កម្ពុជា​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​(ECOSOC) របស់ អ​.​ស​.​ប​.
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2018 ក+ ក-

​ភ្នំពេញ ៖ ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា គឺ​អង្គការសហប្រជាជាតិ បានសម្រេច​អោយ​ប្រទេស​កម្ពុជា ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម ក្នុង​អាណត្តិ​មួយឆ្នាំ​ក្នុង​ឆ្នាំ​២០១៩​នេះ តាមរយៈ​លទ្ធផល​បោះឆ្នោត​គាំទ្រ​១៨៣​សម្លេង ក្នុងចំណោម សមាជិក​អង្គការសហប្រជាជាតិ​ចំនួន​១៨៨ ។​

​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC) របស់​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​មួយឆ្នាំ ក្នុង​២០១៩​នេះ បន្ទាប់ពី​ទទួលបាន​សំលេងគាំទ្រ ចំនួន​១៨៣ លើ​១៨៨ ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាល​មហាសន្និបាត នៃ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញ៉ូ​យក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។

​នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង​ថ្មី​មួយទៀត​របស់​កម្ពុជា ក្នុងការ​លើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ បន្ទាប់ពី​កម្ពុជា​ត្រូវបាន​ជ្រើសតាំង​កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ធ្វើជា​អនុប្រធាន​នៃ​សម័យប្រជុំ​លើ​ទី​៧៣ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ពី​ខែកញ្ញា ២០១៨ ដល់​ខែកញ្ញា ២០១៩ រួមជាមួយ​ប្រទេស​ចំនួន​១៥ ផ្សេងទៀត និង​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ក្នុងឋានៈ​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គម​របស់​អង្គការសហប្រជាជាតិ កម្ពុជា​នឹង​ខិតខំ​ចូលរួម​ពិភាក្សា​និង​ផ្តល់យោបល់​លើ​ការ​ជម្រុញ​ស្តង់ដារ​រស់នៅ​ឲ្យ​បាន​ខ្ពស់ ការបង្កើត​ការងារ​ឲ្យ​បាន​ពេញលេញ និង​ជម្រុញ​លក្ខខណ្ឌ​នៃ​ការរីកចំរើន​សេដ្ឋកិច្ចសង្គម និង​ការអភិវឌ្ឍន៍​។
​កម្ពុជា​នឹងចូលរួម​ជំរុញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អន្តរជាតិ និង​វិស័យ​អប់រំ និង​ការចូលរួម​ជំរុញ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ សុខាភិបាល​សង្គម រួម​និង​ការគោរព​ជាស​កល​ចំពោះ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​។

​គួរ​បញ្ជាក់ថា ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម គឺជា​សាខា​មួយ នៃ​សាខា​ទាំង​៦ របស់​អង្គការសហប្រជាជាតិ ដែលមាន​តួនាទី​ពិភាក្សា​លើ​វិស័យ​អភិវឌ្ឍន៍​ក្នុងការ​ទ្រទ្រង់​ដំណើរការ​សន្តិភាព​។​

​ក្រុមប្រឹក្សា​នេះ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៤៥ ស្របពេល​ការបង្កើត​អង្គការសហប្រជាជាតិ​តែម្ដង​។ ប៉ុន្ដែ​ក្រោយ​សង្គ្រាមលោកលើកទី​២ ការងារ​អាទិភាព​រប​ស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម គឺ​ធ្វើយ៉ាងណា​ធានា​ឲ្យ​មាន​ប្រសិទ្ធភាព​សង្គម និង​កម្រិតជីវភាព​ឲ្យ​កាន់តែ​ប្រសើរឡើង​ចំពោះ​ប្រជាជន​ពិភពលោក ហើយក៏​មិន​អើពើ ឬ​រើសអើង​ទៅលើ​នរណាម្នាក់​ដែរ​។ ក្រុមប្រឹក្សា​នេះ មាន​គោលដៅ​ជ្រោមជ្រែង​ឲ្យ​បានសម្រេច​នូវ​គោលដៅ​សហស្សវត្ស​អភិវឌ្ឍ​ដោយ​ចិ​រ​ភាព និង​សហប្រតិបត្តិ​ការអភិវឌ្ឍ​៕