន​បាន​ព្រមាន​ដាក់ទណ្ឌកម្ម និង​កាត់​ផ្ដាច់ជំនួយ​បោះឆ្នោត​មក​កម្ពុជា ដូចជា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម ពោលគឺ​នៅសល់តែ​ជប៉ុន​ប៉ុណ្ណោះ ដែល​បន្ដ​ជួយ​ដល់​ស្ថាប័ន​បោះឆ្នោត​នៅ​កម្ពុជា​៕ ប្រភព ៖ VOD

​លោក អ៊ុង ឫទ្ធី (​រូប​កាន់​មេក្រូ​និយាយ​) ចូលរួម​បាតុកម្ម​តវ៉ា​ឲ្យ​ដោះលែង​លោក កឹម សុខា នៅមុខ​ក្រសួងការបរទេស​អាមេរិក នៅ​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧​។​) រូបភាព​៖ RFA​