ជំនួប​កំពូល​អាមេរិក​ជា​ឱកាស​នៃ​កិច្ចសន្ទនា​រវាង​អាមេរិក និង​សត្រូវ​ក្នុង​តំបន់ ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 April, 2015 ក+ ក-

​ប៉ា​ណា​ម៉ា៖លោក​ប្រធានាធិបតី​អាមេរិក​អូ​បា​ម៉ា និង​លោក​ប្រធានាធិបតី​គុយបា​កា​ស្ត្រូ​បាន​ជួប​សន្ទនា​គ្នា​រយៈពេល ១​ម៉ោង​នៅ​ថ្ងៃ​សៅ​រិ៍ ទី​១១ មេសា​នាឱកាស​ជំនួប​កំពូល​អាមេរិក​ក្នុងប្រទេស​បា​ណា​ម៉ា​។ គឺជា​ជំនួប​លើក​ទី​១ គិត​តាំងពី ៦០​ឆ្នាំ​កន្លងទៅ និង​ដែល​រូបលោក​អូ​បា​ម៉ា​ផ្ទាល់​បាន​ចាត់ទុកជា​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​។ ក្រៅពី​មាន​ជំនួប​ផ្លូវការ​ជាមួយ​លោក​ប្រមុខរដ្ឋ​គុយបា លោក​អូ​បា​ម៉ា​ក៏បាន​ជួប​សន្ទនា​គ្នា​រយៈពេល​ខ្លី​ជាមួយ​លោក​ប្រមុខរដ្ឋ វ៉េ​ណេ​ស៊ុយ​អេ​ឡា​នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​ដែលជា​សត្រូវ​មួយទៀត​របស់​អាមេរិក​នៅក្នុង​តំបន់​។​

​ក្រៅ ពី​មាន​ជំនួប​ផ្លូវការ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​លោក​ប្រធានាធិបតី​គុយបា រ៉ា​អ៊ូ​ល កា​ស្ត្រូ លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា​ក៏បាន​និយាយ​ឆ្លងឆ្លើយ​គ្នា​មួយ​ភ្លែត​ជាមួយ​លោក​ប្រធានាធិបតី វ៉េ​ណេ​ស៊ុយ​អេ​ឡា​នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​។ គឺជា​កិច្ចសន្ទនា​លើក​ទី​១ រវាង​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​ទាំងពីរ​រូប​តាំងពី​លោក​ម៉ា​ឌុយ​រ៉ូ​ឡើង ស្នង​តំណែង​បន្ត​ពី​លោក​ហ៊ុយ​ហ្គោ ឆា​វ៉េ​។ លោក​អូ​បា​ម៉ា​បាន​និយាយប្រាប់​លោក​ម៉ា​ឌុយ​រ៉ូ​ច្បាស់ៗ​ថា អាមេរិក​គ្មាន​ប្រយោជន៍​អ្វីដែល​ត្រូវ​គំរាម​ហែង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទេ តែ​ចង់ឃើញ​លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និង​ភាពសម្បូរ​សប្បាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​នៅក្នុង​តំបន់​។​
​ជាការ ឆ្លើយតប​វិញ លោក​ម៉ា​ឌុយ​រ៉ូ​ហាក់ដូចជា​បាន​បន្ទន់ឥរិយាបទ​បន្តិច ដោយបាន​បោះដៃ​ទៅរក​លោក​អូ​បា​ម៉ា​ដើម្បី​បើក​កិច្ចសន្ទនា​។ តែ​ទន្ទឹមគ្នានេះ លោក​ម៉ា​ឌុយ​រ៉ូ​ក៏​បន្ត​រក្សា​ជំហរ​ម៉ឹងម៉ាត់​ទល់នឹង​អាមេរិក ព្រមទាំង​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​សំណើ​របស់លោក​អូ​បា​ម៉ា​។​

« ខ្ញុំ​ចង់​ជឿ​លោក​ដែរ​តែ​ខ្ញុំ​នៅ​មិនទាន់​ទុកចិត្ត​លោក​នៅឡើយ​។​ខ្ញុំ​គោរព​លោក​តែ​ខ្ញុំ​មិន​ទុកចិត្ត​លោក​ទាល់តែសោះ​ប្រធានាធិបតី​អូ​បា​ម៉ា​។​ប្រសិនជា​ដូច​អ្វីដែល​លោក​ចង់បាន​មែន​នោះ​យើង​នឹង​និយាយ​គ្នា​។​តែបើ​លោក​មិន​ចង់​ទេ​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ​ហើយ​នៅពេលនោះ​វា​ជា​កេរ្តិ៍ដំណែល​ដែល​លោក​បាន​បន្សល់ទុក​សម្រាប់​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​ខ្ញុំ​ធ្លាប់បាន​និយាយ​ច្រើនដង​ហើយ​ប្រធានាធិបតី​អូ​បា​ម៉ា​។​កុំ​ទុក​បណ្តោយ​ឲ្យ​អ្វីៗ​កើតមាន​ដូច​នៅក្នុង​សម័យ George W.Bush ដែល​បាន​គាំទ្រ​រដ្ឋប្រហារ​យោធា​នៅ​វ៉េ​ណេ​ស៊ូ​យ​អេ​ឡា​ប្រឆាំងនឹង​លោក​ឆា​វ៉េ​។ ប្រវត្តិសាស្ត្រ​ត្រូវតែ​នាំទៅ​កាន់​ផ្លូវ​ផ្សេង​។ ខ្ញុំ​យល់ព្រម​ចាប់ដៃ​ជាមួយ​លោក ប្រធានាធិបតី​អូ​បា​ម៉ា​ដើម្បី​យើង​អាច​និយាយ​គ្នា​បាន​ក្នុង​បំណង​សន្តិភាព និង​ដោះស្រាយ​ភាពចម្រូងចម្រាស​ដែល​អាមេរិក និង​វ៉េ​ណេ​ស៊ូ​យ​អេ​ឡា​កំពុងមាន​សព្វថ្ងៃ »

