ផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​នៅ​តំបន់​ទេសចរណ៍​កោះ​សាមុយ​បណ្តាល​ឲ្យ​របួស ៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 April, 2015 ក+ ក-

​ថៃឡង់​ដ៍​៖​នៅក្នុង​ប្រទេស​ថៃ ប៉ូលីស​បានប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​១១ មេសា​នេះ​ថា មានការ​ផ្ទុះ​រថយន្ត​ចត​ចោល​មួយ​នៅក្នុង​ទី​ចំណតរថយន្ត​នៃ​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​នៅ​តំបន់​ទេសចរណ៍​កោះ​សាមុយ​។ ឧប្បត្តិហេតុ​នៃ​ការផ្ទុះ​រថយន្ត​កើត​មាននៅ​យប់​ថ្ងៃ​សុក្រ ទី​១០ មេសា ចំពេល​ដែលមាន​មនុស្សម្នា​ជាច្រើន​កំពុង​នាំគ្នា​ទិញ​អ៊ី​វ៉ាន់​សម្រាប់ ពេល​ឈប់សម្រាក​ថ្ងៃបុណ្យ​ចុង​សប្តាហ៍​។ ព្រឹត្តិការណ៍​ផ្ទុះ​នោះបាន​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ស្រាល​ចំនួន ៧​នាក់ មាន​ជនជាតិ​ថៃ ៦​នាក់ និង​ក្មេងស្រី​ជនជាតិ​អ៊ីតាលី​ម្នាក់​។​

​ព័ត៌មាន ដំបូង​ដែល​ប៉ូលីស​ថៃ​បានបញ្ជាក់​ក្នុងថ្ងៃនេះ​ឲ្យ​ដឹងថា រថយន្ត​ដែល​ផ្ទុះ​នៅ​ទី​ចំណ​តនៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​តំបន់​ទេសចរណ៍ កោះ​សាមុយ ជា​រថយន្ត​ដែល​លួច​ពី​ខេត្ត​យ៉ា​ឡា​មក​។ យ៉ា​ឡា​ដែល​គេ​ស្គាល់​ថា ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង ៣​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ប្រទេស​ថៃ​ដែល​សម្បូរ​ដោយ​ប្រជារាស្ត្រ​ថៃ អ្នក​កាន់សាសនា​អ៊ីស្លាម​រស់នៅ​។ ខណៈ​នេះ ប៉ូលីស​នៅ​មិនទាន់​ដឹង​ពី​ប្រភេទ​ជាតិ​ផ្ទុះ​ដែល​បាន​បង្កប់​ក្នុង​រថយន្ត នោះ​នៅឡើយ​ទេ​។ តែ​ក្រុម​អ្នកដោះមីន​បាន​ប្រមូលយក​បំណែក​ផ្ទុះ​នៅ​កន្លែងកើតហេតុ​ទៅ សិក្សា​ស្រាវជ្រាវ​ក្នុង​បំណង​ស្វែងរក​ប្រភព និង​ក្រុម​ជនដៃដល់​ដែល​ស្ថិតនៅ​ពីក្រោយ​ព្រឹត្តិការណ៍​នោះ​។ អ្វី​ជាការ​កត់សម្គាល់ ព្រឹត្តិការណ៍​បំផ្ទុះ​រថយន្ត​នៅ​តំបន់​ទេសចរណ៍​កោះ​សាមុយ​ពេលនេះ​បានកើត មាន​ឡើង ចំ​ពេលដែល​ស្ថានការណ៍​នយោបាយ​ក្រោម​អំណាច​របប​សឹក​កំពុង​បន្ត​តានតឹង ខ្លាំង​។​

​តាំងពី​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ខែឧសភា ឆ្នាំ ២០១៤ មក វិស័យ​ទេសចរណ៍​ដែលជា​ដង្ហើម​សេដ្ឋកិច្ច​របស់​រាជាណាចក្រ​កំពុង​ជួប​ការ លំបាក​ខ្លាំង​ដោយសារតែ​វិបត្តិ​នយោបាយ​។ ក្នុង​ឆ្នាំ ២០១៤ កន្លងទៅ មាន​អ្នក​ទេសចរណ៍​បរទេស​មិន​ដល់ ២៥​លាន​នាក់​ផង​បាន​ទៅលេង​ស្រុកថៃ ទល់នឹង​ជាង ២៦​លាន​នាក់​ក្នុង​ឆ្នាំ ២០១៣​។ នៅ​សប្តាហ៍​កន្លងទៅ របប​សឹក​បាន​លើក​ចេញ​វិញ​នូវ​ច្បាប់អាជ្ញាសឹក​ដែល​បានដាក់​តាំងពី​ក្រោយ ថ្ងៃ​រដ្ឋប្រហារ តែ​បែរជា​បានដាក់​ជំនួស​វិញ​ដោយ​ក្រិ​ត្យ​ច្បាប់​មួយ​ដែល​ផ្តល់​អំណាច​ច្រើន ឲ្យ​ទាហាន​ទៅវិញ​។ មកដល់ពេលនេះ និង​ក្នុងស្ថានភាព​នយោបាយ​តានតឹង​ប្រឈមមុខ​ទល់នឹង​ក្រុម​អាវ​ក្រហម របប​សឹក​នៅ​មិនទាន់​ហ៊ាន​ចោទ​ក្រុម​ណាមួយ​នៅឡើយ​ទេ​។​

​បន្ថែម​លើ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង របប​សឹក​ក៏​កំពុង​បន្ត​ប្រឈមមុខ​នឹង​ក្រុម​ឧទ្ទាម​បះបោរ​ទាមទារ​ផ្តាច់​ទឹកដី នៅ​តំបន់​ប៉ែក​ខាងត្បូង​ដែរ ពិសេស​ក្នុង​ខេត្ត​ចំនួន ៣ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​ដែល​សម្បូរ​ដោយ​អ្នក​កាន់សាសនា អ៊ីស្លាម​រស់នៅ​។ តាំងពី​ឆ្នាំ ២០០៤ មក ជម្លោះ​នៅ​តំបន់​ប៉ែក​ខាងត្បូង​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង ៦ ៣០០​នាក់​៕RFI

1643​ថៃ​៖​ផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​នៅ​តំបន់​ទេសចរណ៍​កោះ​សាមុយ​បណ្តាល​ឲ្យ​របួស ៧​នាក់​Reuters