ពលរដ្ឋ​ឃុំ​ដើម​មៀន ចោទ​ក្រុមហ៊ុន​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ រំលោភ​យក​ដី​សហគម​ន៍​ភូមិ​ស្ទឹង​ជ្រៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2018 ក+ ក-

​ខេត្តកណ្តាល ៖ លោក ហូរ សុខ​ហេង តំណាង​ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា ក្រុមហ៊ុន ING របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ បាន​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​សហគមន៍ ភូមិ​ស្ទឹង​ជ្រៅ ជាង​៧​ហិកតា ស្មើនឹង​៣៥០​គ្រួសារ ស្ថិតនៅ​ចំណុច​បឹង​ជី​ភោ បច្ចុប្បន្ន​នៅ​ខាងកើត​ជាប់​មហាវិថី សម្ដេច ហ៊ុន សែន ៦០​ម៉ែត្រ​ដែល​ប្រជាពលរដ្ឋ​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ដាំ​ព្រលឹត ត្រកួន កញ្ឆែត និង​នេសាទ​ត្រី នៅ​ទីនោះ​ជា​លក្ខណៈ​គ្រួសារ​តាំងពី​ឆ្នាំ​១៩៨០​មកម្ល៉េះ​។​

​លោក​បានបញ្ជាក់​ឱ្យដឹង​បន្ថែមថា ក្រុមហ៊ុន ING របស់លោក​ឧកញ៉ា អ៊ុង ប៊ុន​ហូ​វ បាន​ប្រមូល​ទិញ​ដី​ពី​ប្រជាជន​ដែល​កាន់កាប់​ស្របច្បាប់​នៅ​ជិត​ដី​មានទំនាស់​នោះ បាន​មួយចំនួន បន្ទាប់មក​ក្រុមហ៊ុន​បាន​បោះ ព្រំ​ព័ទ្ធ​រំលោភ​យក ដី​បឹង​ជី​ភោ​របស់​សហគមន៍​ភូមិ​ស្ទឹង​ជ្រៅ ដែល​នៅសល់​មិនទាន់​លក់​ទំហំ ៧៤ ១៥៣​ម៉ែត្រការ៉េ ក្នុងអំឡុង​ឆ្នាំ​២០១៥ ។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន បាន​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ ចូលទៅ នេសាទ ឬ ដាំ​បន្លែ​នៅលើ​ដី​នោះ​តទៅទៀត​ទេ​។​

​តំណាង​រូបនេះ​បញ្ជាក់ថា បន្ទាប់ពី​មានការ​គម្រាមកំហែង និង​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ខាងលើ ក៏បាន​នាំគ្នា​ប្ដឹងតវ៉ា​ជា​បន្តបន្ទាប់​ចូលទៅ​សង្កាត់ ក្រុង និង​ខេត្ត​រហូតដល់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អស់​រយៈពេល​បី​ឆ្នាំ​កន្លងមកហើយ តែ​មិន​ទួលបាន​ដំណោះស្រាយ​ទាល់តែសោះ​បានត្រឹមតែ​សន្យា​ខ្យល់​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅនេះ ប្រជាពលរដ្ឋ​រាប់រយ​នាក់ មកពី​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ បាននាំគ្នា​មកលើ​កប​ដា​នៅខាងមុខ​សាលាខេត្ត កណ្ដាល ក្នុង​គោលបំណង​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ដោះស្រាយ បញ្ហា​ទំនាស់​ដីធ្លី​ខាងលើ ខណៈ​ការតវ៉ា​អស់​រយៈពេល​បី​ឆ្នាំ​មកហើយ តែ​គ្មាន​ដំ​ដោះស្រាយ​។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើនេះ មិនទាន់​អាច​ស្វែងរក​សុំ​ការពន្យល់​ពី​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ នាយក​ក្រុមហ៊ុន lNG ឬ តំណាង​របស់​ក្រុមហ៊ុន​នេះ​បាន​នៅឡើយ​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​៕