NATO ធ្វើ​សមយុទ្ធ​យោធា​ប្រឆាំង​នាវាមុជទឹក​នៅ​ភាគ​ខាងជើង​ប្រទេស Norway
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2018 ក+ ក-

​ណា​តូ ៖ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិច​ខាងជើង​ឬ NATO ចាប់ផ្ដើម​សមយុទ្ធ​យោធា​ប្រឆាំង​នាវាមុជទឹក​នៅ​ភាគ​ខាងជើង​ប្រទេស Norway មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីកន្លែង​ដែល​ប្រទេស រុស្ស៊ី ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ដែល​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ ។ ចំណែក​សមយុទ្ធ​របស់ Norway មាន​គោលដៅ​បង្កើន​សមត្ថភាព​ដេញតាម​នាវាមុជទឹក រុស្ស៊ី ក្នុង​សមុទ្រ​ឆ្ងាយ​ពី​ឧបទ្វីប Kola ជា​សមយុទ្ធ​មាន​រហស្សនាម​ថា Dynamic Mongoose ឬ ចលនា​សត្វ​ស្កា គឺជា​ការហ្វឹកហ្វឺន​ប្រចាំឆ្នាំ​របស់ NATO ចាប់ផ្ដើម​កាលពី​ថ្ងៃ ច័ន្ទ នឹង​បន្ត​រហូតដល់​ថ្ងៃទី 6 ក​ក្កា ។

Dynamic Mongoose ឬ ចលនា​សត្វ​ស្កា ចូលរួម​ដោយ​នាវា​ប្រយុទ្ធ យន្តហោះ​តាមដាន​ផ្លូវទឹក នាវាមុជទឹក​ពីរ​គ្រឿង មកពី​ប្រទេស ដា​ណឺ​ម៉ាក អាល្លឺម៉ង់ ប៉ូឡូញ ហុ​ល្លង់ អេស្បាញ ទួរគី អាមេរិក និង​កងកម្លាំង​របស់ ន័​រ​វ៉េ ។ NATO បញ្ជាក់ថា សមយុទ្ធ​នេះ ធ្វើឡើង​ដើម្បី​ផ្ដល់​ឲ្យ​កងកម្លាំង​ដែល​ចូលរួម​នូវ​សមត្ថភាព​ក្នុង​សមរភូមិ​ដែល​ស្មុគស្មាញ បង្កើន​ទំនាក់ទំនង​រវាង​កង​ទ័ព​នៃ​ប្រទេស​ជា​សមាជិក និង​បង្កើន​ប្រសិទ្ធិភាព​ជំនាញ​ប្រឆាំង​នាវាមុជទឹក ។

​ទោះយ៉ាងណា Dynamic Mongoose ឬ ចលនា​សត្វ​ស្កា របស់ NATO តែង​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​ដែនសមុទ្រ​របស​ប្រទេស​ជា​សា​ជិ​ក ប៉ុន្តែ​ក្នុង​ឆ្នាំ 2018 នេះ Dynamic Mongoose ឬ ចលនា​សត្វ​ស្កា ត្រូវបាន​សម្រេច​ធ្វើ​នៅក្បែរ​ទីតាំង​ដែល​កងទ័ពជើងទឹក​ភាគ​ខាងជើង​របស់ រុស្ស៊ី ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​រយៈពេល 10 ឆ្នាំ ។​

​សកម្មភាព​នាវាមុជទឹក​របស់ រុស្ស៊ី កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល 10 ឆ្នាំ​កន្លងទៅនេះ ដោយ​រដ្ឋាភិបាល​ទីក្រុង មូ​ស្គូ បញ្ជូន​នាវាមុជទឹក​នៅ​កាន់​តំបន់​សមុទ្រ​ខាងជើង​កាន់តែច្រើន ហើយ​ធ្វើ​សកម្មភាព​កាន់តែ​យូរ​នៅ​អា​ត្ល​ង់​ទិច​ខាងជើង ពិសេស​ក្រោយពី​កងទ័ពជើងទឹក​ភាគ​ខាងជើង រុស្ស៊ី ធ្វើ​ទំនើបកម្ម​ក្នុងនោះ​មានការ​បន្ថែម​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ជាច្រើន​គ្រឿង ។ បច្ចុប្បន្ន​ប្រទេស រុស្ស៊ី កំពុង​សាងសង់​នាវ​មុជទឹក 13 គ្រឿង​បន្ថែមទៀត ហើយ​មួយចំនួន​សាងសង់​រួចរាល់ និង​កំពុង​សាកល្បង​៕