អ្នកនាំពាក្យ គ​.​ជ​.​ប រំពឹងថា ពលរដ្ឋ​ចូលរួម​បោះឆ្នោត​លើសពី​៥០​ភាគរយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2018 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅថ្ងៃនេះ​ថា តាម​ការរំពឹងទុក​គឺ​ពលរដ្ឋ​ជាង​៥០% នឹងចូលរួម​ការបោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ ព្រោះ​ពូក​គាត់​បាន​ត្រៀម​រួចរាល់​អស់ហើយ ដើម្បី​ចូលរួម​ការបោះឆ្នោត ។

​អ្នកនាំពាក្យ​រូបនោះ​អះអាងថា ការបោះឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅដោយ​រលូន បើទោះបីជា​គ្មាន វត្តមាន​អតីត​គណបក្សប្រឆាំង និង​អង្គការ​មួយចំនួន​ដែល​តាំងខ្លួន​ឯករាជ្យ​មិន​ចូលរួម​ក្នុងការ សង្កេតការណ៍​បោះឆ្នោត​ក៏ដោយ ។ ការ​ថ្លែង​របស់លោក ហង្ស ពុទ្ធា បែបនេះ បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស ប្រឆាំង​នៅ​កម្ពុជា រួមទាំង​សកម្មជន​អ្នកគាំទ្រ​បាននិងកំពុង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើពហិការ​ក្នុង​ការចូល រួមការ​បោះឆ្នោត ។​

​សូមជម្រាបថា តាម គ​.​ជ​.​ប គណបក្ស​ចំនួន​២០​នឹងចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ចុងខែ​កក្កដា ខាងមុខនេះ​ក្នុងនោះ​ក៏មាន​គណបក្ស​មាន​ទិន្នាការ​ប្រឆាំង​ផងដែរ ៕​