ផ្លូវដែក​តំលៃ​រាប់ពាន់​លាន​ដុល្លា នឹង​ត​ភ្ជាប់​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2018 ក+ ក-

​ប្រទេស​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បានចាប់ផ្តើម​ធ្វើ​កិច្ចចរចា ដើម្បី​ពិភាក្សា​ពី​មធ្យោបាយ​ត​ភ្ជាប់ និង​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​អន្តរ​កូរ៉េ​។​

​គណៈប្រតិភូ​មកពី​ភាគី​ទាំងពីរ បានចាប់ផ្តើម​ការចរចា ដូចដែល​បានគ្រោង​ទុក នៅ​វិមាន​សន្តិភាព នៅ​ភូមិ​ព្រំប្រទល់ Panmunjom ។ កិច្ចពិភាក្សា​នេះ មាន​គោលបំណង​ដើម្បី​ពិភាក្សា អំពី​ការតភ្ជាប់​ផ្លូវដែក តាម​បណ្តោយ​ច្រករបៀង​ភាគ​ខាងកើត និង​ខាងលិច នៅ​ទូទាំងប្រទេស​កូរ៉េ​ទាំងពីរ និង​ការធ្វើ​ទំនើបកម្ម​ផ្លូវដែក​របស់​កូរ៉េខាងជើង​។

​ប្រធាន​គណៈប្រតិភូ​កូរ៉េខាងត្បូង និយាយថា លោក​នឹង​ពិភាក្សា​ជាមួយ​ភាគី​កូរ៉េខាងជើង អំពី​បញ្ហា​ចាំបាច់​សម្រាប់​ការតភ្ជាប់​ផ្លូវ​រថភ្លើង​អន្តរ​កូរ៉េ និង​ការធ្វើ​ទំនើបកម្ម​។ លោក​បាន​និយាយថា ទោះបីជា​មានទណ្ឌ​កម្ម​អន្តរជាតិ​ប្រឆាំងនឹង​កូរ៉េខាងជើង លើ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ក៏ដោយ ក៏​ភាគី ទាំងពីរ អាច​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ សម្រាប់​ការតភ្ជាប់​ផ្លូវ​រថភ្លើង​ដែល​អាចធ្វើ​ទៅបាន ។​

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in ជឿជាក់ថា ទីក្រុង​ព្យុងយ៉ាង​មាន​ភាពម៉ឺងម៉ាត់ និង​ធានា​ឱ្យ​កិច្ចពិភាក្សា​នេះ មាន​សកម្មភាព​។ គួរ​បញ្ជាក់ថា ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​របស់លោក​ជាមួយ​លោក​គីម​ជុង​អ៊ុន លោក Moon Jae-in បាន​និយាយថា លោក​បានផ្តល់​ផែនការមេ សម្រាប់​ការដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក ចំនួន 35 ពាន់​លាន​ដុល្លារ​ដែល នឹង​ភ្ជាប់​ទីក្រុង​សេ​អ៊ូ​ល ទៅ​ទីក្រុង​ព្យុងយ៉ាង មុនពេល​ទៅកាន់​បណ្តាញ​ផ្លូវដែក​របស់​កូរ៉េខាងជើង កាន់តែ​ទូលំទូលាយ​រួមទាំង​ការភ្ជាប់​ទៅកាន់​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន​។​