​ការនិយាយ​ឆ្លើយឆ្លង​គ្នា​រវាង​លោក​អូ​បា​ម៉ា និង​លោក​ម៉ា​ឌុយ​រ៉ូ​បាន​កើតមានឡើង ចំ​ពេលដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​កា​រ៉ា​កាស​កំពុងមាន​ទំនាក់ទំនង​យ៉ាង​តានតឹង​រវាង​គ្នា​។ ធ្ងន់ធ្ងរ​កាន់តែខ្លាំង គឺ​ក្រោយពី​លោក​អូ​បា​ម៉ា​បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ​កាលពី​ដើមខែ មីនា​កន្លងទៅ ដោយបាន​ដាក់​ទ័​ណ្ឌ​កម្ម​ប្រឆាំងនឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជាច្រើនរូប​ពីបទ​រំលោភ​សិទ្ធិមនុស្ស​។ ទន្ទឹមគ្នានេះ ក្រិ​ត្យ​របស់​អាមេរិក​ក៏បាន​ចាត់ទុក​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជា​ប្រទេស​គំរាមកំហែង លើ​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក​ដែរ​។ ក៏ប៉ុន្តែ លោក​ម៉ា​ឌុយ​រ៉ូ​ហាក់ដូចជា​មិន​បដិសេធ​ទាំងស្រុង​ពី​ការបើក​កិច្ចសន្ទនា ជាមួយ​អាមេរិក​ទេ តែ​ត្រូវ​ផ្អែកលើ​ការគោរព​គ្នា​ទៅវិញ ទៅមក​។​

​ងាក​មក​មើល​កិច្ចសន្ទនា​រវាង​លោក​ប្រមុខរដ្ឋ​គុយបា​កា​ស្ត្រូ និង​ប្រមុខរដ្ឋ​អាមេរិក​អូ​បា​ម៉ា​ម្តង គឺ​ហាក់ដូច​ជាមាន​ភាព​ល្អូត​ល្អឺ​ន និង​បង្កប់​ដោយ​ការយល់​គ្នា​ច្រើនជាង​។ លោក​កា​ស្ត្រូ​បាន​សុំ​ឲ្យ​លោក​អូ​បា​ម៉ា​អត់​ទោស​ឲ្យ​លោក និង​បាន​និយាយ​ត្រង់ៗ​ថា លោក​អូ​បា​ម៉ា​មិនមែនជា​អ្នកទទួលខុសត្រូវ​លើ​រឿងរ៉ាវ​នៅក្នុង​អតីតកាល រវាង​អាមេរិក និង​គុយបា​ទេ និង​ថា លោក​អូ​បា​ម៉ា​ជា​បុរស​ម្នាក់​ទៀងត្រង់ និង​ប្រកបដោយ​គុណធម៌​។​

« ខ្ញុំ​សុំ​ឲ្យ​លោក​អូ​បា​ម៉ា​មេត្តា​អត់​ទោស​ឲ្យ​ខ្ញុំ​ផង​ព្រោះ​ខ្ញុំ​ដឹងថា​គាត់​មិនមែនជា​អ្នកទទួលខុសត្រូវ​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​អតីតកាល​រវាង​អាមេរិក និង​គុយបា​ទេ​។​តើ​មុន​លោក​អូ​បា​ម៉ា​អាមេរិក​មាន​ប្រធានាធិបតី​ប៉ុន្មាន​នាក់​ហើយ​១១​នាក់​១២​នាក់​គឺមាន​១០​នាក់​ហើយ​នៅមុន​លោក​អូ​បា​ម៉ា​។​អ្នក​ទាំងនោះ​សុទ្ធតែ​មានការ​ទទួលខុសត្រូវ​ចំពោះ​គុយបា​និង​ប្រជាជន​គុយបា​។​គេ​អាច​និយាយ​អ្វី​ក៏​បានដែរ​ទាក់ទង​នឹង​ប្រព័ន្ធ​ដឹកនាំ​នយោបាយ​នៅ​គុយបា​។​តែ​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ខ្ញុំ​បានស្នើ​លោក​អូ​បា​ម៉ា​មេត្តា​អត់​ទោស​ឲ្យ​ខ្ញុំ​ព្រោះ​ខ្ញុំ​ក៏ដូចជា​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ផ្សេងទៀត​ដែលមាន​វត្តមាន​នៅក្នុង​ជំនួប​កំពូល​អាមេរិក​និង​ដែល​ខ្ញុំ​បាន​ជួប​ម្នាក់​ម្តងៗ​បានគិត​ដូចគ្នា​ថា​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​ជា​បុរស​ម្នាក់​ទៀងត្រង់​និង​ប្រកបដោយ​គុណធម៌ »

​ជាការ​ឆ្លើយតប​វិញ លោក​អូ​បា​ម៉ា​បាន​ទទួលស្គាល់ថា អ្វីដែល​លោក​កា​ស្ត្រូ​បានលើកឡើង គឺជា​ការពិត ព្រោះ​មាន​ព្រឹត្តិការណ៍​ជាច្រើន​បាន​កើតមានឡើង​នៅមុន​កំណើត​របស់លោក ទៅទៀត​។ តែ​អ្វីដែល​លោក​អូ​បា​ម៉ា​មិន​ភ្លេច​បញ្ជាក់​នោះ​គឺថា គុយបា​មិនមែនជា​ប្រទេស​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​អាមេរិក​ទេ​។​

​ប្រសាសន៍​លោក​ប្រធានាធិបតី​អាមេរិក​អូ​បា​ម៉ា 12/04/2015 ស្តាប់​
« បើ​គេ​បាន​ស្តាប់​ប្រសាសន៍​របស់លោក​ប្រធានាធិបតី​គុយបា​កា​ស្ត្រូ​ចំណុច​ជាច្រើន​ដែល​លោក​កា​ស្ត្រូ​បានលើកឡើង​គឺ​ទាក់ទង​ជាពិសេស​ទៅនឹង​ព្រឹត្តិការណ៍​ដែល​បានកើត​មាននៅ​មុន​ថ្ងៃកំណើត​របស់ខ្ញុំ​ទៅទៀត​។​ដូច្នេះ​សារ​របស់ខ្ញុំ​នៅទីនេះ​គឺថា​សង្គ្រាមត្រជាក់​បាន​ចប់​ហើយ​។​

​បច្ចុប្បន្ននេះ​យើងទាំងអស់គ្នា​បាននិងកំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​នៅក្នុង​លោក​។​ជាមួយ​គុយបា​យើង​នៅមាន​ចំណុច​ជាច្រើន​ដែល​យើង​មិនទាន់​អាច​និយាយ​ចុះសម្រុង​គ្នា​បាន​។​ចំណុច​ខ្វែងគំនិត​គ្នា​ដែលមាន​នោះ គឺ​មិនមែន​ទាក់ទង​តែ​នឹង​ទស្សនៈ​យល់ឃើញ​របស់​រដ្ឋាភិបាល​គុយបា​ចំពោះ​ពលរដ្ឋ​របស់ខ្លួន​ប៉ុណ្ណោះ​ទេ​តែ​ក៏មាន​បញ្ហា​នៅក្នុង​តំបន់​មួយចំនួន​ដែរ​។​ទន្ទឹមគ្នានេះ​ក៏​នឹងមាន​សំណុំរឿង​ផ្សេងទៀត​ដែល​យើង​នឹង​រួមសហការ​ណ៍​ជាមួយគ្នា​។​តែ​អ្វីដែល​គួរបញ្ជាក់​ឲ្យ​បាន​ច្បាស់​នោះ​គឺថា​គុយបា​មិនមែនជា​ប្រទេស​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​អាមេរិក​ទេ »

​លោក​អូ​បា​ម៉ា និង​លោក​កា​ស្ត្រូ​បានទទួល​ស្គាល់​ដូចគ្នា​ថា នៅមាន​បញ្ហា​ជាច្រើន​ដែល​អាមេរិក និង​គុយបា​ត្រូវ​បន្ត​ជជែក​គ្នា​។ តែមាន​សំណុំរឿង​ខ្លះ​ត្រូវបាន​ភាគី​នីមួយៗ​បន្ត​រក្សា​ជំហរ​រៀងៗ​ខ្លួន ពិសេស​ទាក់ទង​នឹង​រឿង​សិទ្ធិសេរីភាព និង​រឿង​សិទ្ធិមនុស្ស​។ ចប់​ហើយ​ជំនួប​កំពូល​អាមេរិក​លើក​ទី​៧ ក្នុងប្រទេស​ប៉ា​ណា​ម៉ា តែ​អ្វីដែល​ជំនួប​កំពូល​បាន​បន្សល់ទុក​សម្រាប់​ពិភពលោក គឺ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​ប្រមុខរដ្ឋ​គុយបា និង​អាមេរិក​៕RFI
1obamaលោក​ប្រធានាធិបតី​គុយបា រ៉ា​អ៊ូ​ល កា​ស្ត្រូ និង​លោក​ប្រធានាធិបតី​អាមេរិក​អូ​បា​ម៉ា​Reuters2015-04-11T